ឧត្តមសេនីយ៍ទោ សោម ស៊ុន អំពាវនាវដល់គ្រប់មជ្ឈដ្ឋាននានា​ និងប្រជាពលរដ្ឋគ្រប់រូប ចូលរួមក្នុងការ ការពារ  ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ 

0

(ខេត្តកំពង់ធំ)៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការគ្រប់គ្រង ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានអំពាវនាវដល់កងកម្លាំងប្រដាប់បអាវុធគ្រប់ប្រភេទ មន្ត្រីរាជការ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋគ្រប់រូប ចូលរួមក្នុងការគ្រប់គ្រង ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ឲ្យមានប្រសិទ្ធភាព ដើម្បីរក្សាទុកឲ្យកូនចៅរបស់យើងនៅជំនាន់ក្រោយៗទៀត ។ ដែលការអំពាវនាវនេះ ប្រព្រឹត្តទៅក្នុងពិធីផ្សព្វផ្សាយសភាពការណ៍ថ្មីៗ​ជូន​យោធិន​ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ​នៅ ព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មការ គ្រប់គ្រង ការពារទប់ស្កាត់ និងបង្ក្រាបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានបញ្ជាក់ថា ក្នុងរយៈពេល២ខែ គិតពីថ្ងៃទី០១ ខែឧសភា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤​ គណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដែលមានកងកម្លាំងប្រដាប់អាវុធទាំងបីជាស្នូល រួមជាមួយស្ថាប័នជំនាញពាក់ព័ន្ធ និងអាជ្ញាធរដែនដី បានរួមគ្នាការពារទប់ស្កាត់មិនឲ្យមានការកាប់ទន្ទ្រានជាថ្មី ទៀតបានឡើយ  តែជាមួយនោះដែរ បានរកឃើញផ្ទៃដីព្រៃឈើដែលជនល្មើសបានលួចកាប់ទន្ទ្រាននាពេលថ្មីៗ កន្លងទៅ ប្រមាណជាង ១,២០០ ហិកតា មុនពេលកងកម្លាំងចម្រុះ ចេញប្រតិបត្តិការ ហេីយនៅក្នុងឱកាសនេះផងដែរ ឧត្តមសេនីយ៍ទោសោម ស៊ុន ក៏បានគូសបញ្ជាក់អំពីលទ្ធផលសកម្មភាពមួយចំនួនរបស់កងកម្លាំងចម្រុះ ក្នុងពេលប្រតិបត្តិការកន្លងទៅ ដោយបានចាប់ឃាត់ខ្លួនជនល្មើស ដែលកំពុងប្រព្រឹត្តបទល្មើសជាក់ស្តែងចំនួន៨នាក់ ព្រមទាំងបានរឹបអូសវត្ថុតាងមួយចំនួន ដើម្បីអប់រំ ពិន័យ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការផ្តន្ទាទោសតាមផ្លូវច្បាប់ ជាធរមាន។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានអំពាវនាវ ដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្ត្រីរាជការគ្រប់ស្ថាប័ន អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់  និងប្រជាពលរដ្ឋគ្រប់រូប សូមមេត្តាចូលរួមអនុវត្តតាមការអំពាវនាវ និងបទបញ្ជារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការថែរក្សា ការពារ គ្រប់គ្រង និងបង្ក្រាបនូវរាល់បទល្មើសធនធានធម្មជាតិ ដើម្បីរក្សាធនធានធម្មជាតិរបស់យើង ឱ្យនៅគង់វង្សជារៀងរហូត សម្រាប់ជាកេរ្តិ៍តំណែលតទៅកូនចៅយើងនៅជំនាន់ក្រោយៗទៀត។ អត្ថបទតំបន់សឹករងកំពង់ធំ