កម្លាំងនៃបញ្ជាការដ្ឋានរថក្រោះប្រចាំទិសយោធភូមិភាគទី៥ -ព្រះនេត្រព្រះដាំដើមឈើច្រុះ បង្កើនជីវចម្រះនិងបរិស្ថានល្អបរិសុទ្ធ

0

បន្ទាយមានជ័យ៖ ដើម្បីបង្កើនជីវចម្រះនិងបរិស្ថានល្អបរិសុទ្ធ កម្លាំងនៃបញ្ជាការដ្ឋានរថក្រោះអគ្គបញ្ជារការដ្ឋានកងយោធពលខេមរភូមិន្ទ(កអប) ប្រចាំទិសយោធភូមិភាគទី៥ -ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យបានដាំកូនឈើចម្រុះ៨០០ដើមនៅក្នុងបន្ទាយប្រារព្ធកម្មវិធីអបអរសាទររុក្ខទិវា៩ ខែកក្កដា ឆ្នាំ២០២៤។

លោកឧត្តមសេនីយ៍ទោ កែវ សេងឡាយ មេបញ្ជាការរងនៃបញ្ជាការដ្ឋានរថក្រោះនិងជាមេបញ្ជាការរថក្រោះប្រចាំទិសយោធភូមិភាគទី៥ -ព្រះនេត្រព្រះមានប្រាសសន៍កាលពីថ្ងៃទី០៨ខែកក្កដាថា: កាលឆ្នាំ១៩៨៥ បន្ទាយនេះជាមូលដ្ឋានកងទ័ពនៃង៦៩ រថក្រោះ មាផ្ទៃជាង៤០០ហិចតា ។
លុះដល់ឆ្នាំ២០០៨ បញ្ជាការដ្ឋានរថក្រោះមកបើកបន្ទាយឡើងវិញនិងដោះស្រាយបញ្ហាដីធ្លីជាមួយពលរដ្ឋរួច អង្គភាពសល់ដីចំនួន៨០ហិចតា ហើយបានធ្វើប័ណ្ណសម្គាល់អចលនវត្ថុឬប្លង់រឹងរួចហើយ ។

លោកបានបន្តថា : ក្នុងបន្ទាយនិងតាមដងផ្លូវឆ្លងកាត់ ក៏បានដាំកូនឈើនិងដាំដុះដំណាំកសិកម្មបន្តបន្ទាប់។ហើយការដាំកូនឈើចម្រុះចំនួន៨០០ដើម នាពេលនេះគឺបានមកពីរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្មនិងពីរដ្ឋបាលខេត្ត។

លោកឃ្លោន មួយ អភិបាលរងខេត្តបន្ទាយមានជ័យបានថ្លែងថា: កាលប្រារព្ធរុក្ខទិវា ឆ្នាំនេះ នៅថ្នាក់ខេត្ត បានដាំកូនឈើចំនួន ៦៥០ដើម ដែលមានប្រភេទបេង ធ្នង់ ក្រញូង ត្របែកព្រៃ ច័ន្ទគិរី ក្ងោកនិងចែកជូនកូនឈើរាប់ពាន់ដើមដើម្បីយកទៅដាំតាមកន្លែងនានា។ចំពោះចលនាប្រឡងប្រណាំងដាំកូនឈើ កន្លងមក ខេត្តទទួលបានកូនឈើចម្រុះចំនួន២៨.៨៧០ដើម ក្នុងនោះដាំបានជាង៧០%ហើយ ។គឺបានដាំកូនឈើនៅកន្លែងនានា រួមទាំងនៅបន្ទាយរថក្រោះនាស្រុកព្រះនេត្រព្រះនេះ ។

ឯកឧត្តមគង់ ចាន់វាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក៏ដូចឯកឧត្តមអន ស៊ុំ សមាជិកព្រឹទ្ធសភាបានថ្លែងស្រដៀងគ្នាថា :សកម្មភាពដ៏ផុលផុសដែលមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ អាជ្ញាធរ សមត្ថកិច្ច ប្រជាពលរដ្ឋ យុវជននិងអ្នកពាក់ព័ន្ធចូលរួមបន្តយុទ្ធនាការដាំដើមឈើឲ្យបានច្រើន នៅតាមអង្គភាពដូចជាបន្ទាយរថក្រោះនេះនិងកន្លែងដទៃទៀតពិតជាមានសារ:សំខាន់ដែលផ្តល់ជាម្លប់ ជាចំណីដង្ហើមសម្រាប់មនុស្ស សត្វដែលស្រូបយកឧស្ម័នអុកស៊ីសែន។
ហេតុនេះ សូមនាំគ្នាដាំកូនឈើឲ្យបានម្នាក់មួយដើមក្នុងមួយឆ្នាំ ដើម្បីលើកម្ពស់បរិស្ថាន សុខុមាលភាពសង្គមនិងកាត់បន្ថយបម្រែបម្រួលអាកាធាតុ៕ដោយ៖ឃិន គន្ធា