កំពង់ឆ្នាំង៖ស្ត្រីម្នាក់ត្រូវបានសត្វឳម៉ាល់ទិចរាប់សិបមេនៅពេលប្តីប្រពន្ធគាត់បើកកាណូតទៅដាក់មងនៅបឹងទន្លេសាប និងបានបើកកាណូតបុកចំសំបុកឳម៉ាល់នៅក្នុងព្រៃ ហើយបានស្លាប់ នៅតាមផ្លូវពេលពេទ្យស្រុកបរិបូរណ៌ដឹកមកសង្គ្រោះនៅក្នុងមន្ទីរពេទ្យខេត្ត គ្រោះថ្នាក់ខាង លើនេះបាន
កើតឡើងនៅវេលាម៉ោង៥ល្ងាចថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៤ នៅចំណុចបឹងទ្វារ ទឹកដីខេត្តកំពង់ធំ។
បុរសឈ្មោះ លាង គឹមឡុង ជាប្តីរបស់ស្ត្រីរងគ្រោះរស់នៅក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ បាននិយាយអោយដឹងថា៖ប្រពន្ធរបស់ខ្លួនជាជនរងគ្រោះមានឈ្មោះ គី ចំរើន អាយុ២៧ឆ្នាំ មានកូន៣នាក់ កូនធំអាយុ៧ឆ្នាំ និងកូនតូចអាយុ៤ឆ្នាំមានមុខរបរជាអ្នកនេសាទ ត្រី។មុនពេលកើតហេតុពួកគាត់ទាំង២នាក់ប្តីប្រពន្ធបាននាំគ្នាទៅដាក់មងនៅ ចំណុច ខាងលើ ពេលនោះក៍បានបើកកាណូតក្នុងព្រៃលិចទឹក ចៃដន្យក៍បានបុកសំបុកឳម៉ាល់ធំមួយ ហើយសត្វ ឳម៉ាល់ក៍បានផ្អើលមកទិចប្រពន្ធរបស់គាត់ជាច្រើនមេ ចំណែកគាត់បានហក់ទឹកគេចផុតពី គ្រោះថ្នាក់។
ក្រោយពេលកើតហេតុរូបគាត់បានដឹកប្រពន្ធមកដល់មន្ទីរពេទ្យស្រុកបរិបូរណ៍នៅវេលាម៉ោង៨យប់ ដើម្បីអោយក្រុមគ្រូពេទ្យជួយសង្គ្រោះជីវិត។ក្នុងពេលប្រពន្ធគាត់មានសភាពធ្ងន់ធ្ងរ គាត់និងបងថ្លៃឈ្មោះ ធារ៉ា បានសំណូមគ្រូពេទ្យអោយដឹកបញ្ជូនមកកាន់មន្ទីរពេទ្យខេត្ត ប៉ុន្តែ គ្រូពេទ្យដែលនៅប្រចាំការព្យាបាល ឆ្លើយថាមិនអីទែ ចាំមើលបន្តិច សិន។ដោយមាន សភាពធ្ងន់ធ្ងរនៅម៉ោង៧ព្រឹកថ្ងៃទី២៣ ខែតុលានេះ ក្រុមគ្រូពេទ្យរបស់មន្ទីរពេទ្យស្រុកបរិបូរណ៌ បានបញ្ជូនមកកាន់មន្ទីរពេទ្យខេត្តកំពង់ឆ្នាំង តែអកុសលប្រពន្ធគាត់បានដាច់ខ្យល់ស្លាប់នៅលើ រថយន្តសង្គ្រោះតែម្តង។
លោកគ្រូនិងអ្នកគ្រូពេទ្យជាអ្នកព្យាបាលនៅក្នុងអាគារសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យខេត្តបាននិយាយអោយអ្នកយកព័ត៌មានយើងដឹងនៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤នេះថា៖ពួកគាត់ បានទទួលស្ត្រីរងគ្រោះខាងលើនេះនៅវេលាម៉ោង៧និង៤៥នាទីព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០ ១៤ តែពេលមកដល់ស្ត្រីរងគ្រោះខាងលើបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ គឺពួកគាត់មិនអាច ជួយសង្គ្រោះជីវិតបានឡើយ។
ក្រុមគ្រួសារស្ត្រីរងគ្រោះបានត្អូញត្អែរប្រាប់អ្នកយកព័ត៌មានយើងអោយដឹងថា៖ការបាត់បង់ជីវិតប្រពន្ធគាត់ធ្វើអោយគាត់សោកស្តាយខ្លាំងណាស់ គាត់គិតថាប្រសិនបើលោកគ្រូអ្នកគ្រូពេទ្យ របស់មន្ទីរពេទ្យស្រុកបរិបូរណ៌បញ្ជូនប្រពន្ធគាត់មកមន្ទីរពេទ្យខេត្តភ្លាមៗ នោះប្រពន្ធគាត់ប្រហែលជាមិនស្លាប់ទេ រឿងនេះគាត់ក៍មិនអាចប្តឹងផ្តល់អ្នកណាដែរ ព្រោះជាកម្មផលរបស់គាត់។ លោកវេជ្ជបណ្ឌិតម្នាក់ក្នុងមន្ទីរពេទ្យខេត្តបាននិយាយអោយដឹងថា៖ថ្នាំបន្សាបពិសមាននៅតែក្នុងមន្ទីរពេទ្យខេត្តតែប៉ុណ្ណោះ ហេតុនេះអ្នករងគ្រោះដោយសារពិសទាំងអស់គួរតែបញ្ជូនជងរងគ្រោះមកមន្ទីរពេទ្យខេត្តអោយទាន់ពេលវេលា៕