ខេត្តព្រះវិហារ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានសហការរួមគ្នាជាមួយ កម្លាំងអធិការដ្ឋាននគរបាលស្រុកឆែប និងកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះវិហារ ប្រដេញ និងបើការឡោមព័ទ្ធ ស្ទាក់ឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលបានធ្វើសកម្មភាពលួចម៉ូតូប្រជាពលរដ្ឋទាំងព្រឹកព្រលឹម នៅក្នុងស្រុកឆែប ហើយតាមប្រមាញ់មកចាប់បាននៅក្នុងក្រុងព្រះវិហារ នាវេលាម៉ោងជាង ៩ព្រឹក ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ក្រោមបទបញ្ជាយ៉ាងម៉ឹងម៉ាត់របស់ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ តាមរយៈការអនុវត្តនូវគោលនយោបាយភូមិ ឃុំ-សង្កាត់មានសុវត្ថិភាពរបស់ រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃកម្ពុជា។
នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ លោកវរសេនីយ៍ឯក គង់ គា បានប្រាប់ឱ្យដឹងថា ពិតជាមានករណីចោរកម្មលួចម៉ូតូមួយគ្រឿង ដែលប្រជាពលរដ្ឋចតទុកនៅមុខផ្ទះ នាវេលាម៉ោង៦ និង៤០នាទីព្រឹក ថ្ងៃទី១៤មិថុនា២០២៤ នៅក្នុងភូមិឆែបលិច ឃុំឆែបមួយ ស្រុកឆែប។ ហើយនៅក្រោយហេតុការនោះ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ បានចេញបញ្ជាដោយផ្ទាល់ ដល់កម្លាំងអធិការដ្ឋាននគរបាលទាំង ៧ក្រុង-ស្រុកឱ្យសហការរួមគ្នា ជាពិសេសកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលខេត្ត ត្រូវប្រដេញ និងបង្ក្រាប ដើម្បីចាប់ខ្លួនជនទុច្ចរិតឱ្យខាងតែបានដាច់ខាត។
លោកវរសេនីយ៍ឯក គង់ គា បានបន្តឱ្យដឹងទៀតថា នៅក្នុងប្រតិបត្តិការបង្ក្រាបជនសង្ស័យលួចម៉ូតូប្រជាពលរដ្ឋនោះ ជនសង្ស័យបានជិះម៉ូតូគេចខ្លួនពីស្រុកឆែប ហើយបានបន្តចូលមកក្នុងដែនដីក្រុងព្រះវិហារ ដោយសារកម្លាំងសមត្ថកិច្ច បានប្រដេញយ៉ាងក្រកៀកប្រកិតពេកនោះ ជនសង្ស័យបានជិះម៉ូតូចូលក្នុងផ្ទៃដីបឹង និងបានរុញផ្តួលម៉ូតូចោល រួចរត់គេចចូលទៅក្នុងបឹងឈូក(ស្រះឈូក) ដើម្បីលាក់ខ្លួននៅទីនោះ ខណៈនោះ កម្លាំងសមត្ថកិច្ចបានបើកការឡោមព័ទ្ធ ដោយប្រើពេលអស់ប្រមាណជា ១ម៉ោង ដើម្បីចុះរុករក និងឃាត់ខ្លួនជនសង្ស័យបាន នៅក្នុងទឹកបឹង នៅម៉ោង៩ និង ១០នាទីព្រឹក ថ្ងៃទី១៤មិថុនា២០២៤ នៅចំណុចស្រះឈូក ស្ថិតក្នុងភូមិស្រះឈូក សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។
លោកវរសេនីយ៍ឯក គង់ គា បានបន្តថា ជនសង្ស័យមានឈ្មោះ ជា សុខជីម ប្រុស អាយុ ២៤ឆ្នាំ មុរបរមិនពិតប្រាកដ រស់នៅភូមិវាលចាកខាងកើត ឃុំវាលពង់ ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ។ ចំណែក វត្ថុតាងដែលដកហូតបាន រួមមាន៖ ម៉ូតូហុងដាឌ្រីម C-125 មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះវិហារ 1E-9667 ដែលជាម៉ូតូរបស់ប្រជាពលរដ្ឋនៅក្នុងស្រុកឆែប។
លោកវរសេនីយ៍ឯក គង់ គា បានបញ្ជាក់ថា ក្រោយការឃាត់ខ្លួន ជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនមកកាន់ ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការខេត្ត ចាត់ការជាបន្តតាមនីតិវិធីច្បាប់៕ដោយ៖ឡុង សំបូរ