ខេត្តកែប អបអរខួបលើកទី១៧ទិវាអតីតយុទ្ធជនកម្ពុជា ២១មិថុនា ឆ្នាំ២០២៤

0

ខេត្តកែប: នៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤នេះមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកែប បានប្រារព្ធខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ឆ្នំា២០២៤ ដើម្បីរំឭកដល់គំរូវីរភាពដ៏មោះមុត និង គុណបំណាច់ដ៏ធំធេងរបស់វីរយុទ្ធជន  នៃកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ដែលបាន តស៊ូពលិកម្មដោយស្មារតីស្នេហាជាតិ នៅគ្រប់ដំណាក់កាលនៃប្រវត្ដិសាស្ដ្រ និងរួមចំណែកយ៉ាងសំខាន់ ក្នុងកិច្ចការពារបូរណ:ភាពទឹកដី ការកសាងសុខសន្ដិភាព និង ស្ថិរភាពសង្គម សម្រាប់ព្រះរាជាណាចក្រកម្ពុជា សំដៅធានាការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដើម្បីជាឧត្ដមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជា។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប  និងមានការអញ្ជើញចូលរួម ពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ប្រធាន​សាលា​ដំបូងខេត្ត​ ព្រះ​រាជ​អាជ្ញា​ អម​សាលាដំបូងខេត្ត​ លោក លោកស្រី អភិបាលរងខេត្ត ឧត្តមសេនីយ៍ ឧត្តមអគ្គានុរក្ស អភិបាល​ក្រុង​ ស្រុក​ ក្រុមប្រឹក្សាក្រុង ស្រុក ប្រធាន​ អនុប្រធាន​មន្ទីរអង្គភាពជុំវិញខេត្ត​ និងប្រធាន​ អនុប្រធាន​ សមាជិក​ សមាជិកា​ សមាគមអតីតយុទ្ធជន សរុបចំនួនជាង៣០០នាក់។

លោក ចាន់ សាម៉េង ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកែប មានរបាយការណ៍ថា៖​ គិតត្រឹមឆមាសទី១ ឆ្នាំ២០២៤នេះ អតីតយុទ្ធជន មានចំនួន ៣៧៩ នាក់ ស្រី ១៣២នាក់ និងអ្នកនៅក្នុងបន្ទុកចំនួន ៦៥៧នាក់ បាននឹងកំពុងទទួលរបបសន្តិសុខសង្គមប្រចាំខែពីរាជរដ្ឋាភិបាលដោយក្នុង១ខែស្មើទឹកប្រាក់ចំនួន​ ៣៣១,៨២៥,៨២៣៛។

មានមតិសំណេះសំណាលក្នុងពិធីអបអរសាទរខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ បានលើកឡើងថា៖ កន្លងទៅកម្ពុជាធ្លាប់បានហែលឆ្លងនូវដំណាក់កាលដ៏ជូរចត់ និង ផ្លាស់ប្ដូរ ប្រវត្ដិសាស្ដ្រជាច្រើនដែលប្រជាជនកម្ពុជាមិនអាចបំភ្លេចបានគិតត្រឹមការធ្វើរដ្ឋប្រហារទម្លាក់ សម្ដេចព្រះនរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ នៅថ្ងៃទី១៨​ ខែមីនា ឆ្នាំ ១៩៧០ ដឹកនាំដោយ សេនាប្រមុខ លន់ នល់ ដែលរបបនេះ ត្រូវបានផ្ដួលរំលំវិញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥​ របបប្រល័យពូជសាសន៍របស់ ប៉ុល ពត ក្នុងរយៈពេលតែ ៣ ឆ្នាំ ៨ខែ និង២០ថ្ងៃ កម្ពុជាបានក្លាយទៅជាគុកឥតជញ្ជាំង​ ជាវាលពិឃាតដ៏សាហាវឃោរឃៅបំផុត។ក្រោយថ្ងៃរំដោះ ៧ មករា​ ១៩៧៩​ កម្ពុជាត្រូវប្រឈមនឹងឧបសគ្គ និងការលំបាកជាច្រើនឥតគណនា ដែលជាផលវិបាកនៃសង្គ្រាម និងទប់ស្កាត់ការប៉ុនប៉ងវិលត្រឡប់មកវិញ នៃរបបប្រល័យពូជសាសន៍ ។

ក្នុងដំណាក់កាលនោះ រដ្ឋដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានខិតខំប្រយុទ្ធទប់ស្កាត់មិនឱ្យរបប ប៉ុល ពត វិលត្រឡប់មកវិញ និងបានស្ដារសង្គម-សេដ្ឋកិច្ច និង ជីវភាពរបស់ប្រជាជនឡើងវិញ ពីបាតដៃទទេ ក្នុងស្ថានភាពដែលប្រទេសជាតិត្រូវបានហ៊ុមព័ទ្ធសេដ្ឋកិច្ច និងនយោបាយ ពីខាងក្រៅយ៉ាងអយុត្ដិធម៌ ។ ដោយមើលឃើញពីផលលំបាកនៃសង្គ្រាម សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន ស្ថាបនិកមគ្គុទ្ទេសក៍ឯក និងប្រតិបត្ដិករនយោបាយ បានដាក់ចេញនយោបាយ “ឈ្នះ​ឈ្នះ”នៅឆ្នាំ ១៩៩៨ ធ្វើឱ្យទឹកដីកម្ពុជា បាននាំមកនូវសន្តិភាពពេញលេញ​  ការឯកភាពជាតិ និងឯកភាពទឹកដីទាំងស្រុង។

បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវ យុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១ ដើម្បី កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព​ ដោយផ្ដោតការយកចិត្ដទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់ជីវភាពអតីតយុទ្ធជនដែលជានិវត្ដជន​ ជនបាត់បង់សមត្ថភាពការងារ និងជនមានពិការភាព តាមរយៈចំណុចអាទិភាពសំខាន់ៗមួយចំនួន គឺសំដៅដល់ការគិតគូរចំពោះអតីតយុទ្ធជន ដែលមានគុណបំណាច់ចំពោះជាតិមាតុភូមិ។

ក្នុងនោះឯកឧត្តមបណ្ឌិតបានអំពាវនាវដល់ អ៊ុំ ពូ មីង បងប្អូន អតីតយុទ្ធជន៖
១-សូមបន្តគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោទាំងអស់គ្នា។
២-សូមអោយមន្តីរសង្គមកិច្ច គណៈកម្មការសមាគមអតីតយុទ្ធជនខេត្ត និងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវរួមគ្នាគិតគូរបង្កើតយន្តការទ្រទ្រង់សមាគមអតីតយុទ្ធកម្ពុជាខេត្តកែប។
៣-សូម អ៊ុំ ពូ មីង បងប្អូន អតីតយុទ្ធជន ត្រុវរក្សាសុខភាពរបស់ខ្លួន ដោយ ហូបល្អ រស់នៅល្អ។

សូមរំលឹកថា៖ កន្លងទៅនេះ ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានចុះសួរសុខទុក្ខ និងជួយឧបត្ថម្ភទាំង សម្ភារៈ ថវិកា ដល់អតីតយុទ្ធជនជួបការលំបាកបានទាន់ពេលវេលា៕ សេង ណារិទ្ធ