ត្បូងឃ្មុំ: អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ឯកឧត្តម ជាម ច័ន្ទសោភ័ណ បានថ្លែងថា ការអប់រំគឺជាថ្នាលបណ្តុះនៅធនធានមនុស្ស ដែលបម្រើឱ្យសង្គមជាតិរបស់យើងនាពេលអនាគត ។ ថ្លែងបែបនេះក្នុងពិធីបុណ្យសិតព្រះពុទ្ធបដិមាស្ពាន់និងមាស និងសម្ពោធឆ្លងសាលាពុទ្ធិកបឋមសិក្សា១ខ្នង នៅវត្តតេជះសុវណ្ណភូមិ ស្ថិតនៅឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ជាម ច័ន្ទសោភ័ណ បានថ្លែងថា ការកសាងសមិទ្ធិផលហេដ្ឋារចនាសម្ព័ន្ធសាលារៀននេះគឺត្រូវតែមានការលើកកម្ពស់ឱ្យមានការបង្កើតឡើងគ្រប់ទីកន្លែង ដើម្បីធ្វើឱ្យ សមណសិស្ស ក៏ដូចជាសិស្សានុសិស្ស បានធ្វើការសិក្សារៀនសូត្រពេញលេញ ជាក់ស្ដែងសាលាពុទ្ធិកបឋមសិក្សា បានសម្ពោធដាក់ឲ្យប្រើប្រាស់នាពេលនេះ គឺនឹងក្លាយជាទីដ៏មានប្រយោជន៍សម្រាប់បម្រើទាំងវិស័យ សាសនា និងវិស័យអប់រំ ក្នុងខេត្តត្បូងឃ្មុំ។
ជាមួយគ្នានោះ ឯកឧត្តម ជាម ច័ន្ទសោភ័ណ និងលោកជំទាវ ម៉េង វ៉ាន់ដានីន ដោយសទ្ធាជ្រះថ្លា បានចូលរួមប្រគេនដែក៤តោន សម្ភារៈនានា និងបច្ច័យមួយចំនួនផងដែរ ខណៈកន្លងមក ឯកឧត្តម និងលោកជំទាវ ក៏បានចូលរួមជួយកសាងសមិទ្ធិផលនានា ក្នុងទីអារាមនេះផងដែរ ។
គួរបញ្ជាក់ផងដែរថា៖ ព្រះពុទ្ធបដិមាធ្វើអំពីស្ពាន់នេះ មានកំម្ពស់ ២.១ម៉ែត្រ គ្រោងចំណាយថវិការអស់ ៣ម៉ឺនដុល្លា ដែលជាទឹកចិត្តសិទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទទាំងអស់ ព្រមនិងឯកឧត្តម លោកជំទាវ ដែលជាសាសនិកជន ជាអ្នកគោរពស្រឡាញ់ព្រះពុទ្ធសាសនាទាំងអស់ ៕