គ្រឿងញៀនជាងមួយម៉ឺនក្រាមបារីអេឡិចត្រូនិច១៨កេស និង៤៨ប្រអប់ ត្រូវបានកំទេចចោល

0

ប្រភពពីមន្ទីរព័ត៌មាន
សៀមរាប: គ្រឿងញៀនទម្ងន់ជាងមួយម៉ឺនក្រាម(១០,៥៧៦.១១)បារីអេឡិចត្រូនិចគ្រប់ប្រភេទចំនួន១៨កេសធំ និង៤៧ប្រអប់តូច ព្រមទាំងឧបករណ៍កែច្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀន និងវត្ថុតាងផ្សេងៗមួយចំនួនទៀត នៅក្នុងខេត្ដសៀមរាប ត្រូវបានដុតកំទេចចោល ដែលការដុតបំផ្លាញវត្ថុញៀននេះ ធ្វើឡើង ក្នុងពិធីអបអរសាទរទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿង២៦មិថុនា ២០២៤ ក្រោមប្រធានបទ រួមគ្នាវិនិយោគលើការបង្ការ ទប់ស្កាត់ និងលើកកម្ពស់កាអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន នៅថ្ងៃទី៣០ខែមិថុនាឆ្នាំ២០២៤នេះ។ឯកឧត្ដម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ដសៀមរាប មានប្រសាសន៍ថា ដើម្បីអនុវត្តឱ្យបានត្រឹមត្រូវនូវបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល អយ្យការអមសាលា ដំបូងខេត្តសៀមរាប ស្នើរដល់មន្ត្រីអនុវត្តច្បាប់នៅខេត្តសៀមរាប ត្រូវរួមគ្នាចាត់វិធានការឱ្យបានតឹងរ៉ឹង និងម៉ឺងម៉ាត់ជាទីបំផុតក្នុងការបង្ក្រាបករណីជួញដូរ ចែកចាយ ឱ្យដល់ឬសគល់ មេក្លោង បណ្តាញចែកចាយ ដើម្បីលុបបំបាត់ឱ្យអស់គ្រឿងញៀននៅក្នុងសហគមន៍ ធានាបានភូមិ ឃុំមានសុវត្ថិភាព ។ក្នុងនាមស្ថាប័នអនុវត្តច្បាប់ ត្រូចអនុវត្ដន៍ឱ្យបានត្រឹមត្រូវ ប្រកបដោយភាពម៉ឺងម៉ាត់ក្នុងការផ្តន្ទាទោសឧក្រិដ្ឋជនគ្រឿងញៀនឱ្យបានធ្ងន់ធ្ងរ និងយុត្តិធម៌បំផុត ដូចដែលបានអនុវត្តកន្លងមក តាមរយៈការផ្សាយជាសាធារណៈ អំពីចំណាត់ការលើសំណុំរឿងគ្រឿងញៀន និងសំណុំរឿងផ្សេងៗទៀត ដើម្បីបង្ហាញពីតម្លាភាពលើចំណាត់ការ និងការផ្តន្ទាទោសលើសំណុំរឿងទាំងនោះ ។ឯកឧត្ដម បានស្នើរដល់មន្ត្រីអនុវត្តច្បាប់ អាជ្ញាធរមានសមត្ថកិច្ច និងប្រជាពលរដ្ឋបន្ត អនុវត្តនូវទិសស្លោករបស់ប្រមុខរាជរដ្ឋាភិបាល ៣ កុំ ១ រាយការណ៍ គឺកុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំបន្ធូរបន្ថយ និងត្រូវរាយការណ៍ ។

ឯកឧត្ដមបញ្ជាក់ថា គ្រឿងញៀន និងវត្ថុតាងដែលបានសម្រេចរឹបអូសដោយសាលាដំបូង ដែលត្រូវដុតបំផ្លាញចោលនេះមានចំនួន ៤៣ សំណុំរឿង រួមមាន គ្រឿងញៀនសរុបទម្ងន់ ១០,៥៧៦.១១ (មួយម៉ឺនប្រាំរយចិតសិបប្រាំមួយក្បៀសដប់មួយក្រាម) ។ បារីអេឡិចត្រូនិចគ្រប់ប្រភេទចំនួន ១៨កេសធំ និង៤៧ប្រអប់តូច ដែលបានចាប់យកក្នុង ពេលប្រតិបត្តិការបង្ក្រាបគ្រឿងញៀន។ឧបករណ៍កែច្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀន និងវត្ថុតាងផ្សេងៗមួយចំនួនទៀត ។ឯកឧត្ដមបន្ថែមថា កន្លងទៅថ្មីៗនេះ សមត្ថកិច្ចបានធ្វើការបង្ក្រាបគ្រឿងញៀនករណីធំជាលើកទីមួយនៅក្នុងខេត្ដសៀមរាប បានរហូតដល់ទៅជាង ១២០ គីឡូក្រាម ប៉ុន្ដែមិនទាន់ដុតកំទេចចោលនៅឡើយទេ ដោយសារសុំណុំរឿងមិនទាន់បានបញ្ចប់នៅតុលាការនៅឡើយ។លោក ពិន ប្រាកដ អភិបាលរងខេត្ដសៀមរាប បានថ្លែងថា ការវិវត្តរីកចម្រើនស្ទើគ្រប់វិស័យរបស់ខេត្ដនេះ ធ្វើឱ្យជនឱកាសនិយមខិលខូចមួយចំនួនលបលួចចរាចរណ៍នាំចូលនូវគ្រឿងញៀនគ្រប់ប្រភេទ ហើយបានចែកចាយបន្តទៅគោលដៅផ្សេងៗទៀ និងមួយចំណែកមកធ្វើសកម្មភាពចែកចាយដល់សមាសភាពមិនល្អ និងភ្ញៀវទេសចរមួយចំនួននៅតាម បណ្តាក្លឹបកំសាន្ត ភោជនីយដ្ឋាន ផ្ទះសំណាក់ ព្រមទាំងមានការរាលដាលដល់ទីជនបទមួយចំនួនផងដែរ។ ជាមួយនឹងសកម្មភាពចែកចាយ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ទាំងនេះ គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត ដោយមានកងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ បានយកចិត្តទុកដាក់ដាក់ធ្វើសកម្មភាព ស្រាវជ្រាវ បង្ក្រាប ទប់ស្កាត់ និងអប់រំផ្សព្វផ្សាយជាបន្តបន្ទាប់។លោកបន្ដថា រយៈពេល៥ខែឆ្នាំ២០២៤នេះ សមត្ថកិច្ចជំនាញបង្ក្រាបបានចំនួន២៣៨ករណី ឃាត់ខ្លួនមនុស្សចំនួន១៣៩៣ នាក់ ក្នុងនោះ មានករណីជួញដូរ និងរក្សាទុក ១០៣ករណី ឃាត់ខ្លួន ៣០៧នាក់ ករណីប្រើប្រាស់ ១០៥ករណី ឃាត់ខ្លួន១ ០៧៩នាក់ និងអនុវត្តដីកាចំនួន ២០ករណី ឃាត់ខ្លួន ១៧នាក់  ខណៈដែលវិធានការព្យាបាល ស្តារនីតិសម្បទា និងសមាហរណកម្មមជ្ឈមណ្ឌលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនខេត្ត បានទទួលអ្នកញៀនគ្រឿង ញៀនចំនួន ១ ០៤៦នាក់។ឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអាននូវសារលិខិតទាំងស្រុង របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងឱកាសប្រារព្វទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្ងៃទី២៦ខែមិថុនាឆ្នាំ២០២៤ ព្រមទាំងបានលើកនូវខ្លឹមសារនៃការអប់រំ ផ្សព្វផ្សាយ ពីការប្រើប្រាស់ គ្រឿងញៀន គឺបំផ្លាញអនាគតផ្ទាល់ខ្លួន ក្រុមគ្រួសារ និង សង្គមជាតិ ព្រមទាំងការសិក្សា និង ជីវិតស្រស់ថ្លារបស់យុវវ័យ ហើយយុវជនដែលល្អ ចូលរួមគាំទ្រការកំចាត់គ្រឿងញៀន ស្របតាមទស្សនៈវិស័យ ចូលរួមទាំងអស់គ្នា ដើម្បីជីវិតនិងសហគមន៍យើងគ្មានគ្រឿងញៀន ។ ឯកឧត្តម ក៍ផ្តាំផ្ញើរដល់់អង្គភាព ឬ ស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ពង្រឹងតួនាទីនិងភារកិច្ចរបស់ខ្លួន ដើម្បីអនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមដែនសមត្ថកិច្ចរបស់ខ្លួនឱ្យបានជាប្រចាំ និងមានប្រសិទ្ធភាពខ្ពស់។ ទន្ទឹមនោះ ក៏ត្រូវយកចិត្តទុកដាក់ពង្រឹង សមត្ថភាពនិងគុណភាពការងារ ខិតខំរកវិធីសាស្ត្រថ្មីៗឱ្យស្របទៅនឹងបរិបទនៃសម័យឌីជីថលដែលរាជរដ្ឋាភិបាល បាននិងកំពុងពង្រីកនាពេលបច្ចុប្បន្ននេះ។ បន្តមកគណ:អធិបតីបានអញ្ជើញបង្ហោះប៉េងប៉ោងជានិមត្តរូប ព្រមទាំងបានធ្វើការដង្ហែរក្បួនតាមផាសអែបនិង រថយន្ត ទៅដុតបំផ្លាញចោលនូវសារធាតុគ្រឿងញៀន និងវត្ថុតាង នៅកន្លែងដីទំនេរមុខសាលាខេត្តសៀមរាបផងដែរ៕