ត្បូងឃ្មុំ: ភាពសាមញ្ញ ស្នាមញញឹម ភាពស្និទ្ធស្នាល ក្តីស្រលាញ់រាប់អាន និងការយកចិត្តទុកដាក់ ជាលើកចុងក្រោយ របស់ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ជាមួយបងប្អូនកម្មករ និងអ្នកអនាម័យ បម្រើការងារនៅសាលាខេត្តត្បូងឃ្មុំ ត្រូវបានបង្ហាញឡើង ក្នុងឱកាសជួបសំណេះសំណាល និងចែកថវិកា នារសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤នេះ មុនឯកឧត្តម បន្តបេសកកម្មការងារ ទៅកាន់តំណែងជាអភិបាលខេត្តកំពង់ស្ពឺ នាថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ខាងមុខនេះ។
ក្នុងឱកាសនោះ ឯកឧត្តម ជាម ច័ន្ទសោភ័ណ បានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងាររបស់បងប្អូនកម្មករទាំងអស់។ បងប្អូនក៏ដូចជាមន្ត្រីរាជការដ៏ទៃទៀតដែរ សុទ្ធសឹងចូលរួមជួយការងាររបស់រដ្ឋបាលខេត្ត ខណៈបងប្អូនជាផ្នែកមួយយ៉ាងសំខាន់ផ្នែកសម្អាត រៀបចំ អនាម័យ ជុំវិញបរិវេណសាលាខេត្ត ក៏ដូចរដ្ឋបាលប្រមូលផ្តុំទីរួមខេត្តត្បូងឃ្មុំ។
ឯកឧត្តម អភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់បងប្អូន កម្មករ ទាំងអស់ សូមថែរក្សានូវសុខភាពរបស់ខ្លួន និងសូមឲ្យបន្តចូលរួមក្នុងការធ្វើការថែទាំ អនាម័យ និងសម្អាតបរិស្ថាន ដើម្បីធ្វើឲ្យតំបន់បុរីរដ្ឋបាល ខេត្តត្បូងឃ្មុំ កាន់តែមានភាពស្រស់បំព្រងថែមទៀតផង ។
ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត ក៏សូមផ្ញើក្តីស្រលាញ់ នឹករលឹក ចងចាំជាប់ក្នុងចិត្ត មានចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ ក៏ដូចជាបងប្អូនកម្មករ ជាពិសេសបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តត្បូងឃ្មុំ សូមបន្តស្រលាញ់រាប់អានគ្នាជាដរាប ដោយមិនប្រកាន់វណ្ណៈ បុណ្យស័ក្តិ ក្នុងនាមឈាមជ័រខ្មែរតែមួយ រស់ក្រោមម្លប់សុខសន្តិភាព ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាប្រមុខដឹកនាំដ៏ឆ្នើម។
សូមជម្រាបថា តាមរយៈព្រះរាជក្រឹត្យព្រះមហាក្សត្រ បានត្រាស់បង្គាប់តែងតាំង ឯកឧត្តម ជាម ច័ន្ទសោភ័ណ ពីអភិបាលខេត្តត្បូងឃ្មុំ ទៅជាអភិបាលខេត្តកំពង់ស្ពឺ ដែលត្រូវប្រកាសចូលកាន់តំណែង នាថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ខាងមុខនេះ ខណៈឯកឧត្តម ប៉ែន កុសល្យ ពីអភិបាលខេត្តឧត្តរមានជ័យ មកជាអភិបាលខេត្តត្បូងឃ្មុំ ដែលត្រូវប្រកាសចូលកាន់តំណែង នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤៕