មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី ប្រជុំបែងចែងតួនាទី ភារកិច្ច ជូនមេបញ្ជាការរង ទៅតាមមុខជំនាញនីមួយៗ ដើម្បីអនុវត្ត និងទទួលខុសត្រូវលើប្រសិទ្ធភាពការងារ

0

ខេត្តរតនគិរី៖ មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី លោកឧត្តមសេនីយ៍ត្រី សោ សាវឿន នៅថ្ងៃទី៣កក្កដា២០២៤ បានដឹកនាំនាយកងរាជអាវុធហត្ថខេត្ត ក្នុងនោះមាន មេបញ្ជាការរង ប្រធានមន្ទីរកសាងកម្លាំង និងនាយលេខាធិកាដ្ឋាន នៃកងរាជអាវុធហត្ថខេត្ត ប្រជុំបែងចែងតួនាទី ភារកិច្ច ឱ្យទទួលខុសត្រូវទៅតាមមុខជំនាញនីមួយៗ សម្រាប់អនុវត្តភារកិច្ចចំពោះមុខ ដែលថ្នាក់លើប្រគល់ជូន ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រខេត្តរតនគិរី។

នៅក្នុងដដែលនោះ មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី លោកឧត្តមសេនីយ៍ត្រី សោ សាវឿន បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះសួរសុខទុក្ខពលបាលឯក យាន មករា សមាជិកក្រុម២ កងអនុសេនាធំអន្តរាគមន៍ចល័ត នៃកងរាជអាវុធហត្ថខេត្តរតនគិរី ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅ ក្នុងពេលបំពេញបេសកកម្មបណ្ដាលឱ្យបាក់ភ្លៅខាងឆ្វេង និងបច្ចុប្បន្ន កំពុងសម្រាកព្យាបាលនៅគេហដ្ឋាន ស្ថិតនៅភូមិសោមកានិញ ឃុំសោមធំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។

ឈ្លាតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ មេបញ្ជាការ បានពាំនាំប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏ដូចលោក ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី ជូនពលបាលឯក យាន មករា និងក្រុមគ្រួសារ។ លោកថា ជានិច្ចកាលថ្នាក់ដឹកនាំ តែងតែយកចិត្តទុកដាក់ ចំពោះមន្ត្រីក្រោមឱវាទដែលមានទុក្ខលំបាក និងតែងតែចាត់មន្ត្រីចុះសួរសុខទុក្ខជាប្រចាំ ផងដែរ។

លោកឧត្តមសេនីយ៍ត្រី សោ សាវឿន បានផ្តាំផ្ញើពលបាលឯក យាន មករា និងក្រុមគ្រួសារ ត្រូវយកចិត្តទុកដាក់មើលថែទាំមុខរបួស និងសុខភាព ឱ្យបានឆាប់ជាសះស្បើយ ដើម្បីឆាប់បានទៅបម្រើការងារនៅអង្គភាពវិញ នាពេលខាងមុខនេះ។

បន្ទាប់មក លោកឧត្តមសេនីយ៍មេបញ្ជាការ បានឧបត្ថម្ភគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ដល់ពលបាលឯក យាន មករា និងគ្រួសាររួមមាន៖ អង្ករក្រអូបនាងអំ ៥០គីឡូក្រាម មីម៉ាម៉ា ០១កេស ទឹកបរិសុទ្ធ ០២កេស ភេសជ្ជៈ ០៣កេស ទឹកដោះគោឆៅ ០២យួរ ទឹកស៊ីអ៊ីវ ០១យួរ រួមទាំងថវិកា ២លាន ២សែនរៀល ទុកសម្រាប់ដោះស្រាយភាពចាំបាច់ នៅក្នុងជីវភាពគ្រួសារ ផងដែរ៕​ ដោយ៖ឡុង សំបូរ