(ខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានដឹកនាំកងកម្លាំងចម្រុះ ទៅត្រួតពិនិត្យការកាប់បំផ្លាញព្រៃឈើ ដែលជាធនធានធម្មជាតិរបស់រដ្ឋ យកដីធ្វើជាកម្មសិទ្ធិ នៅចំណុចអូរអាចម៍ជ្រូក តំបន់ព្រៃអង់តែន ក្នុងឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ ។
លោក មល់ វណ្ណា មន្ត្រីរដ្ឋបាលព្រៃឈើ ប្រចាំការនៅតំបន់ ព្រៃអង់តែន ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ បានបញ្ជាក់ថា ផ្ទៃដីដែលត្រូវបានត្រួតពិនិត្យក្នុងការកាប់ទន្ទ្រានកន្លងទៅនេះមានចំនួនជាង២០ហិកតា ស្ថិតនៅក្នុងចំណុចអូរអាចម៍ជ្រូក តំបន់ព្រៃអង់តែន ស្ថិតក្នុងឃុំបឹងល្វា ស្រុកសន្ទុក ដែលត្រូវបានជនល្មើសលួចកាប់ទន្ទ្រាន ក្នុងរយៈពេលកន្លងទៅ មុនពេលដែលកងកម្លាំងចម្រុះចុះមកបំពេញបេសកកម្មបង្ក្រាបបទល្មើសធនធានធម្មជាតិ ។ ហើយដីព្រៃដែលបានលួចកាប់ទន្ទ្រានជាង២០ ហិកតានេះ ត្រូវបានមន្ត្រីរដ្ឋបាលព្រៃឈើ ដាក់ពាក្យបណ្ដឹងទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ រួចហើយ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមគណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានថ្លែងនូវការសោកស្ដាយចំពោះការបាត់បង់ធនធានធម្មជាតិ ដែលត្រូវជនល្មើសកាប់ទន្ទ្រានយកដីធ្វើជាកម្មសិទ្ធិនៅពេលនេះ និងបានស្នើសុំឲ្យមន្ត្រីជំនាញ សហការជាមួយកងកម្លាំងចម្រុះ រូមជាមួយអាជ្ញាធរដែនដីនៅក្នុងមូលដ្ឋាន ស្រាវជ្រាវរកមុខសញ្ញាជនល្មើសឲ្យខាងតែបាន ដើម្បីធ្វើការផ្ដន្ទាទោសតាមផ្លូវច្បាប់ ជាធរមាន ដោយគ្មានការលើកលែងឡើយ។
ឧត្តមសេនីយ៍ទោបានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួនដល់កងកម្លាំងចម្រុះ ក្នុងការចាត់វិធានការការពារទប់ស្កាត់មិនឱ្យមានការលួចកាប់ទន្ទ្រានជាថ្មីទៀត បានជាដាច់ខាត ។ ចំពោះដីដែលបានកាប់ទន្ទ្រានរួចកន្លងទៅ ត្រូវចាត់វិធានការតាមនីតិវិធីច្បាប់ ហើយនឹងត្រូវគ្រប់គ្រងឲ្យបានល្អមិនឱ្យមានការបាត់បង់ទៅវិញជាដាច់ខាត ។
នៅក្នុងឱកាសនេះផងដែរឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានគណៈកម្មការការពារ ទប់ស្កាត់ បង្ក្រាបបទល្មើសធនធានធម្មជាតិ ខេត្តកំពង់ធំ បានប្រគល់អំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់កងកម្លាំងចម្រុះ ដែលប្រចាំការនៅទីស្នាក់ការរដ្ឋបាលព្រៃឈើតំបន់៤៤ និងទីស្នាក់ការរដ្ឋបាលព្រៃឈើតំបន់អូរតាព្រហ្ម រួមមាន គ្រឿងឧបភោគបរិភោគ ភេសជ្ជៈ ទឹកសុទ្ធ មុងអង្រឹងជ្រលក់ថ្នាំ ថ្នាំពេទ្យ និងថវិកាមួយចំនួនផងដែរ។ អត្ថបទតំបន់សឹករងកំពង់ធំ