អភិបាលខេត្តកំពង់ចាម បានថ្លែងថា ការងារអត្តសញ្ញាណកម្ម គឺជាការងារដ៏មានសារសំខាន់ និងជាកិច្ចការអាទិភាពមួយក្នុងការចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ

0

កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងថា ការងារអត្តសញ្ញាណកម្ម គឺជាការងារដ៏មានសារសំខាន់ និងជាកិច្ចការអាទិភាពមួយក្នុងការចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ លើគ្រប់វិស័យ។ ថ្លែងបែបនេះក្នុងអង្គសិក្ខាសាលាផ្សព្វផ្សាយច្បាប់ ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម នៅសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ ក្រោមវត្តមានឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៉ឹម ប្រណិតា អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ។

ក្នុងឱកាសនោះដែរ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ការរៀបចំបាននូវប្រព័ន្ធគ្រប់គ្រងអត្តសញ្ញាណកម្មជាតិដែលមានការឆ្លើយតប និង អាចជឿទុកចិត្តបាន គឺជាបុរេលក្ខខណ្ឌដ៏ចាំបាច់មួយមិនអាចខ្វះបាន សម្រាប់ការការពារបុគ្គល គ្រប់រូបឱ្យទទួលបាននូវសិទ្ធិពលរដ្ឋ សង្គម និងសិទ្ធិនយោបាយ ព្រមទាំងសេវាទាំងឡាយដែល បុគ្គលទាំងនោះត្រូវទទួលបាន។

ឯកឧត្ដមអភិបាលខេត្ត បានបន្តថា ការរៀបចំបាននូវប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ឱ្យមានដំណើរការល្អនឹងចូលរួមចំណែកដល់ការលើកកម្ពស់អភិបាលកិច្ចល្អ ពង្រឹងរដ្ឋបាលសាធារណៈ និងលើកកម្ពស់ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។ ទន្ទឹមនោះ យើងអាចទប់ស្កាត់បានអំពើជួញដូរមនុស្សនិងពលកម្មកុមារ ការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង (អនីតិជន) និងធានា បានការចូលរួមបោះឆ្នោតស្របតាមលទ្ធិប្រជាធិបតេយ្យ ជាពិសេសកាត់បន្ថយហានិភ័យសង្គម ការលើកកម្ពស់យុត្តិធម៌ សមធម៌សង្គម សំដៅរួមចំណែករក្សាបាននូវសន្តិភាព សន្តិសុខជាតិ ស្ថិរភាពនយោបាយ និងសុវត្ថិភាពសង្គម។

ជាមួយគ្នានោះ ឯកឧត្ដមអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបញ្ជាក់ថា ការចុះបញ្ជីអត្រានុកូលដ្ឋាននឹងផ្តល់សារសំខាន់ ធំៗចំនួនពីរគឺ (ទី១) ការកំណត់អត្តសញ្ញាណ តាមផ្លូវច្បាប់អំពីព្រឹត្តិការណ៍ជីវិតរបស់បុគ្គលគ្រប់រូប ដែលជាការគាំទ្រដល់ការបង្កើតឯកសារអត្តសញ្ញាណជាតិ និង(ទី២)ការបង្កើតបាននូវ ប្រភពទិន្នន័យតាមតម្រូវការ សម្រាប់ប្រើប្រាស់ក្នុងការវិភាគទាំងឡាយ ទាំងនៅថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ ព្រមទាំងបង្កើតស្ថិតិអត្រានុកូលដ្ឋានផងដែរ ៕