បន្ទាយមានជ័យ៖ អបអរសាទរ សម្រាប់សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណទទួលបានស្ពានបេតុងថ្មីចំនួន២ កំពុងសាងសង់ជាបណ្តើរៗហើយ លោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ និងក្រុមការងារ បានអញ្ជើញចុះពិនិត្យពីវឌ្ឍនភាពនៃការដ្ឋានសាងសង់ស្ពានបេតុងពីភូមិព្រះពន្លាតភ្ជាប់ទៅភូមិចក ប្រវែង១០៨ម៉ែត្រ ទទឹង១០ម៉ែត្រ នៅសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈឯកឧត្តម កែ គឹមយ៉ាន អ្នកតំណាងរាស្ត្រ មណ្ឌល ខេត្តបន្ទាយមានជ័យ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ការចុះពិនិត្យនេះនៅរសៀលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៤។
ក្នុងការចុះពិនិត្យនោះលោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានមានប្រសាសន៍លើកឡើងថា៖រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របបញ្ចកោណដំណាក់កាលទី១(កំណើន ការងារ សមធម៌ប្រសិទ្ធភាព និងចីរភាព) ព្រមទាំងបានកំណត់អាទិភាពគន្លឹះចំនួន៥គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដែលជាមូលដ្ឋានរៀបចំគោលនយោបាយ និងផែនការយុទ្ធសាស្ត្រតាមវិស័យ ក្នុងគោលដៅអភិវឌ្ឍន៍កម្ពុជាឲ្យក្លាយទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ជាពិសេសដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានទទួលបានហេដ្ឋារចនាសម្ព័ន្ធគ្រប់ទីកន្លែង។
លោក ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានបញ្ជាក់ថា៖ការបន្តចាប់ផ្តើមការសាងសង់ស្ពានបេតុងថ្មីពីភូមិព្រះពន្លាតភ្ជាប់ទៅភូមិចក (ក្រវ៉ាត់ក្រុង ផ្លូវជាតិលេខ៥ ទៅផ្លូវជាតិលេខ៦) ប្រវែង១០៨ម៉ែត្រ ទទឹង១០ម៉ែត្រ ឡើងវិញនាពេលនេះគឺចាប់ពីថ្ងៃទី៥ ខែឧសភាឆ្នាំ២០២៤ អនុវត្តសាងសង់ដោយក្រសួងអភិវឌ្ឍន៍ជនបទ ជាក់ស្ដែងនាពេលនេះកំពុងដំណើរការបានប្រហែលជាង៤០%ហើយ។ម៉្យាងវិញទៀតការសាងសង់ស្ពានបេតុងថ្មីនេះក្រុមការងារបានធ្វើពិនិត្យយ៉ាងម៉ត់ចត់ និងមុឺងម៉ាត់ ដូចជាធ្វើការពិនិត្យទៅលើគុណភាពបេតុង ជាមុនសិនទើបយកទៅប្រើការ។ ទន្ទឹមជាមួយគ្នានេះសម្រាប់ស្ពានទាំងពីរខ្សែនេះគឺមានអត្ថប្រយោជន៍ និងចាំបាច់ណាស់សម្រាប់បងប្អូនប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរឆ្លងកាត់។
គួរបញ្ជាក់ថា៖ សម្រាប់សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណដែលទទួលបានស្ពានបេតុងថ្មី អនុវត្តសាងសង់ដោយក្រសួងអភិវឌ្ឍន៍ជនបទ ចំនួន២៖ ១-ស្ពានចក ពីភូមិព្រះពន្លាតភ្ជាប់ទៅភូមិចក (ក្រវ៉ាត់ក្រុង ផ្លូវជាតិលេខ៥ ទៅផ្លូវជាតិលេខ៦) ប្រវែង១០៨ម៉ែត្រ ទទឹង១០ម៉ែត្រ។២-ស្ពានព្រះពន្លា តភ្ជាប់ពីភូមិ៣ ភូមិ៤ ទៅភូមិព្រៃឫស្សី ក្នុងសង្កាត់ព្រះពន្លា (ផ្លូវជាតិលេខ៥ )ដែលមានប្រវែង៩០ម៉ែត្រ ទទឹង១០ម៉ែត្រ៕ដោយ៖ឃិន គន្ធា