សៀមរាប: ក្រុមការងារត្រួតពិនិត្យសេវាកម្មទេសចរណ៍របស់នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌នៃអាជ្ញាធរជាតិអប្សរា ជួសជុលពង្រឹងជណ្តើរឈើមានចំនួន៩ទីតាំង ស្ថិតនៅរួតទី២ របស់ប្រាសាទអង្គរវត្ត ដែលរៀបចំធ្វើឡើងសម្រាប់ឱ្យភ្ញៀវទេសចរដើរឡើង-ចុះ ជំនួសឱ្យការជាន់ជណ្តើរថ្មដោយផ្ទាល់ ដើម្បីកាត់បន្ថយសំណឹក និងសុវត្ថិភាពភ្ញៀវទេសចរផង។
ការជណ្តើរឈើទាំងនេះ រងការខូចខាតដោយសារអាកាសធាតុ និងអាយុកាល។ ក្រុមការងារផ្លាស់ប្ដូរផ្នែកដែលខូចខាត ជួសជុលពង្រឹងឱ្យរឹងមាំឡើងវិញ ដោយប្តូរកូនគីង្គក់ និងមេក្រោមរបស់កាំជណ្តើរដែលពុកមួយចំនួន។ ការថែទាំជាប្រចាំនេះ ដើម្បីសោភ័ណភាព និងសុវត្ថិភាពភ្ញៀវទេសចរឡើង-ចុះ ឆ្លងកាត់ទៅទស្សនារួតបាកាន្តរាប់រយនាក់ជារៀងរាល់ថ្ងៃ៕