វគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យអង្គភាពថ្នាក់ក្រោមជាតិ ដើម្បីធ្វើ បច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងទិន្នន័យមន្ត្រីក្នុងវិស័យសុខាភិបាល នៅ តាមប៉ុស្តិ៍សុខភាព មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកផ្តល់សេវា សំណុំសកម្មភាពបង្គ្រប់កម្រិត១ និងកម្រិត២

0

(កំពង់ធំ)÷ ឯកឧត្តម ឡុង សារឿន អគ្គនាយក នៃអគ្គនាយកដ្ឋានប្រព័ន្ធគ្រប់គ្រងមន្ត្រីតាមឌីជីថល បានអញ្ជើញបើកនិងបិទវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យអង្គភាពថ្នាក់ក្រោមជាតិ ដើម្បីធ្វើ បច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងទិន្នន័យមន្ត្រីក្នុងវិស័យសុខាភិបាល នៅតាមប៉ុស្តិ៍សុខភាព មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកផ្តល់សេវា សំណុំសកម្មភាពបង្គ្រប់កម្រិត១ និងកម្រិត២ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។

កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម អ៊ុន បុត្ត អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ធំ លោក លោកស្រី អគ្គនាយករង ប្រធាននាយកដ្ឋាន ប្រធានលេខាធិការដ្ឋាន នៃក្រសួងមុខងារសាធារណៈ លោក កើត រ័ត្ន ប្រធានមន្ទីរមុខងារសាធារណៈ ប្រធាន-អនុប្រធានមន្ទីរជុំវិញខេត្ត ប្រធានការិយាល័យសុខាភិបាលក្រុង /ស្រុកប្រតិបត្តិ នៃរាជធានីខេត្ត ប្រធាន អនុប្រធាន មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព ប៉ុស្តិ៍សុខភាព។

នៅក្នុងឱកាសនេះឯកឧត្តម ឡុង សារឿន បានលើកឡើងថា ដោយទទួលបានការអនុញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងទិន្នន័យ មន្ត្រីក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល។ នៅក្នុងកម្មវិធីនយោបាយ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញឯកសារយុទ្ធសាស្ត្រស្តីពីយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព។ ស្នូលនៃយុទ្ធសាស្ត្រ ផ្តោតលើអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋ ឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើប ប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ តាមរយៈ ការអនុវត្តសិទ្ធិអំណាច រដ្ឋ ខាងផ្នែកនយោបាយ សេដ្ឋកិច្ច និងរដ្ឋបាលក្នុងការដឹកនាំ ការគ្រប់គ្រង និង ដំណើរការរដ្ឋបាល សាធារណៈដោយយកចិត្តទុកដាក់លើផលប្រយោជន៍ប្រជាជន។

ឯកឧត្តម ឡុង សារឿន អគ្គនាយក នៃអគ្គនាយកដ្ឋានប្រព័ន្ធគ្រប់គ្រងមន្ត្រីតាមឌីជីថល បានលើកយកគោលការណ៍រាជរដ្ឋាភិបាលបន្តផ្តោតលើកិច្ចការ អាទិភាពចំនួន៥គឺ៖ ១.ការពង្រឹង និងការកែទម្រង់ស្ថាប័ន ដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើការកសាង រដ្ឋបាលសាធារណៈ ដែលមានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និង ស្អាតស្អំ ដើម្បីបម្រើផលប្រយោជន៍ ប្រជាជន។ ២.ការលើកកម្ពស់សមត្ថភាពធនធានមនុស្ស និងការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តការងារ ដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើការកសាងធនធានមនុស្សប្រកបដោយសមត្ថភាព ជំនាញ ឆន្ទៈម្ចាស់ការ និងក្រមសីលធម៌វិជ្ជាជីវៈ ស្របតាមតួនាទី និង ការទទួលខុសត្រូវ។ ៣.ការលើកម្ពស់ និងការពង្រឹងភាពស្អាតស្អំ នៅក្នុងរដ្ឋបាលសាធារណៈ ដែលមានគោល ដៅយុទ្ធសាស្ត្រផ្តោតលើ ការលើកកម្ពស់ និងការពង្រឹង ភាពស្អាតស្អំ ភាពសុចរិត និងជំនឿទុកចិត្ត ចំពោះរដ្ឋបាលសាធារណៈ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយប្រសិទ្ធភាព បរិយាប័ន្ន និងចីរភាព។ ៤. ការលើកកម្ពស់ និងការពង្រឹងប្រសិទ្ធភាពនៃច្បាប់ និងប្រព័ន្ធយុត្តិធម៌ ដែលមានគោល ដៅយុទ្ធសាស្ត្រផ្តោតលើ ការពង្រឹងគោលការណ៍នីតិរដ្ឋ ការពង្រឹងការប្រយុទ្ធប្រឆាំងអំពើបំពានដោយ អយុត្តិធម៌ ក្នុងសង្គម និងការពង្រឹងជំនឿទុកចិត្តពីសាធារណជនមកលើវិស័យយុត្តិធម៌។ ៥.ការពង្រឹងអភិបាលកិច្ចវិស័យឯកជន និងធុរកិច្ច ដែលមានគោលដៅយុទ្ធសាស្ត្រ ផ្តោត លើការពង្រឹងជំនឿទុកចិត្តរបស់តួអង្គពាក់ព័ន្ធ មកលើវិស័យឯកជន និងធុរកិច្ច តាមរយៈការជំរុញ ឱ្យមានអភិបាលកិច្ចល្អក្នុងវិស័យឯកជន និងធុរៈកិច្ច។ អត្ថបទលោក ធូ កែវមុន្នី-ពិនិត្យដោយអ៊ុមញឹប។