កងកម្លាំងចម្រុះ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រស្រុកសន្ទុក ខេត្តកំពង់ធំ ទទួលបានជំនួយឧបត្ថម្ភរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត

0

(ខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារគ្រប់គ្រង និងបង្ក្រាបបទល្មើសធនធានក្នុងភូមិសាស្ត្រខេត្តកំពង់ធំ បានដឹកនាំសហការី នាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈឯកឧត្តមនាយឧត្ដមសេនីយ៍វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទទៅប្រគល់ជូន កងកម្លាំងចម្រុះ ដែលកំពុងសហប្រតិបត្តិការក្នុងភារកិច្ចគ្រប់គ្រង ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិចំនួន ៣គោលដៅ នៅក្នុងភូមិសាស្ត្រស្រុកសន្ទុក ខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្សព្វផ្សាយបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទនិងផែនការប្រើប្រាស់កម្លាំងសរុប វិធានការសរុប ក្នុងការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ  ដែលត្រូវមានវិធានការយ៉ាងម៉ឺងម៉ាត់បំផុតក្នុងការ ការពារទប់ស្កាត់ និងបង្ក្រាបឲ្យបានជាដាច់ខាតនូវរាល់បទល្មើសធនធានធម្មជាតិ មិនឲ្យមានការកើតឡើងជាថ្មី។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរចំពោះកងកម្លាំងប្រដាប់អាវុធទាំងបី មន្ត្រីស្ថាប័នជំនាញ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដែលបានសហការគ្នាល្អ ចូលរួមក្នុងការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងរយៈពេលជាងមួយខែកន្លងទៅនេះ ទទួលបានជោគជ័យ គួរជាទីមោទនៈ ដោយគ្មានការកាប់បំផ្លាញជាថ្មី។ ដោយឡែកចំពោះការកាប់ទន្ទ្រានក្នុងរយៈពេលកន្លងទៅកងកម្លាំងចម្រុះ  និងសមត្ថកិច្ចជំនាញ បាននឹងកំពុងបន្តគ្រប់គ្រង និងស្រាវជ្រាវវែកមុខរកជនល្មើស ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ អនុវត្តតាមនីតិវិធីច្បាប់ជាធរមាន។

នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ភេសជ្ជៈ និងថវិកាមួយចំនួន ដែលជាអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់កងកម្លាំងចម្រុះ ដើម្បីបន្តបម្រើឲ្យសកម្មភាពប្រតិបត្តិការបង្ក្រាបទល្មើសធនធានធម្មជាតិ ឲ្យទទួលបានជោគជ័យថ្មីៗបន្ថែមទៀត។អត្ថបទតំបន់សឹករងកំពង់ធំ