បន្ទាយមានជ័យ៖ អនុវត្តន៍តាមបទបញ្ជា និងទទួលបានការអនុញាតិដ៏ខ្ពង់ខ្ពង់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោក កែវ តុម ប្រធានក្រុមប្រឹក្សាស្រុក លោក រ័ត្ន ដាសុីណង់ អភិបាល នៃគណអភិបាលស្រុកមង្គលបូរី និងលោក លោកស្រីឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង បានអញ្ជើញជាគណៈអធិបតីក្នុងពិធី ប្រកាសតែងតាំងមុខតំណែង លោកអធិការថ្មី នៃអធិការដ្ឋាននគរបាលស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
លោកវរ:សេនីយ៍ទោ ឌី ទាវ គឺជានាយរងការិយាល័យគ្រប់គ្រងជនបរទេសនៃ ផែនការងារអន្តោប្រវេសន៍ ត្រូវបានតែងតាំងមុខតំណែងជា អធិការនៃអធិការនគរបាលស្រុកមង្គលបូរី ជំនួសលោកវរសេនីយ៍ឯក សុិន ណារ៉ាក់ អតីតអធិការចាស់ ត្រូវបានដាក់ឱ្យចូលនិវត្តន៍ ។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានមានមតិផ្តាំផ្ញើរ និងជម្រុញដល់លោកអធិការដែលទើបចូលកាន់តំណែងថ្មី ត្រូវយកចិត្តទុកដាក់ ដឹកនាំកម្លាំង អនុវត្ត តួនាទី ភារកិច្ច ឲ្យបានល្អ និងត្រូវបន្តវាយតម្លៃលើសភាពការណ៍ក្នុងភូមិសាស្ត្ររបស់ខ្លួន ដើម្បី បង្កា ទប់ស្កាត់ បង្រ្កាប ដល់ឬសគល់ ហើយត្រូវបង្ក្រាបបទល្មើសគ្រប់ប្រភេទ បទល្មើសព្រហ្មទណ្ឌ បទល្មើសជួញដូរគ្រឿងញៀន និងក្មេងទំនើង ដើម្បីធានាឲ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់សាធារណះជូនប្រជាពលរដ្ឋ និងសង្គមជាតិ។
លោកឧត្តមសេនីយ៍ទោស្នងការ បានណែនាំដល់លោកអធិការក៏ដូចជាកម្លាំងនគរបាលទាំងអស់ក្នុងស្រុកមង្គលបូរី- ត្រូវរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុងអង្គភាពឱ្យបានល្អ – ត្រូវពង្រឹងអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ឲ្យកាន់តែផុលផុស និងកាន់តែមានប្រសិទ្ធភាព នៅក្នុងមូលដ្ឋាន -ពង្រឹងសមត្ថភាពមន្ត្រី ឱ្យមានជំនាញឯកទេសស្រាវជ្រាវផ្នែក បច្ចេកទេសវិទ្យាសាស្ត្រ ស្របតាមការរីកចម្រើននៃសម័យបច្ចេកវិទ្យាDigital -បង្ការ ទប់ស្កាត់ និងបង្ក្រាបករណីក្មេងទំនើងឲ្យខានតែបាន ដោយត្រូវធ្វើបច្ចុប្បន្នភាពបញ្ជីគ្រប់គ្រងក្មេងទំនើង ដើម្បីបង្កើនការតាមដានគ្រប់សកម្មភាព និងឈានដល់មានវិធានការបង្ក្រាប វិធានការរដ្ឋបាល វិធានការច្បាប់ឲ្យបានហ្មត់ចត់ ដែលតែងតែបង្កភាពអនាធិបតេយ្យក្នុងមូលដ្ឋាន -ត្រូវពង្រឹងការងារប្រចាំបញ្ជា និងអន្តរាគមន៍ មានវេនប្រចាំការដោយអនុវត្តរបបប្តូរវេន ដើម្បីត្រៀមអន្តរាគមន៍តាមដានសកម្មភាពអាចប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់នគរបាលជាតិ ដោយត្រូវប្រតិកម្មរហ័ស ដើម្បីបកស្រាយជូនសាធារណៈជន -ត្រូវពង្រឹង ការផ្តល់សេវាសាធារណះ មានការធ្វើសៀវភៅគ្រួសារ សៀវភៅស្នាក់នៅ និងការផ្តល់អត្តសញ្ញាណប័ណ ការទទួលបណ្តឹង និងឆ្លើយតបសំណូមពររបស់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព សុក្រឹតភាព និងយុត្តិធម៌៕ដោយ៖ឃិន គន្ធា