(កំពង់ធំ)÷ លោក សាយ គឹមឡម បានធ្វើការណែនាំដូច្នេះនៅក្នុងឱកាសដែលលោកអភិបាលស្រុកស្ទង់ និងសហការីបានអញ្ជើញចុះសួរសុខទុក្ខ និងត្រួតពិនិត្យមើលការផ្ដល់លំហាត់របៀបជូនប្រជាការពារចំនួន៣ឃុំស្រុកស្ទោងនៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ នៅវត្ដបទុម ឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំ។
ជាមួយគ្នានេះលោក សាយ គឹមឡម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បងប្អូនប្រជាការពារគ្រប់រូប ដែលបានលះបង់ពេលវេលាដ៏មានតម្លៃរបស់ខ្លួន ក្នុងការសហការជាមួយ កងកម្លាំងទាំងបី អាជ្ញាធរមូលដ្ឋានដើម្បីរក្សាសន្តិសុខសុវត្ថិភាពជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងគណៈប្រតិភូ ជាពិសេសមិនថាយប់ ឬថ្ងៃគ្រប់កម្មវិធីតូចធំ។
ជាមួយគ្នានេះដែរលោកវរៈសេនីយ៍ទោ ជឹម រីណា អធិការនៃអធិការដ្ឋាននគរបាលស្រុកស្ទោង បានរាយការណ៍ផងដែរថា ការផ្ដល់លំហាត់របៀបជូនបងប្អូនប្រជាការពារនៅក្នុងឱកាសនេះគឺជាការពង្រឹងនូវឥរិយាបថ និងគុណភាព ប្រសិទ្ធភាពការងាររបស់ប្រជាការពារ ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋព្រមទាំងគណៈប្រតិភូឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។
ទន្ទឹមនឹងនេះលោក សាយ គឹមឡម បានបញ្ជាក់បន្ថែមថា ការយកចិត្តទុកដាក់ដល់ជីវភាពបងប្អូនប្រជាការពារពីថ្នាក់ដឹកនាំគឺជាការ ថ្លែងអំណរគុណ និងលើកទឹកចិត្តព្រមទាំងផ្ដល់កម្លាំងចិត្ត ក្នុងការអនុវត្តកិច្ចការរបស់ពួកគាត់យ៉ាងធំធេងជាមួយអាជ្ញាធរមូលដ្ឋាន យ៉ាងហោចណាស់ក៏ទទួលបាននូវការព្យាបាលដោយឥតគិតថ្លៃមន្ទីរពេទ្យសាធារណៈរបស់រដ្ឋផងដែរ។
សូមបញ្ជាក់ផងដែរថា ស្រុកស្ទោងមានប្រជាការពារសរុប ១,៣៨៣នាក់ ស្រ្តី១១នាក់ ការផ្ដល់លំហាត់របៀបជូនប្រជាការពារនៅក្នុងពេលនេះគឺមានចំនួន១៦០នាក់ មកពីឃុំរុងរឿង៦៣នាក់ ឃុំបន្ទាយស្ទោង៥៥នាក់ និងឃុំព្រះដំរី៤២នាក់ផងដែរ។ អត្ថបទលោក ឆុន ឆេងក្រឹម