ខេត្តកែប៖ នៅរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ ស្នងការដ្ឋាននគរបាលខេត្តកែប បានរៀបចំពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពីបទវិន័យនគរបាលជាតិកម្ពុជា ការស្លៀកពាក់ឯកសណ្ឋាន ក្រមសីលធម៌វិជ្ជាជីវៈនគរបាល និងលំហាត់របៀប ជូនដល់មន្ត្រីនគរបាលជាតិដែលសិក្ខាកាម មកពីបណ្តាការិយាល័យជំនាញ អធិការដ្ឋាននគរបាលក្រុង ស្រុក និងប៉ុស្តិ៍រដ្ឋបាល ចំនួន៨៦នាក់ ស្រី៣១នាក់។
វគ្គបណ្តុះបណ្តាលនេះបានប្រព្រឹត្តទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប ដែលមានការអញ្ជើញចូលរួមពីលោក លោកស្រីស្នងការរង នាយការិយាល័យ គ្រូបង្គោល និងសិក្ខាកាម ចំនួន៩៩នាក់។
ឱកាសនោះ លោកឧត្តមសេនីយ៍ទោ ស្នងការ បានមានមតិណែនាំដល់សិក្ខាកាមទាំងអស់ឱ្យយកចិត្តទុកដាក់ខិតខំរៀនសូត្រ និងគោរពវិន័យឲ្យបានភ្ជាប់ខ្ជួននៅក្នុងវគ្គបណ្ដុះបណ្ដាលនេះ។ ទន្ទឹមនោះលោក ស្នងការ ក៏បានបន្តផ្ដាំផ្ញើដល់គ្រូបង្គោលត្រូវយកចិត្តទុកដាក់បង្ហាត់បង្ហាញអំពីលំហាត់របៀប តួនាទីភារកិច្ច ក្រមសីលធម៌វិជ្ជាជីវៈនគរបាលជាតិ ដើម្បីឱ្យសិក្ខាកាមយកចំណេះដឹងនិងបទពិសោធន៍ទាំងនេះទៅអនុវត្តភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវនិងមានការជឿទុកចិត្តពីសហគមន៍នៅតាមមូលដ្ឋាន៕ សេង ណារិទ្ធ ៩