ខេត្តកែប៖ ការជំរុញនិងលើកទឹកចិត្តមានការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ក្នុង ការអប់រំ ស្របតាមពាក្យស្លោក “ភាពជាដៃគូរដ្ឋ និង សហគមន៍ ដើម្បីការអប់រំ” គឺជាកត្តាដ៏សំខាន់ក្នុងការចូលរួមក្នុងកំណែទម្រង់វិស័យអប់រំនៅកម្ពុជា ហើយនេះក៏ជាចំណុចគន្លឹះទាំង៤ ដែលស ម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញ ហើយត្រូវបានក្រសួងអប់រំ យុវជន និងកីឡា ដាក់បញ្ជូលក្នុងស្តង់ដាសាលារៀនគំរូ។
នេះបើតាមប្រសាសន៍របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយបុគ្គលិកអប់រំ នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកែប នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ និងបានការចូលរួមអមដំណើរដោយឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប រួមជាមួយគណៈប្រតិភូជាច្រើនរូបទៀត។
ឯកឧត្តមបណ្ឌិតសភាចារ្យ មានប្រសាសន៍ថា ចំណុចគន្លឹះចំនួន ៤ ដែលសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី បានដាក់ចេញដែលក្នុងនោះរួមមាន៖ ទី១. ការពង្រឹងអភិបាលកិច្ចសាលារៀន ទី២. ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា និង សកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស ទី៣. ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធី អាហារូបត្ថម្ភដល់កុមារ និង ការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន និងទី៤. ការជំរុញ និងលើកទឹកចិត្តមានការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ក្នុង ការអប់រំស្របតាមពាក្យស្លោក “ភាពជាដៃគូរដ្ឋ និង សហគមន៍ ដើម្បីការអប់រំ”។
ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្ដី បានលើកឡើងបន្ថែមថា ដើម្បីកែលម្អការរៀន និងបង្រៀន ត្រូវជំរុញឱ្យមានការធ្វើតេស្ដស្ដង់ដា ដើមឆ្នាំ ចុងឆ្នាំ ក្នុងគោលបំណងជួយសិស្សដែលរៀនយឺត និងជំរុញឱ្យបង្កើតគណៈកម្មការគ្រប់គ្រងសាលារៀន គណៈកម្មការគ្រប់គ្រងថ្នាក់រៀនបន្ថែម និងលើកទឹកចិត្តឱ្យសាលារៀនបង្កើនម៉ោងរៀនបន្ថែមយ៉ាងហោចណាស់ ២ម៉ោងក្នុងមួយថ្ងៃ និងរៀនពេញមួយថ្ងៃ ដោយជំរុញឱ្យមានការចូលរួមគាំទ្រពីមាតាបិតា អាណាព្យាបាល ដើម្បីលើកកម្ពស់លទ្ធផលសិក្សារបស់សិស្ស។
សារជាថ្មីម្តងទៀត ឯកឧត្ដមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីបំណងនៃពិធីសំណេះសំណាលនេះគឺដើម្បីជម្រាបជូនពីអាទិភាពរបស់ក្រសួង គឺកំណែទម្រង់សាលារៀន ការបង្កើតសាលារៀនគំរូ ប្រឡងប្រណាំងប្រកួតប្រជែង ទាំងកម្រិតសាលារៀន និងអ្នកជួយគាំទ្រ ការទទួលស្គាល់ នាយកឆ្នើម គ្រូឆ្នើម និងអ្នកឯកទេសឆ្នើម ដើម្បីលើកទឹកចិត្តដល់ការខិតខំរបស់សាលារៀនក្នុងរយៈពេលកន្លងមកក្រសួងបានទទួលស្គាលគ្រឹះស្ថានសិក្សាចំនួន១២០ ពីមត្តេយ្យ បឋម មធ្យម ទទួលស្គាល់ជាសាលាគំរូ ៕ សេង ណារិទ្ធ