ឯកឧត្តម ម៉ៅ សុផាន់ ក្រើនរំលឹកដល់មន្ត្រីក្រុមការងារគណបក្ស និងថ្នាក់ដឹកនាំគណបក្សនៅមូលដ្ឋាន ត្រូវបន្តសកម្មភាពបម្រើផលប្រយោជន៍ ជូនប្រជាជន

0

(ខេត្តកំពង់ធំ)៖ នៅរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤​ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកសណ្ដាន់ បានដំណើរការបើកកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលសកម្មភាពការងាររបស់គណបក្ស ប្រចាំត្រីមាសទី២ ឆ្នាំ២០២៤​ ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅស្ថិតក្រោមអធិបតីភាពឯកឧត្តម  ម៉ៅ សុផាន់ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត និងជាប្រធានក្រុមការងាររបស់គណបក្សចុះមូលដ្ឋានស្រុកសណ្ដាន់ខេត្តកំពង់ធំ។

លោក ស៊ិន វណ្ណវុឌ្ឍ​ ប្រធានគណបក្សស្រុកសណ្ដាន់ បានឡើងរាយការណ៍អំពីលទ្ធផលសកម្មភាពរបស់ក្រុមការងារគណបក្ស និងថ្នាក់ដឹកនាំគណបក្សនៅតាមមូលដ្ឋានស្រុក ឃុំ ភូមិ ក្នុងការបម្រើ និងដោះស្រាយបញ្ហាប្រឈមនានាជូនសមាជិកបក្ស និងជូនប្រជាជន មានដូចជា ការរៀបចំជួសជុល និងកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់ ប្រព័ន្ធអគ្គិសនី ប្រព័ន្ធទឹកស្អាតនៅក្នុងស្រុក សម្រួលដល់ការធ្វើដំណើរ និងជីវភាពរស់នៅរបស់ប្រជាជន ។ ជាមួយនោះបានយកចិត្តទុកដាក់ក្នុងការពង្រឹងសមាជិកគណបក្ស និងការកសាងសមាជិកគណបក្សថ្មីនៅតាមមូលដ្ឋាននីមួយៗ ផងដែរ។

ឯកឧត្តម សោម ស៊ុន សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកសណ្ដាន់ បានឡើងរាយការណ៍អំពីសកម្មភាពរបស់ក្រុមការងារក្នុងការប្រកាសសមាសភាពនៅតាមមូលដ្ឋានឃុំ ភូមិ នីមួយៗ ដើម្បីបម្រើសកម្មភាពគណបក្ស  និងប្រជាជននៅតាមមូលដ្ឋាន ឲ្យមានប្រសិទ្ធភាព ។

ឯកឧត្តម ម៉ៅ សុផាន់ បានប្រគល់ភារកិច្ចដល់ថ្នាក់ដឹកនាំគណបក្សស្រុក  ឃុំ និងក្រុមការងាររបស់គណបក្សចុះមូលដ្ឋានឃុំភូមិ ត្រូវបន្តសកម្មភាពឲ្យដូចភ្លៀងរលឹមក្នុងការបម្រើប្រជាជន និងដោះស្រាយបញ្ហាប្រឈមនានាដែលប្រជាជនជួបការលំបាក ស្របតាមច្បាប់ ។ ព្រមជាមួយនោះ ត្រូវរៀបចំកសាងភូមិ ដែលក្រីក្រ ឱ្យក្លាយទៅជាភូមិ ដែលមានជីវភាពមធ្យម ជាមួយនោះត្រូវរៀបចំគម្រោងស្ថាបនាផ្លូវ ដែលបម្រើឲ្យការដឹកជញ្ជូន និងការធ្វើដំណើរចាំបាច់របស់ប្រជាជន ដើម្បីស្នើសុំទៅរាជរដ្ឋាភិបាល រួមជាមួយក្រុមការងារស្ថាបនាជូនបងប្អូនប្រជាជនយើង​  ហើយ​នៅ​ក្នុង​ឱកាស​នេះ​ផងដែរ​ឯកឧត្ដម​ប្រធាន​បាន​សន្យា​ផ្តល់​កាណូតតូច​ចំនួន​ ២​ គ្រឿង​ ដេីម្បី​ចម្លង​ក្មួយ​ៗសិស្សានុសិស្ស​ ត្រូវ​ឆ្លង​ទឹក​ស្ទឹង​សែន​ ទៅកាន់​សាលា​រៀន​ផងដែរ​។ អត្ថបទតំបន់សឹករងកំពង់ធំ