ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការគ្រប់គ្រង ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ខេត្តកំពង់ធំ បានដឹកនាំសហការីនៃកងកម្លាំងចម្រុះ ត្រួតពិនិត្យភូមិសាស្ត្រតំបន់៣ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ជាប់ព្រំប្រទល់ខេត្តកំពង់ឆ្នាំង និងនាំយកអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ទៅប្រគល់ជូនកងកម្លាំងចម្រុះ ដែលកំពុងសហប្រតិបត្តិការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងតំបន់៣ តំបន់គោកព្រះស្ថិតក្នុងព្រំប្រទល់ខេត្តកំពង់ធំ និងខេត្តកំពង់ឆ្នាំង ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានគូសបញ្ជាក់ថា ក្នុងរយៈពេល៦០ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១ ខែឧសភា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ នៃការអនុវត្តបទបញ្ជាការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ។ កងកម្លាំងប្រដាប់អាវុធទាំងបី រួមជាមួយមន្ត្រីស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដី បានសហការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដោយមិនមានការកាប់ទន្ទ្រានជាថ្មី លើផ្ទៃដីក្នុងតំបន់៣ ស្ថិតក្នុងភូមិសាស្ត្រស្រុកទាំង៦ នៅក្នុងខេត្តកំពង់ធំបានឡើយ។ ចំពោះផ្ទៃដីដែលបានកាប់ទន្ទ្រានរួច មុនពេលកងកម្លាំងចម្រុះចុះបំពេញបេសកកម្ម ត្រូវបានគ្រប់គ្រង និងស្រាវជ្រាវរកមុខជនល្មើស ដើម្បីមានវិធានការផ្ដន្ទាទោសតាមផ្លូវច្បាប់ ជាធរមាន។
ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានថ្លែងនូវការកោតសរសើរចំពោះកងកម្លាំងចម្រុះទាំងអស់ រួមជាមួយអាជ្ញាធរដែនដី ដែលបានសហការគ្នាល្អក្នុងការបំពេញភារកិច្ចតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលបានប្រគល់ជូន និងបានប្រគល់ភារកិច្ចជូនកងកម្លាំងចម្រុះទាំងអស់ ត្រូវបន្តកិច្ចសហប្រតិបត្តិការ ការពារទប់ស្កាត់ និងបង្ក្រាបឲ្យខាងតែបាន ដោយមិនឱ្យមានការកាប់ទន្ទ្រានជាថ្មីបានជាដាច់ខាត។ ហើយផ្ទៃដីដែលបានកាប់ទន្ទ្រានយកដោយខុសច្បាប់ ត្រូវធ្វើការគ្រប់គ្រងឲ្យបានម៉ត់ចត់ និងត្រូវស្រាវជ្រាវមុខសញ្ញាជនល្មេីសដេីម្បីកសាងសំណុំលិខិតបញ្ជូនទៅតុលាការអនុវត្តតាមនីតិវិធីច្បាប់ ។
នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ជូនគ្រឿងឧបភោគបរិភោគ ប្រេងឥន្ធនៈ តង់កៅស៊ូ មុងអង្រឹងជ្រលក់ថ្នាំ និងសម្ភរៈប្រើប្រាស់មួយចំនួន ដែលជាអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត តាមរយៈឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ជូនដល់កងកម្លាំងចម្រុះ ដើម្បីបន្តប្រតិបត្តិការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ឲ្យទទួលបានជោគជ័យថ្មីៗបន្ថែមទៀត។ អត្ថបទតំបន់សឹករងកំពង់ធំ