កំពង់ធំ: ព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ គណៈកម្មាធិការសមាគមន៍អតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានរៀបចំពិធីខួបលើកទី ១៧ ទិវាអតីតយុទ្ធជនកម្ពុជា ថ្ងៃទី២១មិថុនា ឆ្នាំ២០០៧ ថ្ងៃទី២១ មិថុនា ឆ្នាំ២០២៤ ដែលពិធីនេះប្រព្រឹត្តទៅនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ថិតក្រោមអធិបតីភាពឯកឧត្តម ងួន រតនៈ អភិបាលខេត្ត ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានឡើងអានសារលិខិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជាថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០២៤ ដែលជាការដឹងគុណបំណាច់ដ៏ធំធេងចំពោះវីរយុទ្ធជន យុទ្ធនារី នៃកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋគ្រប់ស្រទាប់ជាន់ថ្នាក់ ដែលបានបូជាសាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុជាតិ និងប្រជាជនកម្ពុជា ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានគូសបញ្ជាក់បន្ថែម នូវសារលិខិតរបស់សម្ដេចមហាបវរធិបតី អំពីការគិតគូរយកចិត្តទុកដាក់ខ្ពស់ចំពោះអត្ថប្រយោជន៍សំខាន់ៗ ទាំងកិត្តិយស និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជនកម្ពុជា ពិសេសការលើកទឹកចិត្ត និងការឧបត្ថម្ភសាច់ប្រាក់ ការសាងសង់ផ្ទះសម្បែង ព្រមទាំងការគិតគូរអំពីសុខុមាលភាពចំពោះអតីតយុទ្ធជន ដែលធ្លាប់មានគុណអំណាចចំពោះជាតិ និងមាតុភូមិផងដែរ ។
ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានថ្លែងនូវការគោរពដឹងគុណចំពោះអតីតយុទ្ធជនកម្ពុជា ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ ចូលរួមជាមួយសម្ដេចតេជោ ការពារទប់ស្កាត់ការវិលត្រឡប់មកវិញ នៃរបបប្រល័យពូជសាសន៍ប៉ុលពត និងបានចូលរួមអនុវត្តនូវនយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញដូចសព្វថ្ងៃនេះ ។
នៅក្នុងពិធីខួបលើកទី១៧ ទិវាអតីតយុទ្ធជននៅពេលនេះ ឯកឧត្តម ងួន រតនៈ ប្រធានកិត្តិយស និងឧត្តមសេនីយ៍ទោ សោម ស៊ុនប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានប្រគល់អំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ា ណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនអតីតយុទ្ឋជនចំនួន៦០គ្រួសារ ដែលមានជីវភាពលំបាកខ្វះខាត ដោយក្នុងមួយគ្រួសារទទួលបាននូវ អង្ករចំនួន២៥គីឡូក្រាម មីជាតិចំនួន១កេស ទឹកត្រីទឹកស៊ីអ៊ីវចំនួន២យួរ ត្រីខកំប៉ុងចំនួន១យួរនិងថវិកាមួយចំនួនផងដែរ។