ខេត្តស្ទឹងត្រែង៖ ប្រសាសន៍អំពាវនាវរបស់ អភិបាលខេត្តស្ទឹងត្រែង លោក ស្វាយ សំអ៊ាង បានធ្វើឡើងក្នុងឱកាស អញ្ជើញបើកការដ្ឋានជួសជុលផ្លូវក្រាលកៅស៊ូ ប្រភេទ DBST លើកំណាត់ផ្លូវលេខ៦៤ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចចំការម៉ៃសាក់ ស្ថិតក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។
កំណាត់ផ្លូវលេខ៦៤ ដែលត្រូវបើកការដ្ឋានជួសជុលនៅថ្ងៃនេះ គឺជាផ្លូវក្រាលកៅស៊ូប្រភេទ DBST មានប្រវែង ១ពាន់ម៉ែត្រ ( ១គីឡូម៉ែត្រ) មានផ្ទៃទទឹង ១៨ម៉ែត្រ និងមានផ្ទៃក្រឡា ១ម៉ឺន ៨ពាន់ម៉ែត្រការ៉េ ក្រោមការស្ថាបនារបស់កងវិស្វកម្ម សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្ន ជាប្រធានព្រឹទ្ធសភាកម្ពុជា។
អភិបាលខេត្តស្ទឹងត្រែង លោក ស្វាយ សំអ៊ាង បានថ្លែងថា ការអនុវត្តគម្រោងស្ថាបនាផ្លូវ និងពង្រីកផ្លូវកៅស៊ូ យើងបានធ្វើជាបន្តបន្ទាប់មកហើយ ដោយឡែកនៅឆ្នាំនេះ យើងបន្តស្ថាបនាឱ្យបានភ្ជាប់គ្នាតែម្តង ត្រង់ចន្លោះដែលនៅសេសសល់ ដែលថ្ងៃនេះយើងជួបជុំគ្នា ដើម្បីបើកការដ្ឋានស្ថាបនាកំណាត់ផ្លូវលេខ ៦៤នេះ តាមផែនការដែលបានគ្រោងទុក ដែលជាការឆ្លើយតបទៅនឹងតម្រូវការ របស់ប្រជាជននៅក្នុងមូលដ្ឋាន ក៏ដូចជាការលើកកម្ពស់សោភ័ណភាពក្នុងក្រុងស្ទឹងត្រែង ផងដែរ។
លោកអភិបាលខេត្តស្ទឹងត្រែង ស្វាយ សំអ៊ាង បានបញ្ជាក់ថា ក្រោមសុខសន្តិភាព ប្រទេសជាតិ កាន់តែមានការអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យ ខណៈក្នុងពេលប៉ុន្មានឆ្នាំកន្លងមក ប្រទេសកម្ពុជា បានរងផលប៉ះពាល់ បញ្ហាប្រឈមពីជំងឺកូវីដ-១៩ និងកត្តាប៉ះពាល់ផ្សេងៗទៀតពីខាងក្រៅ ដែលធ្វើឱ្យប៉ះពាល់សេដ្ឋកិច្ចសង្គមមួយផ្នែកធំ។ លោកថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នសម្តេចជាប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីសម្រាប់អាណត្តិថ្មី នីតិកាលទី ៧ នៃរដ្ឋសភា បាននិងកំពុងបន្តជំរុញការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ឆ្ពោះទៅសម្រេចបានគោលដៅកម្ពុជា ឆ្នាំ២០៥០។
លោក ស្វាយ សំអ៊ាង បានបន្ថែមថា ទន្ទឹមនឹងការបើកដំណើរការស្ថាបនាផ្លូវកៅស៊ូ DBST ប្រវែង ១ពាន់ម៉ែត្រ និងមានផ្ទៃទទឹង ១៨ម៉ែត្រនេះ កន្លងទៅថ្មីៗនេះ ខេត្ត ក្រុង និងសង្កាត់ បានអនុវត្តគម្រោងស្ថាបនាផ្លូវបេតុងជាច្រើនខ្សែង ព្រមទាំងការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រព័ន្ធបណ្តាញបង្ហូរ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ ក្រោមជំនួយហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ABD) នៅក្នុងទីរួមក្រុងស្ទឹងត្រែង ផងដែរ។
លោក ស្វាយ សំអ៊ាង បានស្នើដល់ប្រជាពលរដ្ឋទាំងអស់ សូមឱ្យមានការយោគយល់ អធ្យាស្រ័យ និងចូលរួមអភិវឌ្ឍ ស្ថាបនាផ្លូវ ១ខ្សែនេះ ព្រោះត្បិតតែងមានការប៉ះពាល់បន្តិចបន្តួចក្នុងពេលស្ថាបនា ដែលជាតម្រូវការ និងទុកជាប្រយោជន៍ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ហើយត្រូវចូលរួមថែរក្សាផ្លូវនេះ និងសមិទ្ធផល ដែលយើងបានរួមគ្នាអភិវឌ្ឍឡើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់មូលដ្ឋាន។ ជាការពិតហើយ ការអភិវឌ្ឍនៅពុំទាន់បានឆ្លើយតប ឱ្យបានគ្រប់ក្នុងពេលតែមួយបានទេ ដោយធនធានយើងក៏នៅមានកម្រិត តែក៏យើងនៅតែបន្តធ្វើឡើងក្នុងជំហានៗ បន្តបន្ទាប់ទៅមុខទៀត។
លោកអភិបាលខេត្តស្ទឹងត្រែង បានបញ្ជាក់ ពីការជួសជុលផ្លូវលេខ៦៤ ដែលពីមុនមានទទឹងតូចចង្អៀត និងត្រូវបានពង្រីកឱ្យធំទូលាយ ងាយស្រួលក្នុងការធ្វើដំណើរ និងជាការផ្សារភ្ជាប់រវាងទីប្រជុំជន និងជនបទ ជួយសម្រួលដល់ការពង្រីកមុខរបរ និងការងារបង្កបង្កើនផលសម្រាប់បង្កើនប្រាក់ចំណូល ដល់គ្រួសារប្រជាពលរដ្ឋមូលដ្ឋាន ឱ្យកាន់តែប្រសើរ ថែមទៀត៕ ដោយ៖ឡុង សំបូរ