សៀមរាប: កាកបាទក្រហមកម្ពុជា សហការជាមួយអាជ្ញាធរជាតិអប្សរា បានប្រារព្ធ យុទ្ធនាការដាំដើមឈើ ចំនួន១ពាន់ដើម អបអរសាទរខួប រុក្ខទិវាជាតិ ៩កក្កដា ២០២៤ ក្រោមប្រធានបទ ” ព្រៃឈើ ដើម្បីប្រជាជន និងការអភិវឌ្ឍដោយចីរភាព” នៅតាមបណ្ដោយវិថីព្រះនរោត្តមសីហមុនី ស្ថិតនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤នេះ។


ឯកឧត្តម ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរាមានប្រសាសន៍នាឱកាសនោះថា អាជ្ញាធរជាតិអប្សរា មានសេចក្តីសោនមស្សរីករាយក្នុងការផ្តល់នូវកិច្ចសហការ និងការរៀបចំទីតាំង ព្រមទាំងកូនឈើក្នុងព្រឹត្តិការណ៍នេះ។ ព្រៃឈើ និងធម្មជាតិនៅជុំវិញគឺជាផ្នែកមួយដែលពុំអាចកាត់ផ្តាច់បានពីប្រាសាទ ដូចនេះ ការការពារ ការថែរក្សា និងការបង្កើនឡើងវិញនូវព្រៃឈើគឺជាអទិភាពមួយក្នុងចំណោមអទិភាពជាច្រើន។ ជាក់ស្តែង តាំងពីឆ្នាំ២០០៤មក ដល់បច្ចុប្បន្នអាជ្ញាធរជាតិអប្សរា បានដាំកូនឈើឡើងវិញបានចំនួនប្រមាណ២លានដើមរួចមកហើយ។ ទន្ទឹមនេះ ក៏មានការចែកជូនកូនឈើ ដោយមិនគិតថ្លៃ ទៅដល់ស្ថាប័នរដ្ឋ វិស័យឯកជន និងប្រជាពលរដ្ឋទូទៅយកទៅដាំដុះបន្ត ក្នុងន័យដើម្បីពង្រីកនូវគម្របព្រៃឈើបន្ថែមក្នុងទូទាំងប្រទេសកម្ពុជា។
ឯកឧត្តម ពិត ចំណាន សមាជិកគណៈកម្មាធិការកណ្ដាលកាកបាទក្រហមកម្ពុជាមានប្រសាសន៍ថា យុទ្ធនាការដាំកូនឈើ១,០០០ដើម អបអរសាទរខួបលើកទី៧២ រុក្ខទិវា៩កក្កដា ២០២៤ ក្រោមប្រធានបទ ” ព្រៃឈើ ដើម្បីប្រជាជន និងការអភិវឌ្ឍដោយចីរភាព” បានសបញ្ជាក់ពីសេចក្តីស្រឡាញ់ ឆន្ទះ និងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការចូលរួមថែរក្សាបរិស្ថាន ព្រៃឈើឱ្យបានគង់វង្ស ដើម្បីសុខុមាលភាពរបស់មនុស្សជាតិ។ ឯកឧត្តមថា យុទ្ធនាការនេះ មិនមែនជាលើកទីមួយឡើយ កន្លងមកកាកបាទក្រហមកម្ពុជា បានដាំដើមឈើជាបន្តបន្ទាប់ ក្នុងនោះឧទ្យានសហសវត្សរ៍របស់កាកបាទក្រហមកម្ពុជា មានដើមឈើតូចធំជាច្រើន បានក្លាយជាគម្របធម្មជាតិ និងជាផ្នែកមួយក្នុងការការពារបរិស្ថានក្នុងតំបន់រមណីយដ្ឋានអង្គរផងដែរ។
ជាមួយគ្នានេះ ឯកឧត្តមក៏បានថ្លែងអំណរគុណ អាជ្ញាធរជាតិអប្សរា និងស្ថាប័នពាក់ព័ន្ធចំពោះកិច្ចការសម្របសម្រួលផ្តល់ទីតាំង ក៏ដូចជាកូនឈើសម្រាប់ដាំ នៅក្នុងយុទ្ធនាការដាំកូនឡើងវិញ អបអរសាទរខួបលើកទី៧២ រុក្ខទិវា៩កក្កដា ២០២៤៕