ដោយ៖ឡុង សំបូរ
ខេត្តស្ទឹងត្រែង៖ រដ្ឋមន្ត្រីអមនាយក រដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្ទឹងត្រែង លោក ផៃ ប៊ុនឈឿន បានណែនាំក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្តស្ទឹងត្រែង ត្រូវខិតខំពង្រឹងសាមគ្គភាពផ្ទៃក្នុង រួមគ្នាបំរើផលប្រយោជន៍ និងដោះស្រាយកង្វល់ជូនប្រជាពលរដ្ឋ ប្រកបដោយតម្លាភាព ដើម្បីឈានទៅអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែមានភាពរីកចំរើន និងមិនត្រូវប្រកាន់និន្នាការនយោបាយណាមួយនោះឡើយ។
ប្រសាសន៍របស់ លោក ផៃ ប៊ុនឈឿន នៅក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តស្ទឹងត្រែង អាណត្តិទី៤ ដែលប្រារព្ធឡើងនៅសាលាខេត្តស្ទឹងត្រែង នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ដែលមានការអញ្ជើញចូលរួមពី ប្រធានក្រុមប្រឹក្សាខេត្ត លោក ឈាង ឡាក់ អភិបាលខេត្តស្ទឹងត្រែង លោក ស្វាយ សំអ៊ាង សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ធ និងកងកម្លាំងទាំង៣ សរុបប្រមាណ ២៥០នាក់។
លោក ផៃ ប៊ុនឈឿន មានប្រសាសន៍ អបអរសាទរ ចំពោះ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត ត្រូវបានតំណាងប្រជាពលរដ្ឋ ពោល គឺសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ បានផ្តល់សេចក្តីទុកចិត្តបោះឆ្នោតជ្រើសរើស ជាសមាជិកក្រុមប្រឹក្សាខេត្តស្ទឹងត្រែង សម្រាប់អាណត្តិទី៤ នេះ ដើម្បីបន្តចូលរួមដឹកនាំខេត្ត ជាមួយគណៈអភិបាលខេត្តស្ទឹងត្រែង ប្រកបដោយការអភិវឌ្ឍ ។
លោក ផៃ ប៊ុនឈឿន មានប្រសាសន៍ថា «ក្រុមប្រឹក្សាតំណាងប្រជាពលរដ្ឋក្នុងខេត្តទាំងមូល ដែលមានអំណាចធ្វើសេចក្តីសម្រេចខាងបញ្ញត្តិផង និងអំណាចប្រតិបត្តិផង ក្នុងក្របខណ្ឌ ដែលកំណត់ដោយច្បាប់ លិខិតបទដ្ឋានគតិយុត្តជាធរមាន ក្នុងការគ្រប់គ្រង ចាត់ចែងកិច្ចការមូលដ្ឋាន ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
លោក ផៃ ប៊ុនឈឿន បានណែនាំក្រុមប្រឹក្សាទាំងអស់ ក៏ដូចគណៈអភិបាលខេត្តស្ទឹងត្រែង ត្រូវខិតខំបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋក្នុងុមូលដ្ឋាន ដោយស្មើភាព តម្លាភាព គណនេយ្យភាព សមធម៌ និងបរិយាបន្ន ពិសេស គឺមិនត្រូវប្រកាន់និន្នាការនយោបាយណាមួយឡើយ។
ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង អាណត្តិទី៤ លោក ឈាង ឡាក់ បានប្តេជ្ញាថា នឹងគោរពរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ,ចូលរួមថែរក្សាការពារអធិបតេយ្យភាព បូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យបានគង់វង្ស ស្ថិតស្ថេរ ,អនុវត្តតាមច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងច្បាប់ ស្តីពីវិសោធនកម្មនៃច្បាប់នេះ និងបទដ្ឋានគតិយុត្តជាធរមាន របស់រាជរដ្ឋាភិបាលកម្ពុជា ,គោរព និងអនុវត្តតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្តេចធិបតី នាយករដ្ឋមន្ត្រី ,ប្រតិបត្តិដោយភក្តីភាព ស្ម័គ្រស្មោះ ចំពោះរាជរដ្ឋាភិបាល និងប្រជាជនក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងរួមចំណែកពង្រឹងរដ្ឋបាលឯកភាពខេត្ត ដើម្បីម្ចាស់ការ និងការទទួលខុសត្រូវ ក្នុងការគ្រប់គ្រង ចាត់ចែងអនុវត្តមុខងារជាកាតព្វកិច្ច មុខងារជាជម្រើស និងធនធាននានា ទាំងខាងបញ្ញត្តិ និងខាងប្រតិបត្តិ សំដៅលើកកម្ពស់សមត្ថភាព និងការអភិវឌ្ឍស្ថាប័ន ព្រមទាំងការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឱ្យមានតម្លាភាព គណនេយ្យភាព សន្តិភាព សមភាព សមធម៌ និងបរិយាបន្ន ,ពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងក្រុមប្រឹក្សា គណៈអភិបាល បុគ្គលិក ក្រុមប្រឹក្សា និងបង្កើតទំនាក់ទំនងល្អ ជាមួយក្រុមប្រឹក្សាតាមប្រភេទ ព្រមទាំងក្រសួង ស្ថាប័នថ្នាក់ជាតិ និង មន្ទីរ អង្គភាព ក្នុងដែនសមត្ថកិច្ចខេត្ត និងទទួលនូវមតិផ្តាំផ្ញើ និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអធិបតី ដើម្បីយកទៅអនុវត្តឱ្យមានប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព តាមតួនាទី ភារកិច្ច និងការទទួលខុសត្រូវ ដែលរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និងក្រសួងស្ថាប័នថ្នាក់ជាតិបានប្រតិភូកម្ម ផ្ទេរមករដ្ឋបាលថ្នាក់ក្រោមជាតិ ឱ្យសម្រេចបានជោគជ័យ។
ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង លោក ឈាង ឡាក់ បានបញ្ជាក់ ក្នុងក្តីសង្ឃឹមយ៉ាងមុតមាំ ប្រកបដោយភាពជឿជាក់ថា តាមរយៈបទពិសោធន៍ នៃការចាត់ចែងដឹកនាំអនុវត្តការងារទាំងខាងបញ្ញត្តិ និងប្រតិបត្តិរបស់ក្រុមប្រឹក្សាក្នុងអាណត្តិទី៣ កន្លងមក សម្រាប់អាណត្តិទី៤នេះ ក៏នឹងទទួលបាននូវភាពរឹងមាំ និងការទទួលបាន នូវគោលការណ៍ដឹកនាំថ្មីៗ បន្ថែមទៀត ស្របតាមការវិវត្តន៍នៃសភាពការណ៍តំបន់ និងសកលលោក ព្រមទាំងការរីកចម្រើនជាក់ស្តែង នៃសេដ្ឋកិច្ចសង្គម និងក្របខ័ណ្ឌការងាររបស់ប្រទេសជាតិ ៕