លោក ប៉ែន វណ្ណរិទ្ធ បានដឹកនាំមន្ត្រីជំនាញចុះចាក់វ៉ាក់សាំងការពារជំងឺសាទឹកដល់សត្វគោក្របី នៅសង្កាត់ស្រយ៉ូវ បាន៣៥០ក្បាល ជូនដល់ប្រជាកសិករ

0

(កំពង់ធំ)÷នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ លោក ចាន់ បញ្ញវ័ន្ត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត រួមទាំងមន្ត្រីការិយាល័យ និងដោយមានការចូលរួមការសហការពីប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានក្រុង ទទួលបន្ទុកវិស័យសុខភាពសត្វ និងអាជ្ញាធរមូលដ្ឋាន ក៏ដូចជាភ្នាក់ងារសុខភាពសត្វភូមិ បានចុះយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺសារទឹកសត្វគោក្របី ជូនប្រជាកសិករ នៅភូមិរលួស សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

លោក ចាន់ បញ្ញវ័ន្ត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត បានរាយការណ៍ពីសកម្មភាពមួយចំនួនដែលបានចុះយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺសារទឹកដល់សត្វគោក្របី បានជំរុញដល់ប្រជាកសិករដែលជាម្ចាស់សត្វឱ្យនាំយកសត្វគោក្របីមកចាក់វ៉ាក់សាំងការពារជំងឺឆ្លងផ្សេងៗបន្ថែមទៀតនៅពេលក្រុមការងារថ្នាក់ខេត្ត រៀបចំឡើង ការណែនាំពីវិធានការណ៍ ការពារ ទប់ស្កាត់ការឆ្លងជំងឺសត្វ។ ត្រូវពង្រឹងកិច្ចសហការឱ្យបានល្អប្រសើរ នៅពេលដែលមានសត្វឈឺ ឬងាប់ ក្នុងករណីសង្ស័យត្រូវរាយការណ៍ជាបន្ទាន់ទៅកាន់ភ្នាក់ងារសុខភាពសត្វភូមិ និងអាជ្ញាធរមូលដ្ឋានផ្ទាល់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺសត្វឱ្យបានទាន់ពេលវេលា។

ទន្ទឹមនឹងនេះផងដែរលោក ប៉ែន វណ្ណរិទ្ធ បានសំណេះសំណាលជាមួយបងប្អូនប្រជាកសិករដែលមានសត្វគោក្របី ដើម្បីចង់ដឹងពីជំងឺមួយចំនួនដែលកំពុងតែរីករាលដាលជាច្រើននៅក្នុងសហគមន៍។ ពិសេសត្រូវតែយកចិត្តទុកដាក់បំផុតចំពោះទីកន្លែងរស់នៅរបស់សត្វគោក្របី សម្អាតទ្រង់ជាប្រចាំ ឱ្យទឹកនិងស្មៅស៊ីគ្រប់គ្រាន់ ប្រសិនសង្ស័យថាសត្វគោក្របី មានជំងឺសូមផ្ដល់ដំណឹងដល់អាជ្ញាធរមូលដ្ឋានជាបន្ទាន់ កុំឱ្យជំងឺនោះរីករាលដាលទៅសត្វដទៃទៀត។

លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានបង្ហាញពីជាលទ្ធផលក្រុមការងារសម្រេចបាន ក្នុងការចាក់វ៉ាក់សាំងការពារជំងឺដល់គោសរុបចំនួន២០០ក្បាល សត្វក្របីចំនួន១៥០ក្បាល និងបានផ្តល់ជូននូវវ៉ាក់សាំងសារទឹក៥០០កម្រិត និងថ្នាំព្យាបាលមួយចំនួន ដល់មន្ត្រីកសិកម្មក្រុង និងភ្នាក់ងារសុខភាពសត្វភូមិ សម្រាប់ជួយចុះអន្តរាគមន៍ ជូនប្រជាកសិករក្នុងមូលដ្ឋានរបស់គាត់ ដើម្បីកុំឱ្យមានជំងឺឆ្លងទៅសត្វដទៃទៀត។ អត្ថបទលោក ធូ កែវមុន្នី-ពិនិត្យដោយអ៊ុមញឹប។