(កំពង់ធំ)÷ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត ដឹកនាំកម្លាំងនគរបាលស្រុកតាំងគោក និងស្រុកបារាយណ៍ ចុះសាកសួរសុខទុក្ខអតីតយុទ្ធជន ស្ថិតនៅដីសប្បទានសង្គមកិច្ច និងគេហដ្ឋានថ្មី ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងភូមិ ដងក្ដារ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ នាព្រឹកថ្ងៃ០៤ ខែ កក្កដា ឆ្នាំ២០២៤។
លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត បានថ្លែងថា ដោយមានការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំចំពោះសមាជិក និងគ្រួសារសមាជិក ដែលធ្លាប់មានស្នាដៃ គុណបំណាច់ ចំពោះជាតិមាតុភូមិ ការពារ ថែរក្សាបានសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម រយៈពេលកន្លងមក រហូតទទួលបានសុខសន្តិភាព យ៉ាងពេញលេញ នាពេលបច្ចុប្បន្ន។ ជានិច្ចកាលថ្នាក់ដឹកនាំ តែងតែគិតគូរអំពីសុខទុក្ខ សុខុមាលភាព ការប្រកបមុខរបរចិញ្ចឹមជីវិត របស់សមាជិក គ្រួសារសមាជិក មិបោះបង់ចោលបងប្អូន ស្ថិតក្នុងស្ថានភាពណាមួយឡើយ ហើយមិនត្រូវតែប៉ុណ្ណោះ ថ្នាក់ដឹកនាំចាត់តាំងក្រុមការងារ ចុះដល់លំនៅដ្ឋាន នាំយកសម្ភារៈ ថវិកា និងគ្រឿងឧបភោគបរិភោគជាប្រចាំខែ។
បន្ថែមលើប្រសាសន៍ សំណេះសំណាលនេះដែរ លោកស្នងការផ្ដាំផ្ញើ ដល់បងប្អូន÷ ត្រូវថែទាំសុខភាព តាមរយៈការរស់នៅ មានអនាម័យជាប្រចាំ ហាត់ប្រាណពង្រឹងកាយសម្បទា បន្តបង្ករបង្កើនផល ចិញ្ចឹមសត្វ
តាមក្រុមគ្រួសារនីមួយៗ ដើម្បីជួយសម្រាលចំណាយដោះស្រាយជីវភាពឱ្យកាន់តែប្រសើរឡើង។ ចូលរួមគោរពប្រតិបត្តិ ច្បាប់ចរាចរណ៍ផ្លូវគោក សហការ បង្ការ ទប់ស្កាត់បទល្មើសក្មេងទំនើង និងបទល្មើសគ្រឿងញៀន ជាពិសេសអនុវត្តគោលនយោបាយនានា របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅថែរក្សាបាន សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។
សូមបញ្ជាក់ផងដែរថា អំណោយរបស់លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំឲ បានឧបត្ថម្ភរួមមាន ១-អតីតយុទ្ធជនទាំង០៤គ្រួសារ ទទួលបាន÷ អង្ករទម្ងន់១០០គីឡូក្រាម ថវិកា២០០.០០០រៀល។ ២-មេភូមិថវិកា១០០,០០០រៀល។ ៣-អនុប្រធានភូមិថវិកា ៥០,០០០រៀល។ ៤-កម្លាំងប្រជាការពារ១៣នាក់ ១នាក់ថវិកា ៤០,០០០រៀល, និងសមាជិកអតីតយុទ្ធជន៧៥នាក់ ទទួលបានថវិកាមួយចំនួន។ សរុបថវិកា៤,១៧០,០០០រៀល។ អត្ថបទស្នងការនគរបាលខេត្តកំពង់ធំ