ខេត្តកែប: រដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកទឹកចិត្តដល់អ្នកវិនិយោគក្នុងស្រុក និងប្រជាពលរដ្ឋ ឲ្យខិតខំកែច្នៃបង្កើតកន្លែងកម្សាន្ត ឬពង្រីកផ្ទៃដីដាំដំណាំផ្សេងៗឲ្យបានច្រើន ព្រោះឯកឧត្តមយល់ថា នៅពេលដែលគម្រោងព្រែកជីកហ្វូណន តេជោ ដំណើរការ អ្វីៗគ្រប់យ៉ាងនៅខេត្តកែបនឹងមានតម្លៃបំផុត ដោយសារអ្នកវិនិយោគ ក៏ជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ និងហូរចូលមកកាន់តែច្រើន។
មានប្រសាសន៍នៅក្នុងដំណើរទស្សនកិច្ច កសិដ្ឋាន SV Ranch ស្ថិតនៅភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប នៅថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០២៤នេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានលើកឡើងថា ការបង្កើតកសិដ្ឋានចិញ្ចឹមគោ និងសេះ SV Ranch ជួយបង្កើនសត្តានុពលទេសចរណ៍ ខេត្តកែបឲ្យកាន់តែសម្បូរបែប ហើយទីតាំងនេះនឹងក្លាយជាកន្លែង សិក្សាពូជគោប្រាម៉ាន់ និងវិធីសាស្ត្របង្កាត់ពូជគោ និងពូជសេះ (អភិរក្សសេះខ្មែរ និងបង្កាត់ពូជសេះអាមេរិក)។
ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា តំបន់នេះជាទីតាំងសមរភូមិសង្គ្រាមកាលពីមុន ប៉ុន្តែឥឡូវទំបន់នេះអភិវឌ្ឍន៍មានផ្លូវស្អាត និងពោពេញដោយដំណាំកសិកម្ម និងមានទេសភាពជួរភ្នំវល្លិ៍គួរឲ្យទាក់ទាញ ។ ជាចក្ខុវិស័យទៅពេលខាងមុខ ការបោះទុនវិនិយោគនៅកសិដ្ឋាននេះ មិនត្រឹមតែបានចំណេញតាមរយៈការ ផលិតសាច់ និងទឹកស្ពែមលក់ប៉ុណ្ណោះទេ ប៉ុន្តែកសិដ្ឋានពិតជាបានជួយលើកកម្ពស់ដល់វិស័យទេសចរណ៍ ពិសេសការរៀបចំរៀបទីលានប្រណាំងសេះ នឹងក្លាយជាកន្លែងទាក់ទាញទេសចរ ឲ្យមកជិះសេះកម្សាន្ត ខណៈដែលខេត្តផ្សេងៗ មិនទាន់មាន។ ឯកឧត្តមបានលើកទឹកចិត្ត ឲ្យម្ចាស់កសិដ្ឋាន អ្នកវិនិយោគក្នុងស្រុក និងប្រជាពលរដ្ឋត្រូវខិតខំប្រឹងប្រែងកែច្នៃបង្កើតកន្លែងកម្សាន្ត បង្កើនការដាំដុះឲ្យបានច្រើន ព្រោះឯកឧត្តមព្យាការណ៍ថា នៅពេលដែលគម្រោងព្រែកជីហ្វូណនតេជោ ដំណើរការអ្នកវិនិយោគ ក៏ជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ និងចូលមកកាន់តែច្រើន ហើយរបស់របរ ដីធ្លី ផលដំណាំនឹងមានតម្លៃបំផុត ។
ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ដែរថា ខេត្តកែបត្រូវបានរាជរដ្ឋាភិបាលកំណត់ជាខេត្តគោលដៅទេសចរណ៍ធម្មជាតិសម្រាកលម្ហែកម្រិតខ្ពស់ ។ ខេត្តកែបជាខេត្តតែមួយគត់ដែលមានឧទ្យានជាតិនៅចំកណ្តាល មានតំបន់ប៉ូលទេសចរណ៍ចំនួន៤ មានតំបន់ក្រុងកែប ភ្នំវល្លិ៍ ឆ្នេរអង្កោល និងនៅតាមទីប្រជុំកោះ ហើយបច្ចុប្បន្នអាជ្ញាធរខេត្តបានខិតខំរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់បានល្អ តភ្ជាប់ពីតំបន់ប៉ូលទេចរណ៍មួយ ទៅមួយ ដែលបង្កភាពងាយស្រួលការធ្វើដំណើររបស់ពលរដ្ឋ និងភ្ញៀវទេសចរ ដែលនេះជាការត្រៀមខ្លួនរបស់រដ្ឋបាលខេត្ត ក្នុងការចាំទទួលនូវសមិទ្ធផលពីគម្រោងព្រែកជីកហ្វូណនតេជោ៕ សេង ណារិទ្ធ