កំពង់ឆ្នាំង៖យុវជនជាអ្នកជក់និងអ្នកចែកចាយថ្នាំញៀនដ៍សកម្មម្នាក់ ត្រូវបានសមត្ថកិច្ច ពួនស្ទាក់ចាប់ខ្លួនបាន ខណៈរូបគេកំពុងចែកចាយថ្នាំញៀន នៅត្រង់ចំណុចផ្លូវបំបែកក្រោយវត្តក្តីត្នោត ស្ថិតក្នុងភូមិចំការតាម៉ៅ ឃុំស្រែថ្មី ស្រុករលាប្អៀរ។ ករណីបង្ក្រាបគ្រឿង ញៀន នេះបានធ្វើឡើង
នៅវេលាម៉ោង៤និង១៥នាទីល្ងាចថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៤ ។ លោកស្រី មាស សុម៉ាលី នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបាននិយាយអោយដឹងថា៖ យុវជនដែលជាអ្នកចែកចាយថ្នាំញៀនដ៍សកម្មនៅក្នុងក្រុងកំពង់ឆ្នាំងខាងលើនេះមានឈ្មោះ លីម ម៉េងហួរ អាយុ២១ឆ្នាំ រស់នៅ ភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង មុខរបរជាសិស្ស។
មុនពេលកើតហេតុសមត្ថកិច្ចបានតាមដានមុខសញ្ញានេះយ៉ាងប្រកិតៗ ដែលមុនពេលចាប់ខ្លួនគេបានជិះម៉ូតូម៉ាកអាយខុន ពណ៌សក្រហម ពាក់ស្លាកលេខ កំពង់ឆ្នាំង 1C-0023 យកថ្នាំញៀនទៅលក់ចែកចាយអោយម៉ូយរបស់គេនៅចំណុចខាងលើ។នៅពេលនោះសមត្ថកិច្ចដែលកំពុងតាមដានពីក្រោយក៍បានស្ទាក់ចាប់ខ្លួនគេបាន។វត្ថុតាងដែលរឹបអូសបាន
ក្នុងពេលនោះរួមមាន ម៉ូតូ១គ្រឿង ថ្នាំញៀនម៉ាទឹកកក១កញ្ចប់តូច កាំបិតចុងស្រួច២ ទូរស័ព្ទដៃ១គ្រឿង កាតសិស្ស១ និងកាបូប១។ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៤ ជនល្មើសខាងលើនេះ បានទទួលស្គាល់វត្ថុតាងទាំងអស់ ដោយឡែកថ្នាំញៀនម៉ាទឹកកកមួយកញ្ចប់តូចនោះ គេបានបដិសេថថាមិន មែនជារបស់គេទេ។
ប៉ុន្តែសមត្ថកិច្ចបានអះអាងថាបានរកឃើញនៅលើស្មៅក្រោមម៉ូតូ ដែលគេបោះចោលក្នុងពេលម៉ូតូដួលដួលនៅពេលសមត្ថកិច្ចចាប់បានរូបគេ។ជនល្មើសខាងលើនេះមិនព្រមផ្តិតមេដៃនៅក្នុងសំណុំរឿងបទល្មើសចែកចាយគ្រឿងញៀននេះឡើយ។ ទោះបីយ៉ាងនេះក៏ដោយជនល្មើសរួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំ រឿងតាមនីតិវិធី បញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តនៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៤ ដើម្បីអោយតុលាការស្រាវជ្រាវបន្ត និងជំនុំជំរះផ្តន្ទាទោសតាមផ្លូវច្បាប់៕