(ខេត្តកំពង់ធំ)៖ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ នៅកងរាជអាវុធហត្ថខេត្តកំពង់ធំ បានដំណើរការបើកចែកអាវភ្លៀង អំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់កងរាជអាវុធហត្ថខេត្តដែលពិធីនេះប្រព្រឹត្តទៅស្ថិតក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ ។
លោកឧត្តមសេនីយ៍ត្រី មាស យ៉ត បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជានិច្ចកាលសម្ដេចទាំងទ្វេ តែងតែយកចិត្តទុកដាក់គ្រប់បែបយ៉ាងអំពីសុខទុក្ខ និងជីវភាពរស់នៅរបស់កងរាជអាវុធហត្ថ ពិសេសក្នុងរដូវរងារសម្ដេចបានផ្ដល់អាវភ្លៀង និងក្នុងរដូវភ្លៀងសម្ដេចទាំងទ្វេ បានផ្ដល់អាវភ្លៀង ដើម្បីកម្លាំងកងរាជអាវុធហត្ថខេត្ត និងក្រុមគ្រួសារសម្រាប់ប្រើប្រាស់ជារៀងរាល់ឆ្នាំផងដែរ។
លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ ត្រូវតែស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតដោយប្រជាជន ហើយត្រូវប្តេជ្ញាចិត្តដាច់ខាតក្នុងការការពារសុខសន្តិភាព ដែលយើងកំពុងមានដូចសព្វថ្ងៃនេះ ឱ្យនៅគង់វង្សជារៀងរហូត ដើម្បីប្រទេសជាតិយើងបន្តអភិវឌ្ឍឱ្យមានការរីកចម្រើនរុងរឿងបន្ថែមទៀត ។
គួរបញ្ជាក់ផងដែរថា លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាកាកងរាជអាវុធហត្ថខេត្ត បានធ្វើពិធីបើកចែក អាវភ្លៀងដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងជូនដល់ នាយទាហាន នាយទាហានរង កងរាជអាវុធហត្ថគ្រប់ចំនួន៣៤៣នាក់ ដោយម្នាក់ៗទទួលបានអាវភ្លៀងចំនួន០១ផងដែរ។ អត្ថបទលោក រស់ តឿ ពិនិត្យដោយលោក ធូ កែវមុន្នី