សហគមន៍ព្រៃឈើ ត្រពាំងក្បាលខ្មោច បានប្រារព្ធពិធីដាំកូនឈើគ្រប់ប្រភេទចំនួន ១.២៦០ដើម

0

(កំពង់ធំ) ÷ នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤សហគមន៍ព្រៃឈើ ត្រពាំងក្បាលខ្មោច ដែលមានទីតាំងស្ថិតនៅ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ បានធ្វើកម្មវិធី ” គំនិតផ្ដួចផ្ដើមការដាំដើមឈើគ្រប់ប្រភេទឆ្នាំ២០២៤ ក្នុងខេត្តកំពង់ធំ ក្រោមអធិបតីភាព ឯកឧត្ដម អ៊ុន បុត្ត អភិបាលរងខេត្តកំពង់ធំ។  

     លោក មាន មុំ ជាប្រធានសហគមន៍ព្រៃឈើត្រពាំងក្បាលខ្មោចបានលើកឡើងថា សហគមន៍ព្រៃឈើនេះបានបង្កើតឡើងនៅក្នុងឆ្នាំ២០២៣ ហើយមានផ្ទៃដីសរុបចំនួន៩០៩ ហិចតា. ព្រៃសហគមន៍នេះមានដើមឈើតូចធំគ្រប់ប្រភេទ ជាពិសេសគឺមានផ្លែឈើធម្មជាតិ ជាច្រើនមុខសម្រាប់បងប្អូនប្រជាពលរដ្ឋអាស្រ័យផល ទៅតាមរដូវកាល. ហើយនៅក្នុងព្រៃសហគមន៍នេះក៏មានតំបន់លំហែកំសាន្ត សម្រាប់ភ្ញៀវទេសចរណ៍មកទស្សនាសម្រាកលំហែកាយ រៀងរាល់ថ្ងៃផងដែរ។

ឯកឧត្តម អ៊ុន បុត្ត ក៏បានលើកឡើងថា អត្ថប្រយោជន៍របស់ព្រៃឈើ គឺវាជួយគ្រប់គ្រងនៅលំហូរទឹក ស្រូបយកការបោនឌីអុកស៊ីត កាត់បន្ថយផលប៉ះពាល់អវិជ្ជមានពីគ្រោះធម្មជាតិដូចជាទឹកជំនន់ គ្រោះរាំងស្ងួត និងការពារដីចម្រោះបានយ៉ាងល្អ. មិនតែប៉ុណ្ណោះ ព្រៃឈើក៏អាចធ្វើឲ្យសុខមាលភាពប្រជាជន ជីវិតរុក្ខជាតិនិងសត្វ កាន់តែមានភាពល្អប្រសើរឡើង. លើសពីនេះទៅទៀតព្រៃឈើក៏អាចធ្វើជាតំបន់ទេសចរណ៍ធម្មជាតិ ដែលអាចជួយបង្កើននូវប្រាក់ចំណូលដល់សហគមន៍របស់យើងផងដែរ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់កុំបន្តកាប់បំផ្លាញព្រៃឈើនៅក្នុងសហគមន៍នេះ ហើយត្រូវរួមគ្នាថែរក្សា និងការពារឲ្យបានគង់វង្ស យូរអង្វែងសម្រាប់ជាកេរ្តិ៍មរតកដ៏ថ្លៃថ្លាដល់កូនចៅជំនាន់ក្រោយ។ 

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ក៏បានថ្លៃងអំណរគុណទៅដល់ គម្រោងស្ដារឡើងវិញដើម្បីភាពធន់និងការស្ដារសហគមន៍ព្រៃឈើនៅកម្ពុជា របស់អង្គការ FA នឹង FAO   ដែលបានឧបត្ថម្ភ  កូនឈើគ្រប់ប្រភេទចំនួន៦.០០០ដើម សម្រាប់ចែកចាយទៅតាមសហគមន៍ចំនួន៥ដែលក្នុងនោះសហគមន៍ត្រពាំងក្បាលខ្មោច ទទួលបាន១.២៦០ដើម សហគមន៍អូរខ្លាដេក១.២០០ដើម សហគមន៍ឃ្មុំស្រកថ្លុកឫស្សី១.១៥០ដើម សហគមន៍អូរពោងរោង១.១៩០ដើម. សហគមន៍ត្រពាំងរូង១.២០០ដើមដែលនេះជាការរួមចំណែក ក្នុងការបណ្ដុះគំនិតប្រជាពលរដ្ឋឲ្យចេះស្រឡាញ់បរិស្ថានតាមរយៈ ការមិនកាប់ដើមឈើ ប៉ុន្តែថែមទាំងចូលរួមដាំដើមឈើឡើងវិញ ទាំងអស់គ្នា។ អត្ថបទលោក លន សុភា