កំពង់ឆ្នាំង៖ វេទិកាសាធារណៈមួយរបស់ក្រុមការងារថ្នាក់ជាតិ ដែលដឹកនាំដោយ ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ ប្រធានក្រុមការងារថ្នាក់ជាតិចុះស្រុកកំពង់លែង និងឯកឧត្តម ហ៊ុយ សារ៉ាវុធ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាននិងជាអនុប្រធានក្រុមការងារចុះស្រុក
កំពង់លែង បានប្រារព្ធឡើងនៅព្រឹក ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៤ នៅក្នុងវត្តពោធិ៍ ស្ថិតក្នុងឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដើម្បីស្វែងរកដំណោះស្រាយនិងកង្វល់របស់ពលរដ្ឋក្នុងស្រុកកំពង់លែង។ក្នុងវេទិកានេះមានការចូលរួមពី ឯកឧត្តម ចេង ញ៉ាន់ អភិបាលរងខេត្តកំពង់ឆ្នាំង ក្រុមការងារថ្នាក់កណ្តាល ថ្នាក់ដឹកនាំមន្ទីរជុំវិញខេត្ត លោកគ្រូអ្នកគ្រូ និងប្រជាពលរដ្ឋសរុបទាំងអស់ចំនួន៥០៣នាក់។
ឯកឧត្តម ចេង ញ៉ាន់ អភិបាលរងខេត្តកំពង់ឆ្នាំងបានមានប្រសាសន៍ ដោះស្រាយនៅសំណួរមួយចំនួនដែលមិនទាន់បានដោះស្រាយកាលពីវេទិកាសាធារណៈលើកទី១នៅវត្តថ្មី ឃុំកំពង់ហៅ ស្រុកកំពង់លែងកាលពីថៃ្ងទី២២ ខែកញ្ញា ឆ្នាំ២០១៤អំពីការងារកសិកម្ម ការងារជលផល សាវាសាធារណៈ សំណូមពរសុំមណ្ឌលសុខភាព និងបញ្ហាផ្សេងៗទៀតដែលជាក្តីកង្វល់របស់ប្រជាពលរដេ្ឋ។ក្រោយពីប្រជាពលរដ្ឋបានស្តាប់ការដោះស្រាយរបស់ឯកឧត្តម ចេង ញ៉ាន់ ប្រជាពលរដ្ឋដែលចូលរួមក្នុងអង្គពិធីបានទទួលយក និងអបអរសាទរចំពោះឯកឧត្តម និងក្រុមការងារទាំងអស់ដែលគិតគូរពីទុក្ខកង្វល់របស់ប្រជាពលរដ្ឋ។នៅក្នុងវេទិកាសាធារណៈថៃ្ងនេះដែរតំណាងប្រជាពលរដ្ឋជាច្រើននាក់បានលើកឡើងអំពីក្តីកង្វល់របស់ពួកគាត់មក
សំណូមពរដល់ គណៈអធិបតីដូចជា៖ បញ្ហាអគ្គីសនី ល្បែងស៊ីសង ក្មេងទំនើង សណ្តាប់ធ្នាប់ទីផ្សារ បរិស្ថាន សេវាកម្មសុខមាលភាព សាវាសាធារណៈភ្នាក់ងារសារព័ត៌មានជំរិតទារប្រាក់ ជួយស្រាវជ្រាវករណីចោរលួចទេវរូប ដែលតំកល់នៅសាលាស្រុកកំពង់លែង ដើម្បីចាប់ល្មើសយកមកដាក់ទោស សំណង់អាណាធិបតេយ្យជាប់ផ្លូវ និង បញ្ហាមួយចំនួនទៀតនៅក្នុងមូលដ្ឋាន ដាក់ជូនក្រុមការងារថ្នាក់ខេត្តនិងថ្នាក់ជាតិជួយដោះស្រាយជូនពួកគាត់។
ចំពោះពាក់ព័ន្ធថាភ្នាក់ងារសារព័ត៌មានជំរិតទារប្រាក់ឯកឧត្តម ហ៊ុយ សារ៉ាវុធ អនុរដ្ឋលេខាធិការក្រសួងព័ត៌មានបានមានប្រសាសន៍ថា៖សូមអោយរាយការណ៍បានទាន់ពេលវេលាជូនសមត្ថកិច្ចនិងមន្ទីរព័ត៌មានខេត្ត ដើម្បីចាត់វិធានការតាមផ្លូវច្បាប់តែកុំអោយចេះតែថាគ្មានភស្តុតាងចោទប្រកាន់ភ្នាក់ងារសារព័ត៌មាន ចេះតែតែនិយាយតាមទីសាធារណៈនានានោះ ព្រោះប្រធានមន្ទីព័ត៌មានជាសេនាធិការផ្ទាល់អោយឯកត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានក្នុងការដោះស្រាយ បើលោកប្រធានមន្ទីរដោះស្រាយមិនបាន លោកប្រធានមន្ទីរនិងរាយការណ៍សុំយោបល់ក្រសួង។តែក្រោយពីវេទិកាសាធារណៈថៃ្ងទី២២ ខែតុលាឆ្នាំ ២០១៤ មានអង្គភាពបានសហការណ៍ជាមួយមន្ទីរព័ត៌មានដោះស្រាយជូនបាន៣អង្គភាព ដោយមានការបំភ្លឺ និង ឯកភាពគ្នាទៅវិញទៅមក រវាងអង្គភាពនិងភ្នាក់ងារសារព័ត៌មាន។
ឯកឧត្តមសុំអោយអង្គភាពជុំវិញខេត្តនិងអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ពេលចប់វេទិកានេះទៅអស់លោកលោកស្រីនិងបន្តចូលរួមសហការណ៍ជាមួយមន្ទីរព័ត៌មាន ដើម្បីអោយព័ត៌មានផ្សាយចេញទៅមានតម្លាភាព និងទទួលយកបានគ្រប់ៗគ្នា។ ឆ្លើយទៅនិងសំណូមពរក្តីកង្វល់របស់ប្រជាពលរដ្ឋទាំងអស់ ឯកឧត្តម ប៉ាក់ សុខុម បានមានប្រសាសន៍ថា៖ រាល់សំណូមពរទាំងអស់របស់ប្រជាពលរដ្ឋក្រុមការងារថ្នាក់ជាតិនិង ថ្នាក់ខេត្ត និងលើកយកមកដោះស្រាយអោយមានតម្លាភាពសមស្របទាំងសងខាងស្របតាមគោលការណ៍ច្បាប់របសរដ្ឋ។
ចំពោះសេវាសាធារណៈទាំងអស់គឺក្រុមការងារថ្នាក់ជាតិបាន ណែនាំអោយបិទតម្លៃជូន ប្រជាពលរដ្ឋដែលគាត់ចូលទៅទំនាក់ទំនងនោះបានដឹងអំពីតម្លៃច្បាស់លាស់ផង បញ្ហាល្បែងស៊ីសង ក្មេងទំនើង បទល្មើសនេសាទ បរិស្ថាន គឺសូមអោយបងប្អូនប្រជាពលរដ្ឋ ត្រូវសហការជាមួយសមត្ថកិច្ចរាយការណ៍ ដើម្បីចូលរួមទប់ស្កាត់ទាំងអស់គ្នា ហើយចំពោះបញ្ហាផ្សេងៗទៀតឯកឧត្តម និងទទួលយកទាំងអស់ ដើម្បីធ្វើការសិក្សាជាមួយថ្នាក់ខេត្ត ធ្វើការដោះស្រាយជូនប្រជាពលរដ្ឋជាក្រោយ។
ឯកឧត្តម ប៉ាក់ សុខុម បានមានប្រសាសន៍បន្តទៀតថា៖ រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងតែគិតគូរដល់ បងប្អូនជានិច្ច ហើយរដ្ឋាភិបាល មិនចង់អោយប្រជាពលរដ្ឋក្រីក្រនោះទេ ទាំងកម្មករ កម្មការិនី និងមន្ត្រីរាជការ ប៉ុន្តែការដោះស្រាយគឺផ្អែកទៅលើកំណើនសេដ្ឋកិច្ចជាតិ។ ដូច្នេះប្រជាពលរដ្ឋត្រូវតែមានជំនឿទុកចិត្តលើសម្តេច ហ៊ុន សែន នឹងកុំចាញ់ការញុះញង់របស់អ្នកដទៃអោយសោះដែលគេបានតែសន្យា ប៉ុន្តែមិនដែលឃើញធ្វើអ្វីអោយបានឃើញជាក់ស្តែងនោះឡើយ ។
ប្រជាពលរដ្ឋយើងពិតជាដឹងច្បាស់ហើយថា តើអ្នកណារំដោះយើងពីពួកប្រល័យពូជសាសន៍ប៉ុលពត អ្នកណាបង្រួមបង្រួមជាតិខ្មែរបានសុខសន្តិភាពដូចសព្វថ្ងៃ និងអ្នកណាជាអ្នកអភិវឌ្ឍន៍កសាងហេដ្ឋារចនាសម្ពន្ធ័ជាតិលើគ្រប់វិស័យបានរីកចំរើននៅពេលនេះ។ការធ្វើឡើងនៅវេទិកាសាធារណៈពេលនេះបានធ្វើអោយប្រជាពលរដ្ឋភាគច្រើនមានការសប្បាយចិត្តនិងរីករាយយ៉ាងខ្លាំង ព្រោះគាត់បានបញ្ចេញនូវក្តីកង្វល់របស់ពួកគាត់ ពួកគាត់សង្ឃឹមថា ក្តីកង្វល់និងសំណូមពរទាំងអស់របស់ពួកគាត់នឹងត្រូវ ដោះស្រាយបានជាមិនខានក្នុងពេលដ៏ខ្លីខាងមុខនេះ។ពួកគាត់ក៏បានសំណូមពរផងដែរសុំអោយមានវេទិការសាធារណៈមានញឹកញាប់ទៀត ដើម្បីអោយក្រុមការងារថ្នាក់ជាតិជួយដោះស្រាយរាល់ការលំបាកជូនពួកគាត់៕