មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ពង្រឹងភារកិច្ចការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ឱ្យមានប្រសិទ្ធភាព 

0

(ខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង បានដឹកនាំកិច្ចប្រជុំ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេបញ្ជាការគ្រប់បណ្ដាកងឯកភាព និងប្រធានក្រុមទីបញ្ជាការស្រាលទាំង១៣ ប្រចាំការបង្ក្រាបបទល្មើសធនធានធម្មជាតិក្នងភូមិសាស្ត្រខេត្តកំពង់ធំ  ដើម្បីពង្រឹងភារកិច្ចក្នុងការគ្រប់គ្រង ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ឲ្យទទួលបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្សព្វផ្សាយនូវបទបញ្ជារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បទបញ្ជារបស់ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងការប្រគល់ភារកិច្ចរបស់ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត ប្រធានគណៈកម្មការការពារគ្រប់គ្រង និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ ជូនដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេបញ្ជាការគ្រប់កងឯកភាព និងប្រធានក្រុមទីបញ្ជាការស្រាលគ្រប់បណ្ដាគោលដៅ ដើម្បីឲ្យបានយល់ជ្រួតជ្រាប បន្ថែមទៀត ក្នុងភារកិច្ចការពារទប់ស្កាត់ និងបង្ក្រាបបទធនធានធម្មជាតិ ឲ្យមានប្រសិទ្ធភាព ដើម្បីរក្សាធនធានធម្មជាតិ ឲ្យនៅគង់វង្ស សម្រាប់កូនចៅយើងនៅជំនាន់ក្រោយៗទៀត។

ឯកឧត្ដមមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្រគល់ភារកិច្ចដល់មេបញ្ជាការគ្រប់បណ្ដាកងឯកភាព ប្រធានទីបញ្ជាការស្រាលទាំង ១៣គោលដៅ របស់យោធិនដែលប្រចាំការនៅតាមគោលដៅនីមួយៗ ត្រូវប្ដេជ្ញាចិត្តដាច់ខាតគោរព និងអនុវត្តឱ្យបានតាមបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដោយត្រូវចូលរួមសហការ និងម្ចាស់ការ ក្នុងការរុករកនិងបង្ក្រាបឲ្យបានជាដាច់ខាតនៅបណ្ដាបទល្មើសធនធានធម្មជាតិ មិនឲ្យកើតមានឡេីងជាថ្មី ដោយត្រូវអនុវត្តដូចភ្លៀងរលឹម  ។  ជាមួយនោះដែរ ត្រូវសហការជាមួយអាជ្ញាធរដែនដី និងស្ថាប័នជំនាញ ដែលមានការពាក់ព័ន្ធ ដើម្បីស្រាវជ្រាវែករកមុខសញ្ញាជនល្មើស  ដែលបានកាប់ទន្ទ្រានព្រៃឈើយកដីរដ្ឋធ្វើជាកម្មសិទ្ធិ ក្នុងរយៈពេលថ្មីៗកន្លងទៅនេះ ដើម្បីចាត់វិធានការកសាងសំណុំរឿងបញ្ជូនទៅតុលាការផ្តន្ទាទោសតាមផ្លូវច្បាប់ជាធរមាន ដោយគ្មានការលើកលែងឡើយ ។

នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្រគល់ថវិកាមួយចំនួនបន្ថែមទៀត ដែលជាអំណោយដ៍ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់ប្រធានក្រុមទីបញ្ជាការស្រាលផ្នែកយោធាទាំង១៣ គោលដៅ នៃការបង្ក្រាបបទល្មើសធនធានធម្មជាតិ ដើម្បីជួសជុលមធ្យោបាយធ្វើដំណើរក្នុងពេលបំពេញភារកច្ច និងដោះស្រាយការលំបាកផ្សេងៗក្នុងពេលបំពេញបេសកកម្ម ដ៏មានសារៈសំខាន់នេះផងដែរ ។ អត្ថបទតំបន់សឹករងកំពង់ធំ