លោក ម៉ៃ វុន និងព្រះចៅអធិការវត្ត បានចូលរួមដាំកូនឈើគគីរចំនួន៤៧៨ដើម លើផ្ទៃដី៥ហិចតា នៅតំបន់វត្តចាស់(វត្តគិរីវង្ស) 

0

(កំពង់ធំ)÷ នៅព្រឹកថ្ងៃ ២៩ ខែមិថុនាឆ្នាំ ២០២៤លោក ម៉ៃ វុន អភិបាលរងស្រុកប្រាសាទសំបូរ និងសហការី ព្រមទាំងព្រះសង្ឃ គណៈកម្មការ លោកអាចារ្យ ពុទ្ធបរិស័ទ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស សរុប១២៥នាក់ បានចូលរួមដាំកូនឈើ នៅតំបន់វត្តចាស់ (វត្តគីរីវង្ស) ស្ថិតនៅក្នុងភូមិស្អៀរ ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

    លោក ម៉ៃ វុន អភិបាលរងស្រុកប្រាសាទសំបូរ បានសំណូមពរដល់ក្មួយៗ សិស្សានុសិស្ស ត្រូវចេះស្រឡាញ់ព្រៃឈើ ព្រោះយើងមិនអាចរស់នៅដោយគ្មានព្រៃឈើបានទេ។ ការបាត់បង់ព្រៃឈើ ធ្វើឱ្យឡើងកំដៅផែនដី ធ្វើឱ្យមានការហូរច្រោះ និងបាក់ដី មានទឹកជំនន់ ខ្យល់ព្យុះ និងបាត់បង់ជម្រកសត្វព្រៃផងដែរ។

លោក ម៉ៃ វុន បានបន្ថែមទៀតថា ដើម្បីចូលរួមការពារកុំឱ្យមានគ្រោះធម្មជាតិកើតឡើង យើងទាំងអស់គ្នាត្រូវរួមគ្នា ដាំដើមឈើឱ្យបានច្រើន ដើម្បីឱ្យធម្មជាតិស្រស់បំព្រង ទុកឱ្យក្មេងជំនាន់ក្រោយបានស្គាល់ប្រភេទដើមឈើព្រៃ។ សូមឱ្យអ្នកចូលរួមដាំដើមឈើទាំងអស់ការពារថែរក្សាឱ្យបានគង់វង្សជាសម្បត្តិធម្មជាតិ ហើយមួយនាក់ត្រូវតែដាំដើមឈើមួយដើម ឱ្យភូមិដ្ឋានរបស់ខ្លួនពោរពេញទៅដោយបរិយាកាសបរិសុទ្ធល្អ។

សូមបញ្ជាក់ផងដែរថា កូនឈើគគីរចំនួន៤៧៨ដើម ត្រូវបានដាំនៅក្នុងបរិវេណវត្តគីរីវង្សចាស់មានចំនួនផ្ទៃដី៥ហិចតា ដែលជាថវិការបស់ចៅអធិការវត្ត ដែលបានបិណ្ឌបាតពីពុទ្ធបរិស័ទ ដើម្បីយកថវិកាមកទិញដើមឈើដាំនៅក្នុងទីធ្លាវត្តឱ្យមានភាពស្រស់បំព្រង។ អត្ថបទរដ្ឋបាលស្រុកប្រាសាទសំបូរ