(កំពង់ធំ)÷ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤លោក ពេញ កែម ប្រធានឣនុសាខាកាកបាទក្រហមកម្ពុជា ក្រុងស្ទឹងសែន បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជាសម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគ និងថវិកា របស់ឣនុសាខាកាកបាទក្រហមកម្ពុជាក្រុងស្ទឹងសែន ទៅចែកជូនដល់ស្រ្តីមេម៉ាយ មានជីវភាពខ្វះខាត និងមានកូនក្នុងបន្ទុកចំនួន៣នាក់ ដែលមានទីលំនៅក្នុងភូមិពោធិ៍សែនស្នាយ សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
មានប្រសាសន៍ក្នុងឱកាសនោះលោក ពេញ កែម បានពាំនាំនូវប្រសាសន៍របស់ឯកឧត្តម ងួន រតន: ប្រធានគណ:កម្មាធិការកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ ដែលបានផ្ដាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក ការស្រឡាញ់យ៉ាងជ្រាលជ្រៅជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជានិច្ចកាល ឯកឧត្តម តែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ជនចាស់ជរា ស្រ្តីមេម៉ាយ កុមារកំព្រា អ្នករស់នៅជាមួយមេរោគអេដស៍ ជាពិសេសឯកឧត្តមតែងឆ្លើយតប និងជួយសង្គ្រោះចំពោះគ្រោះមហន្តរាយផ្សេងៗ។
ទន្ទឹមនឹងនោះដែរ លោកប្រធានអនុសាខាកាកបាទក្រហមកម្ពុជាក្រុងស្ទឹងសែន បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នជាប់ជានិច្ចចំពោះ គ្រោះអគ្គិភ័យ គ្រោះធម្មជាតិ ដែលអាចកើតមានឡើងគ្រប់ពេលត្រូវអប់រំកូនចៅឱ្យចៀសសឆ្ងាយពីគ្រឿងញៀន មានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់ចរាចរណ៍ បើកបរត្រូវគោរពច្បាប់ចរាចរណ៍ និងខិតខំបង្កបង្កើនផលដាំដំណាំរួមផ្សំសម្រាប់ទ្រទ្រង់ជីវភាព និងបង្កើនសេដ្ឋកិច្ចគ្រួសារឱ្យកាន់តែប្រសើឡើង ។
គួរបញ្ជាក់ផងដែរថា អំណោយដែលបានផ្តល់ជូនរួមមាន៖ អង្ករ២៥គីឡូក្រាម មី០១កេស ទឹកត្រី០២យួរ ទឹកស៊ីអីវ ២យួរ មុង១ កន្ទេល១ និងថវិកាមួយចំនួនផងដែរ។ អត្ថបទសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ