ខេត្តកែប៖ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤នេះ នៅសាលាក្រុងកែបបានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងក្រុមប្រឹក្សាក្រុងកែប អាណត្តិទី៤ ដើម្បីរួមសហការបន្តដឹកនាំគ្រប់គ្រងរដ្ឋបាលក្រុង ឱ្យកាន់តែមានភាពរីកចម្រើនលើគ្រប់វិស័យ ពិសេសក្នុងការថែរក្សានៅសុខសន្តិភាព សណ្តាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋានរស់នៅប្រកបដោយសុខសុវត្តិភាព។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតី ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម តំណាងសាលាដំបូងខេត្ត ព្រះរាជអាជ្ញារងលោកជំទាវ ក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត លោកឧត្ដមសេនីយ៍ វរសេនីយ៍ នាយក នាយករងរដ្ឋបាលសាលាខេត្ត សមាជិកក្រុមប្រឹក្សាក្រុងកែប អាណត្តិទី៤ គណៈអភិបាលក្រុងកែប ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ចៅសង្កាត់ មេភូមិ និងមន្ត្រីរាជការចំណុះរដ្ឋបាលក្រុងកែប ផងដែរ។
លោក ឃន វុទ្ធី អភិបាលស្តីទី នៃគណៈអភិបាលក្រុងកែប បានបញ្ជាក់ថា៖ រយៈពេល៥ឆ្នាំ នៃអាណត្តិក្រុមប្រឹក្សាក្រុងកែប អាណត្តិទី៣ រដ្ឋបាលក្រុងកែប បានខិតខំអនុវត្តការងាររបស់ខ្លួន សម្រេចបានលទ្ធផលជាវិជ្ជមាន និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យស្របតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងគោលនយោបាយកំណែទម្រង់វិមជ្ឍការ និងវិសហមជ្ឍការ ប្រាំឆ្នាំកន្លងមកនេះ រដ្ឋបាលក្រុង ធានាបាននូវការគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ស្ថេរភាពនយោបាយ ការផ្តល់សេវាសាធារណៈ ព្រមទាំងបានពង្រឹងភាពជាដៃគូជាមួយវិស័យឯកជន សំដៅរួមចំណែកផែនការអភិវឌ្ឍប្រាំឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល របស់រដ្ឋបាលក្រុង ធានាបាននូវការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
បន្ទាប់ពីស្ដាប់មតិប្ដេជ្ញាចិត្ត របស់ លោក អុិន ស៊ុន ប្រធានក្រុមប្រឹក្សាក្រុងកែប រួចមក ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្ត មានប្រសាសន៍ថា៖ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក គឺជាដំណើរការសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដែលមានគោលបំណង ក្នុងការពង្រឹងដំណើរការលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ឱ្យចាក់គ្រឹះរហូតដល់ថ្នាក់មូលដ្ឋាន រួមទាំងការ ផ្លាស់ប្តូររចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាល រដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការដោយបង្កើតឡើងនូវរដ្ឋបាលឯកភាពដែលមានស្វ័យភាព សិទ្ធិអំណាច និងមុខងារ ធនធានសមស្របដែលបានផ្ទេរឱ្យទៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការផ្តល់សេវាសាធារណៈ និងសេវាសង្គមនានា ដើម្បីឆ្លើយតបទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋ សំដៅកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ក៏បានេជំរុញអោយរដ្ឋបាលក្រុង ត្រូវខិតខំសម្របសម្រួលដល់ការបំពេញការងាររបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង សង្កាត់ ភូមិ ដោយត្រូវយកចិត្តទុកដាក់សម្របសម្រួលរៀបចំវេទិកាសាធារណៈ ដើម្បីផ្តល់ឱកាសជូនប្រជាពលរដ្ឋបានសម្តែងមតិ និងលើកឡើងនូវបញ្ហាប្រឈមនានា។
ដូចនេះ ក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង មន្រ្តីរាជការ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវឈរលើមូលដ្ឋាននៃការលើកកម្ពស់ប្រសិទ្ធភាពការងារ ការគោរពច្បាប់ គោរពគោលការណ៍នានារបស់រដ្ឋ និងពង្រឹងរបៀបរបបធ្វើការ ដើម្បីលើកកម្ពស់ការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មន្រ្តីនៅក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួន សំដៅ អភិវឌ្ឍមូលដ្ឋាន និងឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន៕ សេង ណារិទ្ធ







































