ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ និងអភិបាលស្រុកស្ទោង អញ្ជើញសម្របសម្រួលបញ្ជូនទឹកសង្គ្រោះស្រូវកសិករជាង១.២០០ហិចតា

0

(កំពង់ធំ)÷ នៅរសៀលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ និងលោក ប៉ែន វណ្ណរិទ្ឋិ  ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងសហការី បានអញ្ជើញចុះអន្តរាគមន៍សម្របសម្រួលបែងចែកបញ្ជូនទឹកសង្គ្រោះស្រែស្រូវកសិករចំនួនជាង១.២០០(មួយពាន់ពីររយ)ហិចតា នៅក្នុងឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ ដែលកំពុងជួបគ្រោះរាំងស្ងួតហើយប្រឈមនឹងការខូចខាតដោយការខ្វះខាតទឹក។

ជាមួយគ្នានេះលោក សាយ គឹមឡម ក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋានក៏ដូចជាជំនាញពាក់ព័ន្ធ ត្រូវសម្របសម្រួលតាមដានរាល់ស្ថានភាពស្រែស្រូវរបស់កសិករដែលកំពុងប្រឈមនឹង គ្រោះរាំងស្ងួតដែលបានអូសបន្លាយពេលវេលាវែង នាដើមវស្សាឆ្នាំនេះដែលភ្លៀងមិនទាន់គ្រប់គ្រាន់ ដើម្បីអន្តរាគមន៍នាំទឹកជួយសង្គ្រោះស្រែស្រូវពីអាងទឹក៣០កញ្ញាឱ្យបានទាន់ពេលវេលា។

ទន្ទឹមនឹងនេះលោក ប៉ែន វណ្ណរិទ្ឋិ បានសំណូមពរយ៉ាងទទូចដល់ប្រជាពលរដ្ឋសូមមានការយោគយល់អធ្យាស្រ័យគ្នា ដែលមានការបែងចែក និងបញ្ជូនតាមវេននៃប្រឡាយទឹកទៅសង្គ្រោះស្រែស្រូវមានសភាពយឺតយ៉ាវ ឬមិនទាន់គ្រប់គ្រាន់ទៅតាមស្ថានភាព ពីព្រោះប្រឡាយមេរបស់យើងតូចហើយស្ថានភាពបរិមាណស្រែស្រូវដែលត្រូវសង្គ្រោះមានច្រើនហិចតា គឺត្រូវការពេលវេលាជាក់ស្ដែង។

ជាមួយគ្នានេះប្រជាពលរដ្ឋនៅក្នុងឃុំសំព្រោជបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ និងលោកអភិបាលស្រុកស្ទោង ដែលតែងតែយកចិត្តទុកដាក់ និងបានចុះសម្របសម្រួល អន្តរាគមន៍បែងចែកបញ្ជូនទឹកសង្គ្រោះស្រែស្រូវរបស់គាត់នៅក្នុងឱកាសនេះ។

គួរបញ្ជាក់ផងដែរថា ដោយសាររដូវវស្សាឆ្នាំនេះមានសភាពយឺតយ៉ាវក្នុងការឈានមកដល់ធ្វើឱ្យទឹកភ្លៀងមិនមានគ្រប់គ្រាន់ស្រោចស្រពដល់ស្រូវកសិករ ហើយស្រូវដែលត្រូវសង្គ្រោះបឋមនៅពេលនេះមានចំនួនជាង១២០០(មួយពាន់ ពីររយ)ហិចតាផងដែរ។ អត្ថបទរដ្ឋបាលស្រុកស្ទោង