ខេត្តកំពង់ធំមានផ្ទុះជំងឺសារទឹកលើសត្វក្របី ដែលបណ្តាលឱ្យមានសត្វឈឺចំនួន ៤៧ក្បាល និងងាប់ ចំនួន ១៥ក្បាល

0

(ខេត្តកំពង់ធំ)៖ លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ​បានឱ្យនាល្ងាច​ថ្ងៃ​ទី២០ ខែមិថុនា​ ឆ្នាំ២០២៤នេះថា ក្នុងខេត្តកំពង់ធំមានផ្ទុះជំងឺសារទឹកលើសត្វក្របី ដែលបណ្តាលឱ្យមានសត្វឈឺចំនួន ៤៧ក្បាល និងងាប់ ចំនួន ១៥ក្បាលហើយ ។

លោកប្រធានមន្ទីរកសិកម្ម បានបន្តថា រយះពេល៣ថ្ងៃនេះ​មន្ត្រីជំនាញបានព្យាបាលរួចរាល់ហើយ និងជួយសង្គ្រោះសត្វក្របី​បានទាន់ពេលវេលា​ ហើយបច្ចុប្បន្ននេះស្ថានភាពសត្វក្របី ដែលឈឺទាំងនោះបានធូរ ស្រាលវិញហើយ។ ដោយឡែកមន្ត្រីជំនាញ នៃការិយាល័យផលិតកម្ម និងសុព្យាបាលបានបន្តចាក់វ៉ាក់សាំងសត្វគោ ក្របីសរុបចំនួន ៨៦៣ ក្បាល ក្នុងនោះគោចំនួន ២០០ក្បាល និងក្របីចំនួន ៦៦៣ក្បាល។

លោក ប៉ែន វណ្ណរិទ្ឋិ ប្រធានមន្ទីរបានបន្ថែមថា មន្ទីរកសិកម្ម និងបន្តធ្វើការផ្សព្វផ្សាយវិធានការការពារ និងចាត់មន្ត្រីជំនាញ​ឲ្យចុះតាមដានស្ថានភាពសត្វ នៅតាមមូលដ្ឋានជាប់ជាប្រចាំ ហើយលោកក៏សូមអំពាវនាវដល់​ប្រជាកសិករ​ចិញ្ចឹមសត្វទាំង​អស់ ឱ្យរាយការជាបន្ទាន់ មកភ្នាក់ងារសុខភាពសត្វ ឬអាជ្ញាធរនៅជិត ប្រសិនបើមានករណី​សង្ស័យស​ត្វឈឺឬងាប់ នៅតាមមូលដ្ឋាន ហើយលោកសង្ឃឹមលើស្មារតីចូលរួមសហការពីប្រជាកសិករ អាជ្ញាធរ ជាមួយមន្ទីរកសិកម្ម ដើម្បីសុវត្ថិភាពសត្វពាហនៈ។ អត្ថបទមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ធំ ពិនិត្យដោយលោក ធូ កែវមុន្នី