ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា​ អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសាលសហសិក្សា និងបិទវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល នៅសាលាភូមិភាគ២ ខេត្តកំពង់ចាម

0

កំពង់ចាម​:​ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី​២​ ខែកក្កដា​ ឆ្នាំ​២០២៤​នេះ​ បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសាលសហសិក្សា សម្ភារៈគាំទ្រ ផ្លូវ និងសួនច្បារអមជុំវិញបរិវេណអគារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន និងបិទវគ្គ បណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៨ នៅសាលានគរបាលជាតិភូមិភាគ២ ខេត្តកំពង់ចាម​ ដោយមាន​ការ​អញ្ជើញ​ចូល​រួម​ពី​ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ និង​ថ្នាក់ដឹកនាំ​អមដំណើរ​ជាច្រើន​រូប​ទៀត​ ។

ថ្លែងក្នុងពិធីនេះ ឯកឧត្តមអភិសន្តិបណ្ឌិត បានលើកឡើងថា ក្នុងការអនុវត្តកម្មវិធីនយោបាយនិងយុទ្ធ សាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃនិងទស្សនវិស័យជឿនលឿនរបស់សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនីតិកាលទី៧នៃរដ្ឋសភានេះ ក្រសួង មហាផ្ទៃបានដាក់ចេញនូវកម្មវិធីកំណែទម្រង់ច្បាស់លាស់ទាក់ទងនឹងវិស័យសន្តិសុខ ដោយផ្តោតលើគោលដៅ ៣សំខាន់ៗគឺ: ទី១-ការបណ្តុះបណ្តាលដើម្បីពង្រឹងសមត្ថភាពវិជ្ជាជីវៈកងកម្លាំងនគរបាលជាតិក្នុងការបម្រើជាតិ និងប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរ ទី២- ការពង្រឹងសមត្ថភាព និងបន្តជំរុញវឌ្ឍនភាពបណ្ឌិត្យសភា នគរបាលកម្ពុជានិងសាលានគរបាលជាតិភូមិភាគនានា ទី៣-ការបំពាក់សម្ភារៈ ឧបករណ៍ទំនើបៗនិងមធ្យោបាយ គ្រប់គ្រាន់សម្រាប់គាំទ្រដល់កិច្ចប្រតិបត្តិការ និងការបំពេញភារកិច្ចប្រចាំថ្ងៃរបស់មន្ត្រីនគរបាលជាតិ។

ឯកឧត្តមអគ្គិសន្តិបណ្ឌិត បានថ្លែងកោតសរសើរបណ្ឌិត្យសភានគរបាលកម្ពុជា និងសាលានគរបាលជាតិភូមិភាគ២ ដែលមានការអភិវឌ្ឍយ៉ាងឆាប់រហ័សគួរឱ្យកត់សម្គាល់​ និងប្រកបដោយ មោទនភាព ដើម្បីបំពេញបានតម្រូវការជាក់ស្តែងនៃការងារបណ្តុះបណ្តាលធនធានមនុស្ស ព្រមទាំងបានថ្លែង អំណរគុណដល់សប្បុរសជនទាំងអស់ដែលបានចូលរួមចំណែកជាមួយក្រសួងមហាផ្ទៃ ក្នុងការអភិវឌ្ឍបណ្ឌិត្យសភា​ និងសាលានគរបាលជាតិភូមិភាគនានា។

ជាមួយគ្នានេះដែរ ឯកឧត្តមរអភិសន្តិបណ្ឌិត បានថ្លែងកោតសរសើរដល់ប្អូនៗជាសិស្សនគរបាលជ័យ លាភីទាំងអស់ដែលបានខិតខំសិក្សាទទួលបានជោគជ័យ ព្រមទាំងបានផ្តាំផ្ញើឱ្យបន្តការសិក្សា ដកស្រង់បទ ពិសោធ ពង្រឹងនិងពង្រីកចំណេះដឹងឱ្យកាន់តែទូលំទូលាយបន្ថែមទៀត ដើម្បីបំពេញភារកិច្ចទទួលខុសត្រូវ បានល្អប្រសើរជូនជាតិ​ និងប្រជាពលរដ្ឋ​ផងដែរ​ ៕ ការ