(ខេត្តកំពង់ធំ)៖ នៅរសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ ឆ្នាំ២០២៤ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខប្រចាំខែមិថុនា ឆ្នាំ២០២៤ និងដាក់ចេញនូវទិសដៅអនុវត្តបន្ត ដែលកិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។
លោកអនុសេនីយ៍ឯក ចាន់ សុធី នាយរងការិយាល័យទី៣ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងអានរបាយការណ៍បូកសរុបលទ្ធផលការងារយោធាសន្តិសុខ ដែលអនុវត្តសម្រេចបានក្នុងខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ និងបានរាយការណ៍បញ្ជាក់ជូនអង្គប្រជុំអំពីលទ្ធផលសំខាន់ៗមួយចំនួនស្តីពីសកម្មភាពការពារ ទប់ស្កាត់ និងបង្រាបបទល្មើសធនធានធម្មជាតិ ក្នុងរយៈពេល២ ខែកន្លងទៅនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំផងដែរ ។ បន្ទាប់មកសមាជិកសមាជិកានៃអង្គប្រជុំ បានឡើងមានមតិចូលរួមក្នុងការកែសម្រួលនិងបំពេញបន្ថែម ក្នុងរបាយការណ៍ ដែលបានអនុវត្តកន្លងមក និងទិសដៅ ដែលត្រូវអនុវត្តបន្ត ដើម្បីរួមគ្នាអនុវត្តឲ្យទទួលបានជោគជ័យតាមផែនការ ដែលថ្នាក់លើ បានប្រគល់ជូន។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរ ចំពោះមេបញ្ជាការគ្រប់កងឯកភាព នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដែលបានខិតខំបំពេញភារកិច្ច ដែលថ្នាក់លើបានប្រគល់ជូន ។ ពិសេសបានអនុវ្ន៍យ៉ាងសកម្មក្នុងកិច្ចការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ដែលបានអនុវត្តរយះពេល២ខែកន្លងទៅនេះ ទទួលបានលទ្ធផលល្អ គួរជាទីមោទនៈ ដោយបានទប់ស្កាត់មិនឲ្យមានការកេីតមានឡេីងជាថ្មីនូវបទល្មេីសកាប់ទន្ទ្រានព្រៃឈេីយកដីធ្វើជាកម្មសិទ្ធិបានឡេីយ ។
ឧត្តមសេនីយ៍ទោមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្រគល់ភារកិច្ចចាំបាច់មួយចំនួន ដែលត្រូវអនុវត្តបន្តរួមមាន÷ ទី១/ ត្រូវចូលរួមអនុវត្តន៍ នឹងធ្វើជាសេនាធិការ ជូនគណៈបញ្ជាការឯកភាពរដ្ឋបាល ខេត្ត ស្រុក ក្រុង ក្នុងការប្រើប្រាស់កម្លាំងសរុប វិធានការសរុប មធ្យោបាយសរុប ក្នុងកិច្ចការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងខេត្តកំពង់ធំ ឲ្យទទួលបានជោគជ័យ ថ្មីៗបន្ថែមទទៀត។ ទី២/ ការរៀចំដីសម្បទានសង្គមកិច្ចជូនអតីតយុទ្ធជន ចំនួ៦៥គ្រួសារ ដែលគ្មានដីគ្មានផ្ទះ ដើម្បីត្រៀមប្រគល់ជូនពួកគាត់ នៅពេលខាងមុខស្ថិតនៅឃុំក្រយៀ ស្រុកសន្ទុក ខេត្តកំពង់ធំ។ ទី ៣/ ត្រូវបន្តសហការជាមួយអាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងការអនុវត្តនូវគោលនយោបាយភូមិឃុំ មានសុវត្ថិភាព និងការបម្រើអតីតយុទ្ធជន និងប្រជាជននៅតាមមូលដ្ឋាននានា ឲ្យអស់ពីចិត្តពីថ្លើម ដោយអនុវត្តតាមទិសស្លោកកងទ័ពជាកូនចៅរបស់ប្រជាជន អ្វីៗដើម្បីប្រជាជ។ ៤/ រៀបចំដំណើរការបើកវគ្គហ្វឹកហ្វឺន និងយុទ្ធដំណើរទ័ពប្រចាំឆ្នាំ តាមផែនការ ដែលយោធភូមិភាគទី៤ បានដាក់ចេញ។ អត្ថបទតំបន់សឹករងកំពង់ធំ