គណៈប្រតិភូសមាជិកក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ អាណត្តិទី៤ អញ្ជើញចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលស្តីពី”សន្និសីទភាពជាអ្នកដឹកនាំ ស្តីពីគ្រួសារសន្តិភាព” នៅខេត្តនគរាជសីមា នៃព្រះរាជាណាចក្រថៃឡង់ 

0

បន្ទាយមានជ័យ៖អង្គការ UPF ឥណ្ឌូចិន បានរៀបចំបើកវគ្គបណ្ដុះបណ្ដាលស្តីពី”សន្និសីទភាពជាអ្នកដឹកនាំ ស្តីពីគ្រួសារសន្តិភាព” ជូនដល់គណៈប្រតិភូសមាជិកក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ អាណត្តិទី៤ និងក្រុមការងារ ដឹកនាំដោយឯកឧត្តម សុវណ្ណ សុភា សមាជិកក្រុមប្រឹក្សាខេត្តតំណាងឲ្យឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពីលោក ហាជីមិ សៃតុ (Hajime Saito) អនុប្រធានសហព័ន្ធសន្តិភាពសកលប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិច និងប្រទេសជប៉ុន លោក បរ៉ា ផាស (PORAPAS) នាយកមជ្ឈមណ្ឌល ឈឹនបូរ ប៉ាក់ឆុង (Cheonbo Pakchong) វគ្គបណ្ដុះបណ្ដាលនេះធ្វើនៅខេត្តនគរាជសីមា នៃព្រះរាជាណាចក្រថៃឡង់ នៅព្រឹកថ្ងៃ១៩ ខែមិថុនា ឆ្នាំ២០២៤ នៅសាលប្រជុំមជ្ឈមណ្ឌល ឈឹនបូរ ប៉ាក់ឆុង (Cheonbo Pakchong)។

លោក ហាជីមិ សៃតុ (Hajime Saito) និងលោក បរ៉ា ផាស (PORAPAS) បានធ្វើការសម្ដែងនិងទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ឯកឧត្តម លោកជំទាវ និងក្រុមការងារ ហើយលោកបានសំដែងនៅសាទរចំពោះឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ដែលទើបនឹងប្រកាសតែងតាំងថ្មី ដែលបានអញ្ជើញដល់ទឹកដីមជ្ឈមណ្ឌល ឈឹនបូរ ប៉ាក់ឆុង (Cheonbo Pakchong) ដែលជាមរតកព្រៃឈើ ដែលមានសត្វព្រៃជាច្រើនប្រភេទ ដែលមានទំហំ៣៥រ៉ៃ ហើយគឺជាទីស្នាក់ការកណ្ដាលមួយសម្រាប់ភ្ញៀវជាតិ.អន្តរជាតិក្នុងការសិក្ខាសាលា និងសម្រាកកំសាន្តជាលក្ខណៈគ្រួសារ។ ជាពិសេសគឺដើម្បីធ្វើការបង្រួបបង្រួមជាមួយជនជាតិដោយមិនរើសអើងពូជសាសន៍ ពណ៌សម្បុរ ក្នុងការជួបជុំគ្នានៅមជ្ឈមណ្ឌលនេះប្រកបដោយភាពស្និទ្ធស្នាល ស្រឡាញ់រាប់អានគ្នា និងលើកទឹកចិត្តស្វាមីភ័ក្រ្ត រវាងគ្នាទៅវិញទៅមក គឺស្រឡាញ់ចំពោះគ្រួសារ មួយនឹងមួយ។

លោក ហាជីមិ សៃតុ (Hajime Saito) បានបន្តថា៖ សម្រាប់រូបលោកផ្ទាល់លោកជាពិតជាមានមោនៈភាពណាស់បានរស់នៅលើទឹកដីប្រទេសកម្ពុជាអស់រយៈពេល២១ឆ្នាំហើយ នឹងជាលើកដំបូងដែលបានសហការណ៍ជាមួយគណៈប្រតិភូខេត្តបន្ទាយមានជ័យ បានដឹកនាំផ្ទាល់មកកាន់ប្រទេសថៃចូលរួមបើកវគ្គបណ្ដុះបណ្ដាលនាពេលនេះ។ជាពិសេសសហការជាមួយអាជ្ញាធរខេត្តបន្ទាយមានជ័យ គឺពេញចិត្តនៅការងារមួយដែលមានទិសដៅដូចគ្នាស្របឆ្ពោះជាមួយគ្នាទៅមុខជានិច្ច។

ឯកឧត្តម សុវណ្ណ សុភា បានមានប្រសាសន៍ពាំនាំនៅប្រសាសន៍សួរសុខទុក្ខរបស់ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្តបន្ទាយមាមនជ័យជូនចំពោះលោក ហាជីមិ សៃតុ (Hajime Saito) និងអបអរសាទរចំពោះតំណែងថ្មីរបស់លោកផងដែរ និងបានថ្លែងអំណរគុណចំពោះលោក បរ៉ា ផាស (PORAPAS)ព្រមភរិយា និងក្រុមការងារដែលបានរៀបចំទទួលបដិសណ្ឋារកិច្ចបានយ៉ាងកក់ក្តៅ។

ជាចុងបញ្ចប់ឯកឧត្តម សុវណ្ណ សុភា សង្ឃឹមនិងជឿជាក់ថា៖ទំនាក់ទំនងល្អរវាងអង្គការ UPF ឥណ្ឌូចិន និងរដ្ឋបាលខេត្តបន្ទាយមានជ័យ និងស្ថិតស្ថេរគង់វង្សយូរអង្វែងតទៅ។ ជាពិសេសជំនួសមុខឲ្យឯកឧត្តម លោកជំទាវគណៈប្រតិភូ សូមគោរពថ្លែងអំណរអរគុណដល់អង្គការ UPF ឥណ្ឌូចិន ដែលបានវគ្គបណ្ដុះបណ្ដាលនៅថ្ងៃនេះជូនដល់ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ អាណត្តិទី៤ផងដែរ។

គូររំលឹកផងដែរថា៖ សម្រាប់វគ្គបណ្ដុះបណ្ដាលស្តីពី”សន្និសីទភាពជាអ្នកដឹកនាំ ស្តីពីគ្រួសារសន្តិភាព” នៅខេត្តនគរាជសីមា នៃព្រះរាជាណាចក្រថៃឡង់នេះ មានរយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃ១៨ ដល់ថ្ងៃ២២ ខែមិថុនា ឆ្នាំ២០២៤ទើបបានបញ្ចប់៕ដោយ៖ឃិន គន្ធា