ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ឃាត់ខ្លួនក្មេងទំនើង១២នាក់ ជិះម៉ូតូដេញកាប់គ្នាបង្កអសន្តិសុខតាមដងផ្លូវ ធ្វើអោយប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន មានការភ័យខ្លាច

0

ខេត្តព្រះវិហារ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដែលដឹកនាំដោយ លោកវរសេនីយ៍ឯក គង់ គា បានសហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលស្រុករវៀង ចុះស្រាវជ្រាវបង្ក្រាប និងឃាត់ខ្លួនក្មេងទំនើងពីរក្រុម ដែលជិះម៉ូតូបង្ហោះដេញកាប់គ្នា ប្រដាប់ដោយដាវ កាំបិត និងវាយតប់គ្នានៅតាមដងផ្លូវ យ៉ាងអនាធិបតេយ្យ ដែលជាការរំខានដល់ការរស់នៅ និងបង្កការភ័យខ្លាចពីសំណាក់ប្រជាពលរដ្ឋ ដែលសកម្មភាពនេះ ត្រូវគេចាត់ទុកជាអំពើអសន្តិសុខ នៅក្នុងមូលដ្ឋានមួយយ៉ាងសំខាន់ ដែលញ៉ាំងឱ្យកម្លាំងសមត្ថកិច្ចត្រូវតែបង្ក្រាប នៅក្នុងប្រតិបត្តិការដែលបានធ្វើឡើងនៅយប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតក្នុងឃុំរីករាយ ស្រុករវៀង ខេត្តព្រះវិហារ។

នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាលខេត្តព្រះវិហារ លោកវរសេនីយ៍ឯក គង់ គា បានប្រាប់ឱដឹងនៅថ្ងៃ១២មិថុនានេះ ថា នៅមុនការចុះបង្ក្រាបក្មេងទំនើងទាំង ១២នាក់នោះ គឺ នៅយប់ថ្ងៃទី១០មិថុនា២០២៤ គេបានឃើញក្មេងទំនើង ២ក្រុម មានគ្នា ១៤នាក់ បានដេញវាយតប់គ្នា នៅមុខអនុវិទ្យាល័យរស្មីរីករាយ ស្ថិតក្នុងឃុំរីករាយ ស្រុករវៀង។ ក្រោយពីបាន ឃើញសកម្មភាពបែបនេះ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំរីករាយ បានចុះអន្តរាគមន៍ភ្លាមៗ ប៉ុន្តែ ក្មេងទំនើងទាំងពីរក្រុមនោះបានរត់គេចខ្លួនបាត់ស្រមោល។

លោកវរសេនីយ៍ឯក គង់ គា បានបន្តឱ្យដឹងទៀតថា ក្រោយហេតុការណ៍ដែលបានកើតឡើង និងក្រោយពីទទួលបានបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពី លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ លោកវរសេនីយ៍ឯក បានដឹកនាំកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលខេត្ត ចុះស៊ើបអង្កេត ស្រាវជ្រាវ ដល់កន្លែងកើតហេតុ រហូតឈានដល់ការកំណត់បានមុខសញ្ញា និងឈានទៅឃាត់ខ្លួនក្មេងទំនើង ដែលជាជនសង្ស័យទាំង ២ក្រុមនោះ បានចំនួន ១២នាក់ ក្នុងចំណោម ១៤នាក់ ព្រមទាំងបានដកហូតវត្ថុតាងរួមមាន៖ ម៉ូតូ៧គ្រឿង ដាវ៤ដើម និងកាំបិត ចំនួន២ ផងដែរ។

ខណៈនេះ ជនសង្ស័យទាំង១២នាក់ រួមទាំងវត្ថុតាងដែលដកហូតបាន ត្រូវបានបញ្ជូនមកកាន់ ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលខេត្ត ធ្វើការកាត់សក់វែងចេញ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការខេត្តព្រះវិហារ ចាត់ការជាបន្តតាមនីតិវិធីច្បាប់។

ដោយឡែក ក្មេងទំនើងដែលបានរត់គេចខ្លួននាពេលនោះ កម្លាំងសមត្ថកិច្ច នឹងសហការរួមគ្នា ដើម្បីបើកប្រតិបត្តិការចុះស្រាវជ្រាវរកមុខសញ្ញា ដែលនៅសេសសល់នោះ ចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់ជាធរមាន៕ដោយ៖ឡុង សំបូរ