(កំពង់ធំ)÷ ព្រឹកថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២៤លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត និងជាប្រធានគណ:កម្មាធិការមូលដ្ឋាន បានជួបសំណេះសំណាលសាកសួរសុខទុក្ខ និងបើកថវិកាគោលនយោបាយ ឧបត្ថម្ភជូនមន្ត្រីនគរបាលជាតិចូលនិវត្តន៍ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត។
លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាល បានពាំនាំប្រសាសន៍ ផ្តាំផ្ញើសាកសួរសុខទុក្ខ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះមន្ត្រីចូលនិវត្តន៍ និងក្រុមគ្រួសារ នាឱកាសនេះ ដើម្បីបានថវិកាទ្រទ្រង់ជីវភាពគ្រួសារបានមួយកម្រិត។
លោកឧត្តមសេនីយ៍ទោស្នងការនគរបាល បានបន្តទៀតថា ថ្ងៃនេះដែរដោយមានការយកចិត្តទុកដាក់ ពីសំណាក់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ ស្នងការដ្ឋាននគរបាលខេត្តបានបើកថវិកាឧបត្ថម្ភ ជូនមន្ត្រីនគរបាលចូលនិវត្តន៍១៣នាក់ សរុបថវិកា
ចំនួន១១១.៩៤០.០០០រៀល( មួយរយដប់មួយលានប្រាំបួនរយសែសិបពាន់រៀលគត់)។ លោកឧត្ដមសេនីយ៍ បានថ្លែងអំណគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះមន្ត្រីនគរបាលចូលនិវត្តន៍ ដែលរយៈពេលកន្លងមក បងប្អូនយកអស់ កម្លាំងកាយចិត្ត ខិតខំប្រឹងប្រែង អនុវត្តតួនាទី/ភារកិច្ច ប្រកបដោយស្មារតី មានទំនួលខុសត្រូវខ្ពស់ ចូលរួមចំណែកបំពេញបេសកកម្ម ការពារ ថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម រហូតទទួលបានសន្តិភាពពេញលេញនាពេលបច្ចុប្បន្ន។
លោកឧត្តមសេនីយ៍ទោស្នងការ បានស្នើដល់អស់លោក លោកស្រី បន្តចូលរួម ស្រឡាញ់សន្តិភាព ការពារសន្តិភាព អនុវត្តគោលការនានា របស់រាជរដ្ឋាភិបាល ស្របតាមគោលនយោបាយភូមិ/ឃុំ សង្កាត់មានសុវត្ថិភាព ចូលរួមសហការ ជាមួយកងកម្លាំង សមត្ថកិច្ចជំនាញ សំដៅធ្វើយ៉ាងណា បង្ការ ទប់ស្កាត់ លុបបំបាត់បបទល្មើសគ្រប់ប្រភេទ មិនឱ្យកើតមានឡើង ក្នុងលំនៅដ្ឋានរបស់បងប្អូនឡើយ។
ជាចុងក្រោយ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ បានជំរុញនិងលើកទឹកចិត្តដល់មន្ត្រីចូលនិវត្តន៍ទាំងអស់ខិតខំរក្សាសុខភាពឱ្យបានល្អ ហូបឱ្យបានគ្រប់គ្រាន់ និងឧស្សាហ៍ហាត់ប្រាណ ដើម្បីចៀសសវាងកុំឱ្យមានជំងឺផ្សេងៗ ពិសេសគឺខិតខំដាំដំណាំមានគ្រប់ប្រភេទ ក្នុងការដោះស្រាយជីវភាពប្រចាំថ្ងៃផងដែរ។ អត្ថបទស្នងការខេត្តកំពង់ធំ