លោកជំទាវ ទុយ ជិ ប្រាក់សោភ័ណ៖ «ឈាមមួយតំណក់ៗ ដែលយើងបានបរិច្ចាគពិតជាមានតម្លៃណាស់»

0

សៀមរាប៖លោកជំទាវ ទុយ ជិ ប្រាក់សោភ័ណ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានមានប្រសាសន៍ថា «ឈាមមួយតំណក់ៗ ដែលយើងបានបរិច្ចាគពិតជាមានតម្លៃណាស់»។លោកជំទាវបន្តថា ការបរិច្ចាគឈាម គឺជាទង្វើមនុស្សធម៌ ដែលយើងគ្រប់គ្នាអាចធ្វើបាន និងងាយស្រួលបំផុត។ ការបរិច្ចាគឈាម

មិនត្រឹមតែ មិនធ្វើឱ្យប៉ះពាល់ដល់សុខភាពប៉ុណ្ណោះទេ វាបានផ្ដល់អត្ថប្រយោជន៍ជាច្រើនទៀតផងដូចជា៖
– អាចជួយសង្គ្រោះជីវិតអ្នកដែលត្រូវការឈាមបាន
– កាត់បន្ថយហានិភ័យនៃជំងឺមហារីកនានា
– កាត់បន្ថយកូលេស្តេរ៉ុល និងភាពតានតឹងក្នុងចិត្ត
– កាត់បន្ថយកំហាប់ឈាម និងការលើសជាតិដែក
– ជួយឱ្យប្រសើរឡើងនូវសុខភាពបេះដូង និងកាត់បន្ថយការឡើងទម្ងន់
– ជំរុញការបង្កើតគ្រាប់ឈាមថ្មី
– ជាពិសេសយើងនឹងមានមោទនភាពថា បានរួមចំណែកជាមួយសង្គមជាតិ ក្នុងសកម្មភាពមនុស្សធម៌ ប្រកដោយសុឆន្ទៈ។
ហេតុនេះយើងរួមគ្នា បរិច្ចាគឈាមដើម្បីសង្គ្រោះជីវិត។

លោកជំទាវ ក៏បានឱ្យដឹងផងដែរថា ថ្ងៃនេះជាថ្ងៃដ៏ពិសេសមួយទៀតគឺ ទិវាពិភពលោក នៃអ្នកបរិច្ចាគឈាម ក្រោមប្រធានបទ “ ខួបទី២០ឆ្នាំ នៃការបរិច្ចាគឈាម សូមអរគុណសប្បុរសជនបរិច្ចាគឈាម”។

លោកជំទាវបញ្ជាក់បែបនេះ កាលពីថ្ងៃសុក្រ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤នេះ ក្នុងទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ក្រោមប្រធានបទ “ ខួបទី២០ឆ្នាំ នៃការបរិច្ចាគឈាម សូមអរគុណសប្បុរសជនបរិច្ចាគឈាម” និងដើម្បីអបអរសាទរព្រះរាជពិធីចម្រើនព្រះជន្មវស្សា សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា គម្រប់ខួប៨៨ យាងចូល៨៩ព្រះវស្សា៕