(ប៉ៃលិន)៖ ព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ សាលាក្រុងប៉ៃលិន បានប្រារព្ធពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាក្រុង អាណត្តិទី៤ ចំនួន ១៥រូប ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន ដែលពិធីនេះប្រារព្ធធ្វើឡើងនៅក្នុងបរិវេណសាលាក្រុងប៉ៃលិន និងមានការអញ្ជើញចូលរួមពីសំណាក់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត , ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត ,ឯកឧត្តម សៅ សារ៉ាត់ តំណាងរាស្ត្រមណ្ឌលប៉ៃលិន ,លោកអភិបាលរង នៃគណៈអភិបាលខេត្ត, និងសមាជិកសមាជិកាអាណត្តិថ្មី, ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត, អភិបាលក្រុង/ស្រុក និងអ្នកពាក់ព័ន្ធ ។
លោក លី សុងហ៊ី អភិបាលក្រុងប៉ៃលិន បានមានប្រសាសន៍ថា៖ គណៈអភិបាលក្រុង បានសហការ ល្អជាមួយក្រុមប្រឹក្សាក្រុងប៉ៃលិន អាណត្តិទី៣ ដោយក្នុងរយៈពេល៥ឆ្នាំកន្លងមក សម្រេចបាននូវសមិទ្ធផលធំៗជាច្រើន ។ ជាពិសេស ការអភិវឌ្ឍនក្រុង, ការផ្តល់សេវាសាធារណៈ, ការដោះស្រាយបញ្ហាប្រឈមនានា ,សំណើសំណូមពរ របស់បងប្អូនប្រជាពលរដ្ឋ, ការចាត់វិធានការ ក្នុងការទប់ស្កាត់បទល្មើសផ្សេងៗ និងការលុបបំបាត់នូវរាល់សកម្មភាព អសកម្មមួយចំនួន ដើម្បីធានាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ បានយ៉ាងល្អប្រសើរ ជាបន្តបន្ទាប់ រហូតមកដល់ពេលនេះ ជាពិសេស សូមសម្តែងនូវការចូលរួមអបអរសាទរយ៉ាងក្រៃលែង ចំពោះក្រុមប្រឹក្សាក្រុងប៉ៃលិន អាណត្តិថ្មីនេះផងដែរ។
បន្ទាប់ពីប្រគល់ព្រះរាជក្រឹត្យទទួលស្គាល់ជូនដល់ក្រុមប្រឹក្សាក្រុង អាណត្តិថ្មី និងការឡើងធ្វើការប្តេជាចិត្ត របស់លោកស្រី សាត ណាក់ តំណាងឲ្យសមាជិកសមាជិកាក្រុមប្រឹក្សាក្រុង អាណត្តិថ្មីរួចមក ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ក្រុមប្រឹក្សា គឺជាតំណាងប្រជាពលរដ្ឋក្នុងក្រុងទាំងមូល ដែលមានអំណាចធ្វើសេចក្តីសម្រេចខាងបញ្ញត្តិផង និងអំណាចប្រតិបត្តិផង ក្នុងក្របខណ្ឌ ដែលកំណត់ដោយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ក្នុងការគ្រប់គ្រង ចាត់ចែងកិច្ចការមូលដ្ឋាន ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដូច្នេះត្រូវខិតខំបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ដោយស្មើភាព និងតម្លាភាព ជាពិសេសគឺមិនត្រូវប្រកាន់និន្នាការនយោបាយណាមួយឡើយ។
ឯកឧត្តមទេសរដ្ឋមន្ត្រី ក៍បានស្នើឲ្យសមាជិកក្រុមប្រឹក្សាក្រុង អាណត្តិទី៤នេះ ត្រូវការពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង ឲ្យបានល្អនៅក្នុងក្រុមប្រឹក្សា គណៈអភិបាលក្រុង មន្រ្តីរាជការ និងកងកម្លាំងមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ដោយឈរលើមូលដ្ឋានលើកកម្ពស់ប្រសិទ្ធភាពការងារ ការគោរពច្បាប់ គោលការណ៍នានារបស់រដ្ឋ និងពង្រឹងរបៀបរបបធ្វើការ ដើម្បីលើកកម្ពស់ការ ទទួលខុសត្រូវ ក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួន សំដៅអភិវឌ្ឍមូលដ្ឋាន និងឆ្លើយតបចំពោះតម្រូវការ របស់ប្រជាពលរដ្ឋ គឺធ្វើឲ្យយើងសម្រេចគោលដៅ មូលដ្ឋានមានការអភិវឌ្ឍ និងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ មានការប្រសើរឡើង។ជាមួយគ្នានេះឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន ក៍បានចូលរួមអបអរសាទរចំពោះ ប្រធាន និងសមាជិក សមាជិកា ក្រុមប្រឹក្សាខេត្តអាណត្តិថ្មី ត្រូវបានតំណាងប្រជាពលរដ្ឋ ពោលគឺសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ផ្តល់សេចក្តីទុកចិត្តបោះឆ្នោតជ្រើសរើសជាប្រធាន និងសមាជិកសមាជិកាក្រុមប្រឹក្សាក្រុង សម្រាប់អាណត្តិទី៤នេះ ដើម្បីបន្តចូលរួមដឹកនាំក្រុងប៉ៃលិន ជាមួយគណៈអភិបាលក្រុង បន្តអភិវឌ្ឍន៍រីកចម្រើន កាន់តែប្រសើរឡើងបន្ថែមទៀត៕
អត្ថបទ ភ្នំខៀវ ប៉ៃលិន