កងរាជអាវុធហត្ថខេត្តព្រះវិហារ ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ពាក់ព័ន្ធការរក្សាទុកនូវសារធាតុញៀន និងដកហូតអាវុធ ៣ដើម រក្សាទុកប្រើប្រាស់ដោយខុសច្បាប់ !

0

ដោយ៖ឡុង សំបូរ
ខេត្តព្រះវិហារ៖ កម្លាំងកងរាជអាវុធហត្ថមូលដ្ឋានស្រុកសង្គមថ្មី នៃខេត្តព្រះវិហារ ដែលដឹកនាំដោយ លោកអនុសេនីយ៍ឯក ស្រី វណ្ណនី ក្រោមបទបញ្ជាយ៉ាងម៉ឹងម៉ាត់ ពីសំណាក់ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ បានចុះបង្ក្រាបករណីរក្សាទុក ការជួញដូរ និងការប្រើប្រាស់នូវសារធាតុញៀន ដោយខុសច្បាប់ និងបានឈានទៅឃាត់ខ្លួនជនសង្ស័យ ៣នាក់ ដកហូតថ្នាំញៀនជាច្រើនកញ្ចប់ អាវុធ ៣ដើម ដាវសាំម៉ូរ៉ៃ ព្រមទាំងសម្ភារៈបំរើឱ្យការប្រើប្រាស់គ្រឿងញៀនជាច្រើនទៀត ផងដែរ។
ប្រតិបត្តិការនោះបានធ្វើឡើងក្នុងរយៈពេល ២ថ្ងៃបន្តបន្ទាប់គ្នា គឺ នៅថ្ងៃទី៩-១០ ខែមិថុនា ឆ្នាំ២០២៤ នៅក្នុងភូមិប្រធាតុ ឃុំចំរើន និង ភូមិសុច ឃុំស្ដៅ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។
យោងរបាយការណ៍របស់ ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃកងរាជអាវុធខេត្តព្រះវិហារ បានបង្ហាញឱ្យដឹងថា នៅក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀននោះ កម្លាំងអាវុធហត្ថមូលដ្ឋានស្រុកសង្គមថ្មី ក្រោយទទួលបានបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ កម្លាំងអាវុធហត្ថមូលដ្ឋាន នៅរយៈពេល ២ថ្ងៃមកនេះ (៩-១០មិថុនា២០២៤) បានចុះស្រាវជ្រាវ និងបង្ក្រាបករណីរក្សាទុក ឬ ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀន ដោយខុសច្បាប់ បានពីរករណី នៅទីតាំងបីដាច់ដោយឡែកពីគ្នា ។
របាយការណ៍ដដែលបានបង្ហាញទៀតថា ការបង្ក្រាបនៅថ្ងៃទី៩មិថុនា២០២៤ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ២នាក់ គឺ ១-ឈ្មោះ អែក សំណាង ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរជាងសិប្បកម្ម រស់នៅភូមិប្រធាតុ ឃុំចំរើន ស្រុកសង្គមថ្មី និង ២-ឈ្មោះ ម៉ី សើម ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរបើកបរត្រាក់ទ័រ រស់នៅភូមិសុច ឃុំស្ដៅ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ និងចាប់យកវត្ថុតាង ម្ស៉ៅក្រាមសថ្លា ៣កញ្ចប់ ម៉ូតូច ១គ្រឿង ទូរស័ព្ទ ២គ្រឿង ដែកកេះ៨ និងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត ផងដែរ។
របាយការណ៍សមត្ថកិច្ច បានបន្តទៀតថា ក្រោយការឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់នោះរួចមក នៅថ្ងៃទី១០មិថុនា២០២៤ កម្លាំងអាវុធហត្ថជំនាញបានបន្តស្រាវជ្រាវ ឆែកឆេរខ្ទមចាំចំការមួយ និងឈានទៅឃាត់ខ្លួនបុរសម្ចាស់ហាងខារ៉ាអូខេម្នាក់ទៀត ឈ្មោះ សោ បុល អាយុ ៥១ឆ្នាំ ស្ថិតនៅភូមិឈូក ឃុំភ្នំត្បែងពីរ ស្រុកគូលែន ។ បុរសដែលជាជនសង្ស័យនោះ រស់នៅ និងមានមុខរបរបើកហាងខារ៉ាអូខេ នៅភូមិក្បាលខ្លា ឃុំត្បែងមួយ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។
របាយការណ៍សមត្ថកិច្ចដដែល បានបន្តថា សមត្ថកិច្ចបានរកឃើញ និងចាប់យកវត្ថុតាង រួមមាន ៖ ម្ស៉ៅក្រាមសថ្លា ១កញ្ចប់ កាំភ្លើងកែច្នៃ ៣ដើម ក្នុងនោះ ម៉ាកកាប៊ីន ២ដើម និងម៉ាក Gricket.Z-1000(GL86) ប្រភេទកាំភ្លើងខ្យល់ ១ដើម គ្រាប់កាំភ្លើង ដាវសាំម៉ូរ៉ៃ ១ដើម និង ម៉ូតូ ១គ្រឿង ។ ដូច្នេះ នៅក្នុងការបង្ក្រាបគ្រឿងញៀន ២ថ្ងៃ កន្លងទៅនេះ សមត្ថកិច្ចអាវុធហត្ថ បានឃាត់ខ្លួនជនសង្ស័យ ៣នាក់ ដកហូតវត្ថុតាងម៉្សៅក្រាមសថ្លា ៤កញ្ចប់តូច ម៉ូតូ ២គ្រឿង ទូរស័ព្ទ ២គ្រឿង ដែកកេះចំនួន៨ កាំភ្លើងកែច្នៃ ៣ដើម គ្រាប់កាំភ្លើង ដាវសាំម៉ូរ៉ៃ ១ដើម និងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត ផងដែរ។
ខណៈនេះជនសង្ស័យទាំង ៣នាក់ រួមទាំងវត្ថុតាងបទល្មើស ត្រូវបានបញ្ជូនមកកាន់ ទីបញ្ជាការកងរាជអាវុធហត្ថខេត្ត និងកម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនអាវុធហត្ថខេត្ត កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តព្រះវិហារ ចាត់ការបន្តតាមនីតិវិធីច្បាប់៕