បើកការដ្ឋានសាងសងផ្លូវបេតុងប្រវែង៥៨៧ម៉ែត្រ ដែលជាគម្រោងមូលនិធិឃុំឆ្នាំ២០២៤ ស្ថិតនៅឃុំពង្រ

0

(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសងផ្លូវបេតុងប្រវែង ៥៨៧ម៉ែត្រ ទទឹង៥ម៉ែត្រ ស្ថិតនៅភូមិស្រះសំបួរ  ឃុំពង្រ ស្រុកតាំងគោក ខេត្តកំពង់ធំ។

      មានប្រសាសន៍ក្នុងពិធីបើកការរដ្ឋានសាងសង់ផ្លូវបេតុង លោកអភិបាលស្រុកតាំងគោក ថ្លែងថាផ្លូវបេតុងដែលនិងត្រូវសាងសង់នៅពេលនេះ គឺពិតជាមានសារៈសំខាន់ សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងឃុំពង្រ ក៏ដូចជាប្រជាពលរដ្ឋទូទាំងស្រុកតាំងគោកផងដែរ។ នៅពេលផ្លូវបេតុងនេះសាងសង់រួច សម្រួលដល់ការធ្វើដំណើរទៅវិញទៅមក ពិសេសមានភាពងាយស្រួលក្នុងការដឹកកសិផល របស់បងប្អូនប្រជាពលរដ្ឋនៅទូទាំងឃុំទៅកាន់ទីផ្សារ និងសម្រួលដល់ការសិក្សារៀនសូត្រដល់សិក្សានុសិស្សផងដែរ។

លោក ហាក់ ម៉ុងហួត ក៏បានសន្យាបន្តសាងសងផ្លូវបេតុងបន្ថែមទៀត នៅឃុំពង្រ​ ក្នុងស្រុកតាំងគោកនៅឆ្នាំក្រោយៗទៀត។ សមិទ្ធផលផ្លូវបេតុងនេះ គឺបានមកដោយសារប្រទេស មានសុខសន្តិភាព ស្ថេរភាព ពេញលេញទូទាំងប្រទេស ហើយកត្តាសន្តិភាពនេះហើយ ដែលបានធ្វើឱ្យប្រទេសមានការអភិវឌ្ឍ នៅគ្រប់កន្លែង និងគ្រប់វិស័យ។

លោក ហាក់ ម៉ុងហួត ក៏បានស្នើដល់អាជ្ញាធរស្រុក និងប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សាសន្តិភាពទាំងអស់គ្នា ដើម្បីឱ្យប្រទេសរបស់យើងបន្តអភិវឌ្ឍ និងរីកចម្រើនបន្ថែមទៀត។ សូមឱ្យប្រជាពលរដ្ឋទាំងអស់ ដែលប្រើប្រាស់ផ្លូវនេះ និងរស់នៅអមសងខាងផ្លូវ សូមមេត្តាជួយថែរក្សាផ្លូវឱ្យបានល្អប្រសើរ ដើម្បីជាប្រយោជន៍រួម ហើយការធ្វើដំណើរត្រូវមាន
ការប្រុងប្រយ័ត្នខ្ពស់ចៀសសវាងគ្រោះថ្នាក់ចរាចរណ៍ ដែលអាចកើតឡើងដោយយថាហេតុ។

លោកអភិបាលស្រុក បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលទាំងឡាយ ដែលរដ្ឋបាលឃុំសម្រេចបាន ដែលកើតចេញពីការរួបរួមសាមគ្គីគ្នា រវាងថ្នាក់ដឹកនាំ មន្ត្រីរាជការ ពិសេសការចូលរួម និងសហការបានល្អរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់។ ជំរុញឱ្យក្រុមហ៊ុន ដែលទទួលការសាងសង់ត្រូវធានាឱ្យបានតាមបទដ្ឋានបច្ចេកទេស ដើម្បីផ្លូវមានគុណភាព និងប្រើប្រាស់បានយូរអង្វែង ត្រូវបញ្ចប់ការសាងសង់តាមផែនការកំណត់ និងគ្រប់អ្នកពាក់ព័ន្ធទាំងអស់ត្រូវដើរតួនាទីជាអ្នកត្រួតពិនិត្យគុណភាពផ្លូវឱ្យបានហ្មត់ចត់បំផុត៕ អត្ថបទរដ្ឋបាលស្រុកតាំងគោក