ខេត្តព្រះវិហារ៖ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ សហការជាមួយ អាវុធហត្ថក្រុងព្រះវិហារ អាវុធហត្ថស្រុកគូលែន និងអាវុធហត្ថស្រុកសង្គមថ្មី បានចុះឃាត់ខ្លួនជនសង្ស័យជួញដូរ និងប្រើប្រាស់គ្រឿងញៀន ៦នាក់ នៅក្នុងប្រតិបត្តិការរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១៩-២០មិថុនា២០២៤ នៅបីទីតាំងផ្សេងគ្នា នៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ។
យោងរបាយការណ៍អាវុធហត្ថខេត្តព្រះវិហារ បានអោយដឹងថា នៅក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀនក្នុងរយៈពេល ២ថ្ងៃ(១៩-២០មិថុនា២០២៤)កន្លងមកនេះ កម្លាំងអាវុធហត្ថខេត្តព្រះវិហារ ក្រុងព្រះវិហារ ស្រុកគូលែន និងស្រុកសង្គមថ្មី ក្រោមកិច្ចសម្របសម្រួលពី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ លោក ទី សុវិនថាល់ និងក្រោមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ កម្លាំងជំនាញអាវុធហត្ថ បានចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន ៦នាក់ ក្នុងនោះ ៤នាក់ ឃាត់ខ្លូននៅម៉ោង ៧ និង៤៥នាទីយប់ ថ្ងៃទី១៩មិថុនា២០២៤ នៅភូមិស្រយង់ត្បូង និងភូមិស្រយង់ជើង ឃុំស្រយង់ ស្រុកគូលែន។
របាយការណ៍ដដែលបានបង្ហាញទៀតថា បុរសសង្ស័យទាំង ៤នាក់ គឺ ១-ឈ្មោះ គង់ ឧត្តម អាយុ ២៤ឆ្នាំ រស់នៅភូមិស្រយង់ត្បូង ឃុំស្រយង់ ,២-ឈ្មោះ ពឿន ឡៃ អាយុ ២៦ឆ្នាំ រស់នៅភូមិស្រយង់ជើង ឃុំស្រយង់ ,៣-ឈ្មោះ ជា រ៉ានី អាយុ ២៩ឆ្នាំ រស់នៅភូមិស្រយង់ជើង ឃុំស្រយង់ និង ៤-ឈ្មោះ កង សំនៀង អាយុ ១៧ឆ្នាំ រស់នៅភូមិស្រយង់ជើង ឃុំស្រយង់ ស្រុកគូលែន។ សមត្ថកិច្ចដកហូតបានវត្ថុតាង ម្សៅក្រាម ស ថ្លា ១២កញ្ចប់ ,ទូរស័ព្ទដៃ ៣គ្រឿង សម្ភារៈប្រើប្រាស់ និងវិចខ្ចប់គ្រឿងញៀនមួយចំនួនទៀត ផងដែរ។
នៅក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀន នៅថ្ងៃទី២០មិថុនា២០២៤ កម្លាំងសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យ ២នាក់ គឺ ១-ឈ្មោះ លូន លួត ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិតាបស់ ឃុំស្ដៅ ស្រុកសង្គមថ្មី ដកហូតវត្ថុតាង ម្ស៉ៅក្រាមសថ្លា (ម៉ាទឹកកក) ៦កញ្ចប់ ,ទូរស័ព្ទ ១គ្រឿង ,កំបិត១ និងដាវ ១ដើម។ ក្រោយទទួលបានចម្លើយពីជនសង្ស័យ លូន លួត កម្លាំងអាវុធហត្ថស្រុកសង្គមថ្មី សហការជាមួយ អាវុធហត្ថក្រុងព្រះវិហារ និងកម្លាំងជំនាញអាវុធហត្ថខេត្តព្រះវិហារ ចុះឃាត់ខ្លួនជនសង្ស័យ ១នាក់ទៀត ឈ្មោះ សុខ តុលា ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិភារកិច្ច សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ និងសមត្ថកិច្ចដកហូតបាន ទូរស័ព្ទ ១គ្រឿង ព្រមទាំងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន ថែមទៀត។
លទ្ធផលនៃប្រតិបត្តិការបង្ក្រាបគ្រឿងញៀនរយៈពេល ២ថ្ងៃ (១៩-២០មិថុនា២០២៤) កម្លាំងកងរាជអាវុធហត្ថខេត្ត ក្រុង និងស្រុក បានសហការរួមគ្នា ឃាត់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀន ៦នាក់ ដកហូតថ្នាំញៀនម្សៅក្រាម ស ថ្លា ១៨កញ្ចប់ ,ទូរស័ព្ទដៃ ៥គ្រឿង,កំបិត១ ,ដាវ ១ដើម ,សម្ភារៈប្រើប្រាស់ និងវិចខ្ចប់គ្រឿងញៀនមួយចំនួនទៀតផងដែរ។
ក្រោយប្រតិបត្តិការ ជនសង្ស័យទាំង ៦នាក់ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនមកកាន់ ទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូង និងអយ្យការខេត្តព្រះវិហារ ចាត់ការតាមនីតិវិធីច្បាប់។
គួររំលឹកថា តុលាការខេត្តព្រះវិហារ នៅល្ងាចថ្ងៃទី២០មិថុនា២០២៤ បានចេញដីការឃុំខ្លួនជនសង្ស័យជួញដូរ និងប្រើប្រាស់គ្រឿងញៀន ប្រុស-ស្រី ៥នាក់ ក្រោមប្រតិបត្តិការចុះបង្ក្រាបរបស់ កម្លាំងអាវុធហត្ថខេត្ត អាវុធហត្ថស្រុកសង្គមថ្មី និងអាវុធហត្ថស្រុករវៀង នៃខេត្តព្រះវិហារ នាម៉ោង ១០ និង៣៥នាទី ថ្ងៃទី១៨មិថុនា២០២៤ នៅចំនុចរំដេង ស្ថិតក្នុងភូមិត្រពាំងទន្ទឹម ឃុំរមទម ស្រុករវៀង។
សមត្ថកិច្ចនៅគ្រានោះ ដកហូតបានវត្ថុតាង ម្ស៉ៅក្រាមសថ្លា (ម៉ាទឹកកក) ២៥កញ្ចប់ ក្នុងនោះ ធំ ៧កញ្ចប់ ,ម៉ូតូ ២គ្រឿង ,ទូរស័ព្ទដៃ ៣គ្រឿង ,ជញ្ជីងថ្លឹងថ្នាំញៀន ១គ្រឿង ,កំបិតផ្គាក់១ ព្រមទាំងសម្ភារ:ប្រើប្រាស់ និងវិចខ្ចប់គ្រឿងញៀនមួយចំនួនទៀត។
ជនសង្ស័យទាំង ៥នាក់ ដែលតុលាការខេត្តព្រះវិហារ សម្រេចឃុំខ្លួន នៅល្ងាចថ្ងៃទី២០មិថុនា ម្សិលមិញនោះ ១-ឈ្មោះ និត កន្ឋិថា ភេទស្រី អាយុ ៤៣ឆ្នាំ ២-ឈ្មោះ សែម ធន ភេទប្រុស អាយុ ៣៩ឆ្នាំ ៣-ឈ្មោះ ប៊ុត អ៊ុតត្រា ភេទប្រុស អាយុ ២១ឆ្នាំ ៤-ឈ្មោះ គង់ ម៉េងលី ហៅទី ភេទប្រុស អាយុ ២៤ឆ្នាំ និង ៥-ឈ្មោះ ចាន់ សេរី ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរកម្មកររ៉ែមាស។ ជនសង្ស័យទាំង ៥នាក់ រស់នៅភូមិត្រពាំងទន្ទឹម ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ៕ដោយ៖ឡុង សំបូរ