(ខេត្តកំពង់ធំ)៖ កងកម្លាំងក្នុងកិច្ចសហប្រតិបត្តិការគ្រប់គ្រង ការពារ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងតំបន់ព្រៃឡង់ ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ធំ បានទទួលជំនួយឧបត្ថម្ភស្បៀងអាហារ គ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ ប្រេងឥន្ទនះ និងថវិកា អំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់បន្តសកម្មភាពក្នុងកិច្ចសហប្រតិបត្តិការ ការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដែលពិធីនេះប្រព្រឹត្តទៅនៅឃុំមានរិទ្ធិ ស្រុកសណ្ដាន់ ក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ ២០២៤ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងកោតសរសើរចំពោះលទ្ធផលសកម្មភាពការងាររបស់កងកម្លាំងចម្រុះទទួលបានលទ្ធផលល្អ ក្នុងបេសកកម្មបង្ក្រាបបទល្មើសធនធានធម្មជាតិរបស់ខេត្តកំពង់ធំ ពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ និងឯកឧត្តមអភិបាលខេត្តប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំ និងប្រគល់ភារកិច្ច ជូនកងកម្លាំងទាំងបី អាជ្ញាធរដែនដី និងមន្ត្រីសមត្ថកិច្ចជំនាញដែលមានការពាក់ព័ន្ធ ត្រូវទទួលខុសត្រូវខ្ពស់ ក្នុងភារកិច្ចរបស់ខ្លួន ក្នុងការ ការពារ គ្រប់គ្រង និងបង្ក្រាបឲ្យបានជាដាច់ខាត មិនឱ្យកើតមានជាថ្មី នូវរាល់បទល្មើសធនធានធម្មជាតិនៅក្នុងតំបន់ព្រៃឡង់ ដែលយើងទាំងអស់គ្នា កំពុងទទួលខុសត្រូវនៅពេលនេះ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានព្រមានធ្ងន់ៗថា ក្នុងករណីមានសមត្ថកិច្ច ឬកងកម្លាំងប្រដាប់អាវុធណាម្នាក់ មានការឃុបឃិតជាមួយជនល្មើស ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ឬធ្វើសកម្មភាពបំផ្លិចបំផ្លាញធនធានធម្មជាតិ ត្រូវទទួលទោសតាមច្បាប់ ដោយគ្មានការលើកលែងឡើយ ។ ហើយបើក្នុងករណីមានយោធិនណាម្នាក់ចូលរួមក្នុងការប្រព្រឹត្តបទល្មើសនេះ នឹងត្រូវស្នើសុំទៅក្រសួងការពារជាតិ ដើម្បីលុបឈ្មោះចេញពីបញ្ជីក្របខណ្ឌនៃកងយោធពលខេមរភូមិន្ទ ។
នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុនបានប្រគល់នូវបន្ទះសូឡា ដែលមានអំពូលភ្លើង ប្រេងឥន្ធនៈ សម្ភារៈប្រើប្រាស់ និងស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកាមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត តាមរយៈឯកឧត្តមនាយ ឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងជំនួយឧបត្ថម្ភរបស់ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ជូនដល់កងកម្លាំងចំនួន៤គោលដៅ ដែលកំពុងបំពេញភារកិច្ចនៅតំបន់ព្រៃឡង់នៅពេលនេះផងដែរ។ អត្ថបទតំបន់សឹករងកំពង់ធំ