(ខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានអញ្ជើញអមដំណើរឯកឧត្តម ដៀប ពិរី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ព្រមទាំងប្រតិភូ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ វីរៈយុទ្ធជន យុទ្ធនារី ដែលបានពលីជីវិត ដើម្បីបុព្វហេតុរំដោះជាតិ និងប្រជាជនកម្ពុជាឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុលពត ដែលពិធីនេះប្រព្រឹត្តទៅនៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X១៦ ស្ថិតនៅឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
ឯកឧត្តម ដៀប ពិរី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ រួមជាមួយប្រតិភូ ដែលមានមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបី និងមន្ត្រីរដ្ឋបាលសាលាខេត្ត បាទអញ្ជើញដុតធូប ដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធ ចំពោះវីរៈកម្មាភិបាលយុទ្ធជន យុទ្ធនារី ដែលបានពលីជីវិត ក្នុងសមរភូមិប្រយុទ្ធ ដើម្បីរំដោះជាតិ និងប្រជាជនកម្ពុជា ឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត អៀងសារី ខៀវសំផន ។
នៅក្នុងឱកាសនេះផងដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមមេបញ្ជាការតំបន់ប្រតិបត្តិការសឹករង តំណាងឱ្យនាយទាហាន នាយហានរង និងពលទាហានទាំងអស់ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានថ្លែងនូវការគោរពដឹងគុណ និងចងចាំជានិច្ច ចំពោះគុណបំណាច់ដ៏ធំធេងរបស់វីរៈកម្មាភិបាល យុទ្ធជន យុទ្ធនារី កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋគ្រប់ស្រទាប់ជាន់ថ្នាក់ ដែលបានធ្វើពលីកម្មយ៉ាងអង់អាចក្លាហាន បូជាសាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុជាតិ និងមាតុភូមិនៃយើងឲ្យមានសុខសន្តិភាព និងការឯកភាពជាតិពេញលេញដូចសព្វថ្ងៃនេះ និងសូមបួងសួងដល់វិញ្ញាណក្ខន្ធ កម្មាភិបាល យុទ្ធជន យុទ្ធនារី បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។ អត្ថបទតំបន់សឹករងកំពង់ធំ